ACU ៖ គិតត្រឹមថ្ងៃ០៤ ខែមករា ទទួលបានឯកសារប្រកាសទ្រព្យសម្បត្តិ និងបំណុលពីមន្ត្រីពាក់ព័ន្ធបាន៥៦ភាគរយ
AKP ភ្នំពេញ ថ្ងៃទី០៦ ខែមករា ឆ្នាំ២០២១ -- អង្គភាពប្រឆាំងអំពើពុករលួយ (ACU) បានបញ្ជាក់ថា គិតមកដល់ត្រឹមថ្ងៃទី០៤ ខែមករា ឆ្នាំ២០២១ បានទទួលឯកសារប្រកាសទ្រព្យសម្បត្តិ និងបំណុលតាមរបប២ឆ្នាំបាន ៥៦ភាគរយ នៃចំនួនដែលត្រូវប្រកាស ហើយនៅសល់ប្រមាណ៤៤ភាគរយទៀត នឹងត្រូវ បញ្ចប់។ យោងតាមសេចក្តីជូនដំណឹងរបស់ក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ ដែលបាន បើកកិច្ចប្រជុំលើកទី៥ អាណត្តិទី៣ កាលពីថ្ងៃទី០៥ ខែមករា ឆ្នាំ២០២១ បានឱ្យដឹងថា បើគិត មកដល់ពេលនេះដែរ គឺមានក្រសួង-ស្ថាប័នចំនួន១ (គណៈកម្មាធិការជាតិរៀបចំ ការបោះឆ្នោត) និងខេត្តចំនួន៧ (ឧត្តរមានជ័យ សៀមរាប ត្បូងឃ្មុំ កំពង់ឆ្នាំង ក្រចេះ កំពង់ចាម និងកែប) បានបញ្ចប់ការប្រកាសរបស់ខ្លួន១០០ភាគរយហើយ។

ទាក់ទិនក្នុងរឿងនេះដែរ សេចក្តីជូនដំណឹងរបស់ក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ បានឱ្យដឹងពីអង្គភាពប្រឆាំងអំពើពុករលួយ អំពីការរឹបអូសផលនៃបទល្មើស ដែលកើតចេញពី អំពើបទល្មើសពុករលួយមួយចំនួនដូចជា ករណីអតីតអគ្គកុងស៊ុលប្រចាំក្រុងគន់ម៉ិញ ប្រទេសចិន ករណីអតីតប្រធានមន្ទីររៀបចំ ដែនដីនគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តពោធិ៍សាត់ និងករណីកោះរុង។ ដោយឡែកករណីនៅខេត្តបន្ទាយមានជ័យ ខេត្តស្វាយ រៀង ខេត្តកំពង់ស្ពឺ និងបណ្តឹងផ្សេងៗមួយចំនួនទៀត។

ក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយបានឱ្យដឹងដែរថា បើទោះបីជាក្នុងឆ្នាំ២០២០នេះ នៅបន្តជួបបញ្ហាកូវីដ១៩ក៏ដោយ ក៏ក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ បានវាយតម្លៃខ្ពស់ លើការខិតខំ ប្រឹងប្រែងអនុវត្តន៍ការងារប្រឆាំងអំពើពុករលួយរបស់អង្គភាព ប្រឆាំងអំពើពុក រលួយ ការច្នៃប្រឌិតអនុវត្តន៍ការងារជាក្រុមតូចៗ និងតាមអនឡាញយ៉ាងសកម្មលើ គ្រប់រូបភាព ទាំងវិស័យសាធារណៈ ឯកជន ការប្រកាសទ្រព្យសម្បត្តិ និងបំណុលតាម របប២ឆ្នាំ ឆ្នាំ២០២១ និងកិច្ចសហប្រតិបត្តិការអន្តរជាតិ ពង្រឹងការអនុវត្តអភិក្រមទាំង៥ របស់ សម្តេចតេជោនាយករដ្ឋមន្ត្រី ដើម្បីកាត់បន្ថយអំពើពុករលួយ ពង្រឹងសុចរិតភាព បង្កើនប្រាក់ ចំណូលជាតិ និងទទួលទំនុកចិត្តពីមហាជនមកលើរាជរដ្ឋាភិបាល៕

ដោយ អ៊ាង ប៊ុនរិទ្ធ





