អនុប្រធានទី១ អាជ្ញាធរមីន៖ សហគមន៍ផ្តល់ជំនួយវាយតម្លៃខ្ពស់ចំពោះការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់ដាក់ចេញនូវគោលដៅបញ្ចប់ការគំរាមដោយសារមីន
AKP ភ្នំពេញ ថ្ងៃទី០៦ ខែមករា ឆ្នាំ២០២១ -- ឯកឧត្តម ទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីនបានលើកឡើងថា សហគមន៍ផ្តល់ជំនួយបានវាយតម្លៃខ្ពស់ចំពោះការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលបានដាក់ចេញនូវទស្សនវិស័យ និងគោលដៅច្បាស់លាស់ក្នុងការបញ្ចប់ការគំរាមកំហែងដោយសារមីននៅក្នុងប្រទេសកម្ពុជា។ នេះបើយោងតាមផេកផ្លូវការរបស់ឯកឧត្តម ទេសរដ្ឋមន្ត្រី ក្នុងកិច្ចប្រជុំក្រុមប្រឹក្សាភិបាលគម្រោងបោសសម្អាតមីនដើម្បីលទ្ធផលដំណាក់កាលទី៤ ដែលមានការអញ្ជើញចូលរួមពីតំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ប្រទេសផ្តល់ជំនួយ និងដៃគូអភិវឌ្ឍន៍ ក្នុងនោះរួមមាន អង្គការ UNDP ប្រទេសអូស្ត្រាលី ភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសកូរ៉េ(KOICA) និងប្រទេសនូវែលសេឡង់ ដើម្បីពិនិត្យលទ្ធផលដែលសម្រេចបានក្នុងឆ្នាំ២០២០ និងផែនការសកម្មភាពការងារឆ្នាំ២០២១។ កិច្ចប្រជុំនេះ បានធ្វើឡើង នាព្រឹកថ្ងៃទី០៦ ខែមករា ឆ្នាំ២០២១។

ឯកឧត្តម ទេសរដ្ឋមន្ត្រី លី ធុជ បានគូសបញ្ជាក់ថា ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា សូមវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង និងសមិទ្ធផលនានានៃការអនុវត្តគម្រោងបោសសម្អាតមីនដើម្បីលទ្ធផលចាប់តាំងពីឆ្នាំ២០០៦ នៅខេត្តបាត់ដំបង ប៉ៃលិន និងខេត្ដបន្ទាយមានជ័យ ដែលគិតត្រឹមខែវិច្ឆិកា ឆ្នាំ២០២០ ដែលការអនុវត្តគម្រោងនេះ បានរំដោះផ្ទៃដី និងផ្តល់ដីមានសុវត្ថិភាពប្រមាណ ២៥៤ គីឡូម៉ែត្រក្រឡា និងមានប្រជាពលរដ្ឋទទួលផលប្រមាណជាង ១ លាននាក់។ ឯកឧត្ដមទេសរដ្ឋមន្រ្ដីបានមានប្រសាសន៍ថា ការគាំទ្ររួមគ្នារបស់ម្ចាស់ជំនួយ និងអង្គការ UNDP ត្រូវបានវាយតម្លៃខ្ពស់ដោយរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ជាពិសេសសហគមន៍ដែលរស់នៅក្នុងតំបន់រងគ្រោះដោយសារគ្រាប់មីន ដែលការប្តេជ្ញាចិត្តនេះ គឺមានសារៈសំខាន់ណាស់ ក្នុងខណៈពេលដែលយើងទាំងអស់គ្នាបន្តពង្រឹងកិច្ចខិតខំប្រឹងប្រែង និងគោលដៅរួមគ្នា ឆ្ពោះទៅរកការសម្រេចបាននូវកម្ពុជាដែលគ្មានមីននៅឆ្នាំ ២០២៥ ។

ឯកឧត្ដមទេសរដ្ឋមន្រ្ដីក៏បានចាត់ទុកកម្មវិធីអភិវឌ្ឍន៍នៃអង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា (UNDP) គឺជាដៃគូការងារដ៏រឹងមាំ និងធ្វើការងារមិនខ្លាចការនឿយហត់ជាមួយអាជ្ញាធរមីន ដែលបានចូលរួមយ៉ាងសកម្ម ក្នុងការស្វែងរកការគាំទ្រដល់គម្រោងបោសសម្អាតមីនដើម្បីលទ្ធផល ទាំងផ្នែកថវិកា សម្ភារ និងការផ្តល់ប្រឹក្សាបច្ចេកទេស ចាប់តាំងពី ដំណើរការក្នុងឆ្នាំ២០០៦។ ជាមួយគ្នានេះ ឯកឧត្ដមទេសរដ្ឋមន្រ្ដីក៏បានថ្លែងអំណរគុណចំពោះការបន្តគាំទ្រដ៏សប្បុរសជាមួយរាជរដ្ឋាភិបាលកម្ពុជា ដែលផ្តល់ដោយប្រជាជន និងរដ្ឋាភិបាលអូស្រ្តាលី សាធារណរដ្ឋកូរ៉េ និងនូវែលសេឡង់ ក្នុងចំណោមប្រទេសដទៃទៀត ដើម្បីចូលរួមការងារបោសសម្អាតមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមនៅកម្ពុជា តាមរយៈគម្រោងបោសសម្អាតមីនដើម្បីលទ្ធផលដំណាក់កាលទី៤។ លើសពីនេះទៀត បើទោះបីជាជំងឺរាតត្បាត Covid-19 ប្រតិបត្ដិការបោសសម្អាតមីននៅកម្ពុជា បានបន្តដោយជោគជ័យ និងដោយសុវត្ថិភាព។ ឯកឧត្ដមទេសរដ្ឋមន្រ្តីបានអំណរគុណចំពោះការខិតខំប្រឹងប្រែង និងវីរភាពអ្នកដោះមីនរបស់យើង ដោយធ្វើការទាំងប្រថុយប្រថាន និងមិនខ្លាចញញើតតាមបណ្តាអង្គការរៀងៗខ្លួន។

ក្នុងឱកាសនោះដែរ តំណាងសហគមន៍ម្ចាស់ជំនួយ រួមទាំងតំណាងអង្គការ UNDP ប្រចាំកម្ពុជាក៏បានវាយតម្លៃខ្ពស់ចំពោះការដឹកនាំរបស់សម្តេចតេជោនាយករដ្ឋមន្រ្តី និងជាប្រធានអាជ្ញាធរមីន ដែលបានដាក់ចេញនូវទស្សនវិស័យ និងគោលដៅយ៉ាងច្បាស់លាស់ក្នុងការបញ្ចប់ការគំរាមកំហែងដោយសារមីន។
សូមបញ្ជាក់ផងដែរថា ក្រៅពីម្ចាស់ជំនួយក្នុងគម្រោង CFR-4 វិស័យមីននៅកម្ពុជា មានការគាំទ្រពីប្រទេសម្ចាស់ជំនួយដទៃទៀត រួមមាន សហរដ្ឋអាមេរិក អង់គ្លេស ជប៉ុន ន័រវែស ចិន កាណាដា អាល្លឺម៉ង់ ស្វ៊ីស អៀរឡង់ UNDP និង UNICEF ព្រមទាំងមូលនិធិ អង្គការសង្គមស៊ីវិល និងសប្បុរសជន ផងដែរ៕
ដោយ រិទ្ធី





