ក្រសួងអប់រំ និងសហភាពសហព័ន្ធយុវជនកម្ពុជាបង្ហាញលទ្ធផលនៃកិច្ចសហការគ្នាលើការអភិវឌ្ឍកម្មវិធីសិក្សាតាមប្រព័ន្ធអេឡិចត្រូនិកលើទូរសព្ទ Android និង iOS
AKP ភ្នំពេញ ថ្ងៃទី០៦ ខែមករា ឆ្នាំ២០២១ -- ក្រសួងអប់រំ យុវជន និងកីឡា និងសហភាពសហព័ន្ធយុវជនកម្ពុជាបានសហការគ្នាដោយបង្ហាញនូវលទ្ធផលនៃការអភិវឌ្ឍកម្មវិធីសិក្សាតាមប្រព័ន្ធអេឡិចត្រូនិកលើទូរសព្ទ Android និង iOS ដើម្បីផ្ដល់ជូនតាមមុខវិជ្ជា និងមេរៀនដល់គ្រូបង្រៀន និងសិស្សានុសិស្ស។ កិច្ចប្រជុំ និងការបង្ហាញលទ្ធផលនេះ បានធ្វើឡើងនៅព្រឹកថ្ងៃទី០៦ ខែមករា ឆ្នាំ២០២១ ដោយមានការអញ្ជើញចូលរួមពីឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងឯកឧត្ដម ហ៊ុន ម៉ានី ប្រធានគណៈកម្មការអប់រំ យុវជន កីឡា ធម្មការ កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍នៃរដ្ឋសភា នៅទីស្ដីការក្រសួងអប់រំ។ នេះបើយោងតាមក្រសួងអប់រំ យុវជន និងកីឡា។

ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានមានប្រសាសន៍ថា កម្មវិធីសិក្សាតាមប្រព័ន្ធអេឡិចត្រូនិកតាមទូរសព្ទនេះ ផ្ដល់ដល់គ្រូបង្រៀន និងសិស្សានុសិស្សនូវ វីដេអូសិក្សាពីថ្នាក់ទី១ ដល់ថ្នាក់ទី១២ សៀវភៅសិក្សាអេឡិចត្រូនិកដូចជា សៀវភៅសិក្សាគោល ចំណេះដឹងទូទៅ រឿងនិទាន និងសៀវភៅភាសាបវរទេសជាដើម កម្មវិធីតេស្តសមត្ថភាពសិស្ស (Quiz) និងទំព័រព័ត៌មានអប់រំ។ ដោយឡែកមុខងារផ្សេងៗរបស់កម្មវិធីមានរាល់វីដេអូសិក្សា និងសៀវភៅ អាចទាញយក (Download) ទុកក្នុងទូរសព្ទសម្រាប់ប្រើប្រាស់ពេលទូរស័ព្ទមិនភ្ជាប់អ៊ីនធឺណិត (Offline) ឯកសារមេរៀននៅភ្ជាប់ជាមួយ វីដេអូនីមួយៗ សម្រាប់ជាជំនួយដល់សិស្ស និងអាចទាញយកមកប្រើប្រាស់បាន វេទិកាសំណួរ ចម្លើយនៅក្រោមវីដេអូសិក្សានីមួយៗ អាចប្រើប្រាស់បាន០៥គណនីលើទូរស័ព្ទតែមួយ តារាងកាលវិភាគសិក្សាផ្ទាល់ខ្លួន និងរម្លឹកពេលដល់ម៉ោងសិក្សា ក្រាបតាមដានចំនួនដងនៃការប្រើប្រាស់កម្មវិធី ភាគរយសិក្សាតាមមុខវិជ្ជា និងតាមមេរៀន និងតាមលទ្ធផលតេស្ត។

ជាមួយគ្នានេះ ក្នុងកិច្ចប្រជុំក៏មានការធ្វើបទបង្ហាញអំពីកម្មវិធីដោយក្រុមការងារអភិវឌ្ឍន៍កម្មវិធីជូនថ្នាក់ដឹកនាំ និងបានបើកការពិភាក្សាលើដំណើរការបញ្ចូលមាតិកាអប់រំនានារបស់ក្រសួងទៅក្នុងកម្មវិធី កំណត់ឈ្មោះផ្លូវការរបស់កម្មវិធី ការរក្សាទុកទិន្នន័យរបស់កម្មវិធី ការចុះឈ្មោះកម្មវិធីទៅក្នុងប្រព័ន្ធប្រតិបត្តិការ Android និង iOS ដើម្បីដាក់ឱ្យប្រើប្រាស់ និងត្រួតពិនិត្យលើលក្ខន្តិកៈនៃការប្រើប្រាស់កម្មវិធី។ ទន្ទឹមនេះ កិច្ចប្រជុំក៏មានការមសម្របសម្រួលដោយនាយកដ្ឋានបច្ចេកវិទ្យាព័ត៌មាន និងប្រមូលធាតុចូលពីនាយកដ្ឋានជំនាញមានដូចជា នាយកដ្ឋានមធ្យមសិក្សាចំណេះទូទៅ កិច្ចការប្រឡង បឋមសិក្សា អប់រំកុមារតូច អប់រំក្រៅប្រព័ន្ធ អប់រំពិសេស ប្រព័ន្ធព័ត៌មានគ្រប់គ្រងអប់រំ អភិវឌ្ឍកម្មវិធីសិក្សា និងគ្រឹះស្ថានបោះពុម្ព និងចែកផ្សាយ។

ឯកឧត្ដមបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក៏បានថ្លែងអំណរគុណចំពោះឯកឧត្ដម ហ៊ុន ម៉ានី និងក្រុមការងារអភិវឌ្ឍន៍កម្មវិធីទាំងអស់ដែលបានខិតខំប្រឹងប្រែងក្នុងការបង្កើតកម្មវិធីនេះឡើងស្របពេលដែលវិស័យអប់រំកំពុងមានតម្រូវការខ្លាំងលើការសិក្សាតាមប្រព័ន្ធអេឡិចត្រូនិក ដោយសាររងផលប៉ះពាល់ដោយសារវិបត្តិកូវីត-១៩ និងស្របតាមចក្ខុវិស័យរបស់ក្រសួងអប់រំ យុវជន និងកីឡា ក្នុងការលើកកម្ពស់ការអប់រំបែបឌីជីថល៕

ដោយ រិទ្ធី





