ឯកឧត្ដម វ៉ា ថន អញ្ជើញបើកកិច្ចប្រជុំគណៈកម្មាធិការសម្របសម្រួលបច្ចេកទេសខេត្តក្រចេះ ដើម្បីពិនិត្យ និងផ្តល់យោបល់លើសេចក្តីព្រាងកម្មវិធីវិនិយោគបីឆ្នាំរំកិល ២០២១-២០២៣
AKP ក្រចេះ ថ្ងៃទី០៥ ខែមករា ឆ្នាំ២០២១ -- ឯកឧត្ដម វ៉ា ថន អភិបាលនៃគណៈអភិបាលខេត្តក្រចេះ បានបើកកិច្ចប្រជុំ គណៈកម្មាធិការសម្របសម្រួលបច្ចេកទេសខេត្ត ដើម្បីពិនិត្យ និងផ្តល់យោបល់លើសេចក្តី ព្រាងកម្មវិធីវិនិយោគបីឆ្នាំរំកិល ២០២១-២០២៣ កាលពីព្រឹកថ្ងៃអង្គារ ៧រោច ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី០៥ ខែមករា ឆ្នាំ២០២១។

នៅក្នុងកិច្ចប្រជុំនោះឯកឧត្តម វ៉ា ថន អភិបាលនៃគណៈអភិបាលខេត្តបានធ្វើការកោត សរសើរនិងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹង ប្រែងរបស់ក្រុមការងារកសាងផែនការខេត្ត ក្នុងការសម្របសម្រួល ប្រមូលចងក្រងឯកសារ បូកសរុបតារាងគម្រោងនានា ព្រមទាំងតាក់តែងរៀបចំជាសេចក្តីព្រាងកម្មវិធីវិនិយោគបីឆ្នាំរំកិល ២០២១-២០២៣ ដែលបានដាក់ឆ្លងក្នុងកិច្ច ប្រជុំគណៈកម្មាធិការសម្របសម្រួលបច្ចេកទេសខេត្តនាពេលនេះ។
ឯកឧត្ដមអភិបាលខេត្តបញ្ជាក់ថា កិច្ចប្រជុំនេះជាសកម្មភាពចុងក្រោយនៃជំហានទី២ ដែលមិនអាចខ្វះបានមុននឹងដាក់ជូនក្រុមប្រឹក្សាខេត្តពិនិត្យនិងអនុម័ត។ ឯកឧត្ដម បានបន្តថា ការធ្វើផែនការគឺជាការផ្សារភ្ជាប់គ្នាពីថ្នាក់ខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ ភូមិ ហើយមិន តម្រូវឱ្យជាន់គ្នានូវគម្រោងដែលលើកនោះឡើយ។ ឯកឧត្ដមបញ្ជាក់ទៀតថា ហើយអ្វីដែល បាន ធ្វើគឺផ្អែកលើមូលដ្ឋានគោលនយោបាយផែនការរបស់ថ្នាក់ក្រោមជាតិ និងយោងលិខិត បទដ្ឋានគតិយុត្តដែលមានក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្រសួងផែនការនិងក្រសួងមហាផ្ទៃ។

ឯកឧត្តម វ៉ា ថន អភិបាលនៃគណៈអភិបាលខេត្តក្រចេះ បានធ្វើការផ្តាំផ្ញើ និងណែនាំអំពីការងារនិងនីតិវិធីមួយចំនួននៃរដ្ឋបាលថ្នាក់ក្រោមជាតិដែលមាន ៣ថ្នាក់ គឺរដ្ឋបាលខេត្ត រដ្ឋបាលក្រុង រដ្ឋបាលស្រុក និងរដ្ឋបាលឃុំ សង្កាត់ ដែលរដ្ឋបាលនីមួយៗ ត្រូវរៀបចំផែនការអភវិឌ្ឍន៍ប្រាំឆ្នាំ តាមអាណត្តិក្រុមប្រឹក្សានិងកម្មវិធីវិនិយោគបីឆ្នាំរំកិល។ ឯកឧត្ដមបញ្ជាក់ថា ក្នុងច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់ និងច្បាប់ស្តីពីការ គ្រប់ គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ គឺអភិបាលខេត្ត អភិបាលក្រុង អភិបាល ស្រុក និងមេឃុំ ចៅសង្កាត់គឺជាប្រធានក្រុមការ ងារកសាងផែនការក្នុងការដឹកនាំ រៀបចំផែនការ អភិវឌ្ឍន៍និងកម្មវិធីវិនិយោគ ដែលមានសមាជិកអចិន្រ្តៃយ៍ ជាអ្នកសម្របសម្រួលបច្ចេកទេស ៕
ដោយ ជួន សុជាតិ





