ឯកឧត្ដម ឃួង ស្រេង ផ្ដល់អំណោយមនុស្សធម៌ ជាអង្ករដល់អនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌទាំង១៤ សម្រាប់ជួយជនងាយរងគ្រោះនៅតាមមូលដ្ឋានរបស់ខ្លួន
AKP ភ្នំពេញ ថ្ងៃទី០៦ ខែមករា ឆ្នាំ២០២១ -- ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈកម្មាធិការសាខា កាកបាទក្រហមកម្ពុជារាជធានីភ្នំពេញ នៅរសៀលនៅថ្ងៃទី០៦ ខែមករា ឆ្នាំ២០២១ បានផ្ដល់ អំណោយមនុស្សធម៌ជាអង្ករ ជូនដល់អនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌទាំង១៤ ដោយ ក្នុងមួយខណ្ឌទទួលបានអង្ករចំនួន ១០តោន សម្រាប់ទុកចែកជូនប្រជាពលរដ្ឋរងគ្រោះ និង ងាយរងគ្រោះ ក្នុងរាជធានីភ្នំពេញ។

នៅក្នុងពិធីជួបសំណេះសំណាល និងប្រគល់អំណោយមនុស្សធម៌ជាអង្ករ ជូនដល់ អនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌទាំង១៤ នៅសាខាកាកបាទក្រហមរាជធានីនេះ ឯកឧត្ដម ឃួង ស្រេង បានបញ្ជាក់ថា អង្ករទំាងនេះគឺជាអំណោយមនុស្សធម៌ដ៏ថ្លៃថ្លារបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានប្រគល់ជូន អនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌទាំង១៤ ក្នុងរាជធានីភ្នំពេញ ដោយក្នុងមួយ អនុសាខាទទួលបានអង្ករចំនួន ១០តោន។
ឯកឧត្តមបន្តថា អង្ករដែលបានប្រគល់ជូនអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌ ទាំង១៤ក្នុងឱកាសនេះ គឺសម្រាប់ទុកចែកជូនលោកតា លោកយាយ បងប្អូនប្រជាពលរដ្ឋមាន ជីវភាពខ្វះខាតរួមមាន៖ ជនពិការ ចាស់ជរាគ្មាន ទីពឹង ស្ត្រីមេម៉ាយក្រីក្រមានកូនច្រើន អ្នកផ្ទុក មេរោគអេដស៍/ជំងឺអេដស៍ ទុរគតជននៅតាមសហគមន៍ និងជាពិសេសជូនប្រជាពលរដ្ឋដែល រងផលប៉ះពាល់ក្នុងដំណាក់កាលនៃការរីករាលដាលជំងឺកូវីដ-១៩ នៅតាមបណ្តាខណ្ឌទាំង១៤ ក្នុងរាជធានីភ្នំពេញ។

ឯកឧត្ដមបានណែនាំដល់អនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌទាំង១៤ ត្រូវផ្តល់ អំណោយទាំងនេះឱ្យដល់ដៃប្រជាពលរដ្ឋ តាមរយៈការចុះសួរសុខទុក្ខតាមខ្នងផ្ទះ ដោយ ចៀសវាងការជួបជុំក្នុងទ្រង់ទ្រាយធំ ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩។
ឯកឧត្ដមបានបន្តថា កម្ពុជាក្រោមការចង្អុលបង្ហាញ ជាប្រចាំពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធានកាកបាទក្រហមកម្ពុជា បានប្រើប្រាស់ធនធានរបស់ខ្លួន ដើម្បីឆ្លើយតប ការចែករំលែក ការលំបាករបស់បងប្អូនប្រជាពលរដ្ឋ និងបានបំពេញនូវបេសកកម្មមនុស្សធម៌ជាច្រើន ក្នុងការ ជួយសង្គ្រោះដល់ជនរងគ្រោះ និងជនងាយរងគ្រោះ ដែលបានកើតមានក្នុង មូលដ្ឋាន រាជធានីភ្នំពេញដូចជា គ្រោះអគ្គិភ័យ ខ្យល់កន្ត្រាក់ គ្រោះរាំងស្ងួត បាក់ច្រាំងទន្លេ គ្រោះថ្នាក់ចរាចរណ៍ និងប្រជាពលរដ្ឋដែលជួបការលំបាកខ្លាំងក្នុងដំណាក់កាលរីករាលដាល នៃជំងឺកូវីដ-១៩នេះ ស្របតាមទិសស្លោកទីណាមានការលំបាក ទីនោះមានកាកបាទ ក្រហមកម្ពុជា៕
ដោយ សួស សំរិត





