អនុព័ន្ធពាណិជ្ជកម្មកម្ពុជាប្រចាំប្រទេសថៃចូលរួមពិធីចុះហត្ថលេខាលើពិធីសារដើម្បីធ្វើវិសោធនកម្មកិច្ចព្រមព្រៀងទទួលស្គាល់គ្នាទៅវិញទៅមកអាស៊ានស្តីពីវិស័យទេសចរណ៍
AKP ភ្នំពេញ ថ្ងៃទី០៦ ខែមករា ឆ្នាំ២០២០ -- លោក ហេង សុវណ្ណារិទ្ធ អនុព័ន្ធពាណិជ្ជកម្មកម្ពុជា តំណាង ឯកឧត្តម អ៊ូក សោភ័ណ ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសថៃ បានចូលរួមក្នុងពិធីចុះហត្ថលេខាលើពិធីសារ ដើម្បីធ្វើវិសោធនកម្មកិច្ចព្រមព្រៀងទទួលស្គាល់គ្នាទៅវិញទៅមកអាស៊ាន (MRA) ស្តីពីវិស័យ ទេសចរណ៍ ដែលរៀបចំឡើងនៅក្រសួងទេសចរណ៍ និងកីឡាថៃ កាលពីរសៀលថ្ងៃទី០៥ ខែមករា ឆ្នាំ២០២១ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម ភីផាត់ រ៉ាត់ចាក់គិតប្រាកន (Phiphat Ratchakitprakarn) រដ្ឋមន្រ្ដីក្រសួងទេសចរណ៍ និងកីឡាថៃ ។ នេះបើយោងតាមស្ថានទូតកម្ពុជាប្រចាំប្រទេសថៃ។

បើតាមស្ថានទូតបានឱ្យដឹងថា កិច្ចព្រមព្រៀងនេះ ត្រូវបានចុះហត្ថលេខាលើកដំបូងក្នុងឆ្នាំ២០១២ ដោយរដ្ឋជាសមាជិកអាស៊ាន ដើម្បីជួយសម្រួលដល់ការចល័តនៃអ្នកជំនាញទេសចរ ការផ្លាស់ប្តូរព័ត៌មានស្តីពីឧត្តរមានុវត្តន៍ (ការអនុវត្តល្អបំផុត) ខាងផ្នែកអប់រំ និងបណ្តុះបណ្តាលវិជ្ជាជីវៈផ្អែកលើសមត្ថភាព សម្រាប់អ្នកជំនាញទេសចរ ក៏ដូចជាផ្តល់ឱកាសសម្រាប់កិច្ចសហប្រតិបត្តិការ និងការកសាងសមត្ថភាពទូទាំងតំបន់អាស៊ាន។ ជាមួយគ្នានេះ កិច្ចព្រមព្រៀងដែលបានធ្វើវិសោធនកម្មថ្ងៃនេះ នឹងបើកផ្លូវឱ្យមានការទទួលស្គាល់នូវតំណែងការងារ ៣២ នៅក្នុងឧស្សាហកម្មចំនួនពីរ រួមមាន សេវាកម្មសណ្ឋាគារ និងសេវាកម្មទេសចរណ៍។ លើសពីនេះទៀត វិស័យទាំងនេះ ក៏បានគ្របដណ្តប់លើផ្នែកផ្សេងទៀតដូចជា ការរៀបចំប្រជុំ, ការលើកទឹកចិត្ត, ការធ្វើសន្និបាត និងការតាំងពិព័រណ៍ (MICE) ព្រមទាំងអ្នកបង្កើតព្រឹត្តិការណ៍អាជីព និងផ្នែកផ្សេងៗទៀត ទាក់ទងឧស្សាហកម្មទេសចរណ៍ ដែលនឹងជួយបង្កើនភាពប្រកួតប្រជែងនៃអ្នកជំនាញវិស័យទេសចរណ៍ និងឧស្សាហកម្ម MICE ព្រមទាំងជំរុញការធ្វើពាណិជ្ជកម្មនៅក្នុងវិស័យទេសចរណ៍ និងសេវាកម្ម MICE នៅក្នុងតំបន់៕



ដោយ រិទ្ធី





