អាជ្ញាធរស្រុកសំរោង ទទួលបានឡដុតសំរាមតម្លៃ ១០ម៉ឺនដុល្លារអាម៉េរិក ពីក្រសួងបរិស្ថាន
AKP តាកែវ ថ្ងៃទី០៥ ខែមករា ឆ្នាំ២០២១ -- ក្រសួងបរិស្ថានបានផ្តល់ឡដុតសំរាមមួយដែលតម្លៃប្រមាណ១០ម៉ឺនដុល្លារ សហរដ្ឋអាមេរិក ដល់អាជ្ញាធរស្រុកសំរោង ខេត្តតាកែវ កាលពីថ្ងៃចន្ទ ៦រោច ខែបុស្ស ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី០៤ ខែមករា ឆ្នាំ២០២១ ដើម្បីយក ទៅប្រើប្រាស់ក្នុងការកាត់បន្ថយ សំរាមនៅក្នុងមូលដ្ឋានរបស់ខ្លួន។
លោក កេត ម៉ៅ អភិបាលនៃគណៈអភិបាលស្រុកសំរោង បានថ្លែងឱ្យដឹងថា ឡដុតសំរាមដែលក្រសួងបរិស្ថានបានផ្តល់ជូននេះ មានទម្ងន់ប្រមាណ៦០តោន និងកម្ពស់២៥ម៉ែត្រ ដែលអាចដុតសំរាម ក្នុងមួយថ្ងៃបានចំនួនពី៨ទៅ១០តោន។ ឡនេះមាន ទីតាំងស្ថិតនៅក្នុងភូមិស្រមោចហែរ ឃុំរវៀង ស្រុកសំរោង ខេត្តតាកែវ លើផ្ទៃដីទំហំ ៣ហិកតា មានចម្ងាយជាងពីរគីឡូម៉ែត្រ ពីផ្ទះបងប្អូនប្រជាពលរដ្ឋ។
លោក កេត ម៉ៅ បានបន្តថា ការផ្តល់ឡដុតសំរាមដល់អាជ្ញាធរស្រុកនៅពេលនេះ គឺដោយទទួលបាន ការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់ ឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ជាប្រធានក្រុម ការងារគណបក្ស និងរាជរដ្ឋាភិបាលចុះជួយស្រុកសំរោង ខេត្តតាកែវ ទំនាក់ទំនងជា មួយក្រសួងបរិស្ថាន។ ជានិច្ចកាលឯកឧត្តម ម៉ៅ ហាវណ្ណាល់ តែងតែគិតគូរដល់ សុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋ និងការយកចិត្តទុកដាក់ដល់ការអភិវឌ្ឍ ស្រុកសំរោង ឱ្យកាន់តែមានភាពរីកចម្រើន និងស្រស់បំព្រងទ្វេឡើង។
លោក កេត ម៉ៅ បានសម្តែងនូវក្តីរំពឹងថា ឡដុតសំរាមនេះវានឹងអាចកាត់បន្ថយ ឱ្យបាននូវការកកស្ទះសំរាម នៅតាមដងផ្លូវឬតាមលំនៅឋាន បងប្អូនប្រជាពលរដ្ឋ។ ជាពិសេសវានឹងធ្វើឱ្យ ការចោលសំរាមពាសវាលពាសកាលនៅមូលដ្ឋានស្រុកសំរោង ត្រូវបានកាត់បន្ថយផងដែរ៕
ដោយ អ៊ុច សៀង





