គណៈកម្មការមូលបត្រកម្ពុជាអនុម័តគម្រោងថវិការបស់គណៈកម្មការមូលបត្រកម្ពុជា និងការផ្តល់អាជ្ញាបណ្ណដល់ក្រុមហ៊ុនផ្សេងៗ
AKP ភ្នំពេញ ថ្ងៃទី០៦ ខែមករា ឆ្នាំ២០២១ -- គណៈកម្មការមូលបត្រកម្ពុជា សម្រេចអនុម័តគម្រោងថវិការបស់គណៈកម្មការមូលបត្រកម្ពុជា គ.ម.ក. សម្រាប់ឆ្នាំ២០២១, អនុម័តសេចក្តីព្រាងប្រកាសស្តីពីកាតព្វកិច្ចផ្តល់របាយការណ៍ ជូនដំណឹង និងស្នើសុំការអនុញ្ញាតរបស់ក្រុមហ៊ុនសមភាគីកណ្តាល និងឈ្មួញជើងសាឧបករណ៍និស្សន្ទ និងការអនុម័តទៅលើក្រុមហ៊ុន ៤ តាមគោលការនៃការស្នើសុំ ។

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មការមូលបត្រកម្ពុជា (គ.ម.ក.) បានបើកកិច្ចប្រជុំគណៈកម្មការមូលបត្រកម្ពុជា លើកទី ៦២ នៅថ្ងៃទី ៥ ខែ មករា ឆ្នាំ ២០២១ ដើម្បីពិភាក្សា ការផ្លាស់ប្តូរយោបល់ទាំងកម្រិតបច្ចេកទេស និងគោលនយោបាយលើឯកសារ ក្នុងនោះគណៈកម្មការមូលបត្រកម្ពុជាបានសម្រេច អនុម័តគម្រោងថវិការបស់គណៈកម្មការមូលបត្រកម្ពុជា (គ.ម.ក) សម្រាប់ឆ្នាំ២០២១, និងការអនុម័តសេចក្តីព្រាងប្រកាស ស្តីពីកាតព្វកិច្ចផ្តល់របាយការណ៍ ជូនដំណឹង និងស្នើសុំការអនុញ្ញាតរបស់ក្រុមហ៊ុនសមភាគីកណ្តាល និងឈ្មួញជើងសាឧបករណ៍និស្សន្ទ។

ក្រៅពីគោលការណ៍ខាងលើ, គណៈកម្មការមូលបត្រកម្ពុជា បានអនុម័ត និងផ្តល់ជាគោលការណ៍ជូនក្រុមហ៊ុនចំនួន៤ ផ្សេងទៀតរួមមាន៖ អនុម័តដោយផ្តល់ការអនុញ្ញាតជាគោលការណ៍ លើការស្នើសុំអាជ្ញាបណ្ណ ក្រុមហ៊ុនថែរក្សាទ្រព្យសម្បត្តិជំនួសរបស់ក្រុមហ៊ុន មូនហ្គាន់វ៉ា (ខេមបូឌា) ត្រាស់ ម.ក ។ អនុម័តផ្តល់ឱ្យក្រុមហ៊ុនគ្រប់គ្រងមូលនិធិរបស់ ក្រុមហ៊ុន អមរា ឃែភីថល ម.ក និងក្រុមហ៊ុន អេចស៊ីអេហ្វអិម ហ្វាន់ មេនេចម៉ិន ម.ក ។ ការអនុម័តលើការស្នើសុំអាជ្ញាបណ្ណឈ្មួញជើងសាឧបករណ៍និស្សន្ទរបស់ក្រុមហ៊ុន វីម៉ាន់នី ឯ.ក និងការអនុម័តជាគោលការណ៍ លើសំណើសុំការអនុញ្ញាតបន្ថែមផលិតផលឧបករណ៍និស្សន្ទ ដែលត្រូវធ្វើការជួញដូររបស់ក្រុមហ៊ុន ភ្នំពេញ ដេរីវ៉េទីវ អ៊ិចឆេង ភីអិលស៊ី ផងដែរ។
ក្នុងកិច្ចប្រជុំនេះ, ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី ស្នើឱ្យគណៈកម្មការមូលបត្រកម្ពុជាទាំងអស់ សូមបន្តកិច្ចខិតខំប្រឹងប្រែងបន្ថែមទៀត ក្នុងការបំពេញតួនាទី ភារកិច្ចរបស់ខ្លួន ដែលក្រសួងបានប្រគល់ជូន ដើម្បីប្តូរមកវិញនូវផលប្រយោជន៍សម្រាប់ការអភិវឌ្ឍជាតិ ជំរុញកំណើនសេដ្ឋកិច្ចនៅកម្ពុជា៕
ដោយ ៖ គង់ សិរីរ័ត្ន, រូបថត ៖ ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ





