ក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យ បើកកិច្ចប្រជុំសាមញ្ញលើកទី១៩ អាណត្តិទី៣ ដើម្បីពិនិត្យមើលការអនុវត្តការងាររបស់រដ្ឋបាលខេត្ត
AKP បន្ទាយមានជ័យ ថ្ងៃទី០៥ ខែមករា ឆ្នាំ២០២០ -- ក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃទី០៥ ខែមករា ឆ្នាំ២០២១នេះ បានបើកកិច្ចប្រជុំសាមញ្ញលើកទី១៩ អាណត្តិទី៣ ដើម្បីពិនិត្យមើលការអនុវត្តការងាររបស់ខ្លួន ក្រោមវត្តមានឯកឧត្តម ខេង ស៊ុម ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្ត និងមានការអញ្ជើញចូលរួមពីសមាជិកក្រុមប្រឹក្សាខេត្តអភិបាលរងខេត្ត ថ្នាក់ដឹកនាំ មន្ទីរ អង្គភាពជុំវិញខេត្ត និងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀត។

នៅក្នុងកិច្ចប្រជុំនេះឯកឧត្តម ខេង ស៊ុម ប្រធានក្រុមប្រឹក្សាខេត្ត បានលើកឡើងថា ដើម្បីឱ្យខេត្តបន្ទាយមានជ័យមានការអភិវឌ្ឍន៍ប្រកបដោយចីរភាពនោះក្នុង នាមទាំងអស់គ្នា ជាថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ចាប់តាំងពីថ្នាក់លើដល់ថ្នាក់ក្រោម គឺត្រូវមានទំនួលខុស ត្រូវខ្ពស់លើការបំពេញភារកិច្ចរបស់ខ្លួនឱ្យបានខ្ជាប់ខ្ជួន។
ជាមួយនោះឯកឧត្តមក៏បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះរដ្ឋបាលខេត្ត ដែលបានផ្តោតការយកចិត្តទុកដាក់ខិតខំប្រឹងប្រែងបំពេញការងារ និងដោះស្រាយបញ្ហា ប្រឈមនានាដែលកើតមានឡើងកន្លងមកនេះឱ្យទទួលបានលទ្ធផលល្អ។ ពិសេសបានបង្កើនពង្រឹងការថែរក្សាការពារសន្តិសុខសណ្តាប់ធ្នាប់សង្គមការរួមគ្នាអនុវត្តបទបញ្ជារបស់រាជរដ្ឋាភិបាល និងសេចក្តីណែនាំរបស់ក្រសួង សុខាភិបាលស្តីពី ការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩មិនឱ្យឆ្លងរីករាលដាលចូលក្នុងសហគមន៍និងជំរុញល្បឿនការអភិវឌ្ឍខេត្តធ្វើឱ្យមានការរីកចម្រើនជាបន្តបន្ទាប់នោះ។

ឯកឧត្តម ខេង ស៊ុម ក៏បានក្រើនរម្លឹកដោយជំរុញដល់មន្រ្តីរាជការ បណ្តាមន្ទីរអង្គភាពជំនាញអាជ្ញាធរដែនដីគ្រប់ជាន់ថ្នាក់ទាំងអស់ ត្រូវខិតខំបន្តបំពេញ ការងារជំនាញរបស់ខ្លួនឱ្យបានល្អថែមទៀត និងត្រូវធ្វើរបាយការណ៍ជូនដល់ ថ្នាក់ដឹកនាំឱ្យបានលឿន និងត្រឹមត្រូវច្បាស់លាស់។
ជាមួយនោះឯកឧត្តម ខេង ស៊ុម ក៏បានជំរុញដល់អាជ្ញាធរ សមត្ថកិច្ច កម្លាំងប្រដាប់អាវុធនៅតាមព្រំដែនត្រូវពង្រឹងការគ្រប់គ្រងឱ្យបានតឹងរឹង ចំពោះប្រជា ពលរដ្ឋខ្មែរដែលទៅធ្វើការវិលត្រឡប់ពីប្រទេសថៃត្រូវបញ្ជូនមកកាន់មណ្ឌលធ្វើចត្តាឡីស័កចំនួន១៤ថ្ងៃតាមការណែនាំរបស់ក្រសួងសុខាភិបាលឱ្យបានត្រឹមត្រូវនោះ។

ក្នុងឱកាសនោះដែរអភិបាលខេត្តបន្ទាយមានជ័យឯកឧត្តម អ៊ុំ រាត្រី បានឱ្យដឹងថា ចំពោះការចុះជួយតាមមូលដ្ឋានរបស់ប្រធានអនុប្រធានមន្ទីរអង្គភាពពិតជាមានសារៈសំខាន់ណាស់ក្នុងការដឹងពីសុខទុក្ខ និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។
ទន្ទឹមនេះ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ត្រូវពង្រឹង កិច្ចសហការការពារសន្តិសុខសណ្តាប់សាធារណៈឱ្យបានល្អប្រសើរថែមទៀត បន្តរួមគ្នាប្រយុទ្ធនឹងជំងឺកូវីដ១៩ ដើម្បីផ្តល់ឱកាសដល់ប្រជាពលរដ្ឋប្រកបរបររកស៊ីចិញ្ចឹមជីវិត និងរស់នៅមានសេចក្តីសុខសាន្តគ្រប់ពេលវេលានោះ៕
ដោយ ឈុន សារ៉ាត





