ជនរងគ្រោះជាង១.៧០០គ្រួសារ នៅក្នុងស្រុកឯកភ្នំ ទទួលនូវអំណោយពីអង្គការមូលនិធិសប្បុរសធម៌ឆឺជី
AKP បាត់ដំបង ថ្ងៃទី០៦ ខែមករា ឆ្នាំ២០២១--នៅថ្ងៃ៧រោច ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃអង្គារ ទី០៥ ខែមករា ឆ្នាំ២០២១ ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង បានអញ្ជើញចូលរួមក្នុងពិធីចែកអំណោយដល់គ្រួសារក្រីក្រដោយសារទឹកជំនន់ ចំនួន ១.៧៥៤គ្រួសារដែលរងគ្រោះដោយសារជំនន់ទឹកភ្លៀងនៅក្នុងស្រុកឯកភ្នំ នាពេលកន្លងទៅ។

អំណោយទាំងនោះមានគ្រឿងឧបភោគបរិភោគ គឺជាអំណោយរបស់អង្គការមូលនិធិសប្បុរសធម៌ឆឺជី(Tzu Chi ) ព្រមទាំងមានការសហការរៀបចំ និងសម្របសម្រួលដោយសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ ក្រុមការងារសិស្ស និស្សិតអាហារូបករណ៍សម្ដេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ខេត្តបាត់ដំបង-បន្ទាយមានជ័យ និងសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) ស្រុកឯកភ្នំ នៅរោងចក្រ Golden Doun Keo Rice Mill Ltd ស្ថិតក្នុងឃុំពាមឯក ស្រុកឯកភ្នំ ខេត្តបាត់ដំបង ។

ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង បានមានប្រសាសន៍ថា ដោយសារឆ្នាំ២០២០កន្លងមកថ្មីនេះ មានបញ្ហាប្រឈមជាច្រើន ដែលបញ្ហាចម្បងនោះគឺការរីករាលដាលនៃជំងឺកូវីដ-១៩ ដែលរាជរដ្ឋាភិបាលបានចេញវិធានការទប់ស្កាត់ការរីករាលដាលក្នុងសហគមន៍ ហើយក្រោយមកគឺរងគ្រោះដោយសារជំនន់ទឹកភ្លៀងពីផ្នែកខាងលើខ្លាំង បណ្ដាលឱ្យជន់លិច ហើយបានធ្វើឱ្យប៉ះពាល់ដំណាំកសិកម្ម ផ្ទះសម្បែងប្រជាពលរដ្ឋ ព្រមទាំងបង្អាក់ការប្រកបអាជីវកម្មប្រជាពលរដ្ឋផងដែរ ។ គិតមកដល់ពេលនេះប្រជាពលរដ្ឋរងគ្រោះជាង ១៣ម៉ឺនគ្រួ សារ ដែលរងគ្រោះដោយសារទឹកជំនន់ បានទទួលអំណោយពីរដ្ឋបាលខេត្តបាត់ដំបង និងសប្បុរសជននានា ដែលបានជួយឧបត្ថម្ភដល់គ្រួសាររងគ្រោះ ក្នុងការដោះគ្រាលំបាកបានមួយរយៈពេលខ្លី ។

ឯកឧត្តម អភិបាលខេត្តបាត់ដំបង បានកោតសរសើរ និងថ្លែងអំណរគុណដល់អង្គការមូលនិធិសប្បុរសធម៌ឆឺជី ដែលបានរៀបចំការចែកជូនជាអំណោយដល់ប្រជាពលរដ្ឋរងគ្រោះដោយសារទឹកជំនន់កន្លងមក ។ នេះបានបង្ហាញពីការស្រឡាញ់គ្នាទៅវិញទៅមក មិនប្រកាន់ការរើសអើងពូជសាសន៍ ពណ៌សម្បុរភេទអ្វីឡើយ គឺជួយគ្នាដោយចិត្តនឹងចិត្ត ក្នុងនាមជាមនុស្សធម៌ ជាមនុស្សដែលរស់នៅក្នុងសកលលោករួមគ្នាផងដែរ ។
ឯកឧត្តម ងួន រតនៈ ក៏បានធ្វើការអំពាវនាវដល់ប្រជាពលរដ្ឋបន្តធ្វើការប្រុងប្រយ័ត្នជាប់ជានិច្ច ជាពិសេសការរក្សាអនាម័យក្នុងសម័យកាលនៃជំងឺកូវីដ-១៩នេះ ដោយត្រូវធ្វើយ៉ាងណាចូលរួមទប់ស្កាត់ការរីករាលដាលក្នុងសហគមន៍ និងអំពាវនាវដល់ពលករចំណាកស្រុកនៅប្រទេសថៃ សូមព្យាយាមនៅក្នុងប្រទេសថៃ កុំទាន់មកចូលស្រុកវិញក្នុងកំឡុងពេលនេះ ព្រោះប្រទេសថៃកំពុងជាប់ភារកិច្ចក្នុងការទប់ស្កាត់ជាសហគមន៍ហើយយើងក៏ត្រូវចូលរួមទប់ស្កាត់ផងដែរ ៕
ដោយ ណយ នឿន (ប្រភព:រដ្ឋបាលខេត្តបាត់ដំបង)





