រដ្ឋមន្ត្រីក្រសួងបរិស្ថាន៖ យើងខ្ញុំចង់ឃើញបងប្អូនប្រជាពលរដ្ឋមាន ចំណូលខ្ពស់ មានជីវភាពធូរធារ
AKP ភ្នំពេញ ថ្ងៃទី០៥ ខែមករា ឆ្នាំ២០២១ -- នៅព្រឹកថ្ងៃទី០៥ ខែមករា ឆ្នាំ២០២១ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានចូលរួមក្នុងវេទិកាសាធារណៈ ដើម្បីពិភាក្សាលើករណីប្រជាជនកាន់កាប់ អាស្រ័យផលក្នុងដែនជម្រកសត្វព្រៃ « ភ្នំត្នោត-ភ្នំពក » ស្រុកសង្គមថ្មី ខេត្តព្រះវិហារ ដែល រៀបចំឡើងនៅទីចាត់ការដែនជម្រកសត្វព្រៃបឹងពែរ ភូមិអូពោធិ៍ ឃុំរមណីយ៍ ស្រុករវៀង ខេត្តព្រះវិហារ។

ប្រភពពីក្រសួងបរិស្ថានឱ្យបន្តថា វេទិកាសាធារណៈនោះ ដោយមានការចូលរួមពី ថ្នាក់ដឹកនាំក្រសួងបរិស្ថាន ឯកឧត្តមសមាជិកគណៈកម្មាការទី៣ នៃព្រឹទ្ធសភា និងរដ្ឋសភា អាជ្ញាធរខេត្តព្រះវិហារ និងខេត្តសៀមរាប មន្ទីរពាក់ព័ន្ធ និងកងកម្លាំងទាំងបី។
ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងបរិស្ថាន បានណែនាំ និងពន្យល់បកស្រាយ ជូនដល់ប្រជាពលរដ្ឋ សូមកុំបន្តមានទំនាស់ដីធ្លី កើតឡើងបន្តទៀត គឺត្រូវចូលរួមការពារ និងអភិរក្សព្រៃឈើ សត្វព្រៃដែលមាននៅក្នុងតំបន់នោះទាំងអស់គ្នា។ ឯកឧត្តមរដ្ឋមន្ត្រី បានសំណូមពរឱ្យប្រជាលរដ្ឋផ្លាស់ប្តូរមុខរបរដែលធ្លាប់បរបាញ់សត្វមកជាការចូលរួមចិញ្ចឹមសត្វជំនួសវិញ ព្រោះការបរបាញ់សត្វព្រៃជាអំពើល្មើសច្បាប់ ប្រឈមនិងទោសទណ្ឌ ចំពោះមុខច្បាប់។ ឯកឧត្តមរដ្ឋមន្ត្រីបានផ្តល់ជម្រើសជូនប្រជាពលរដ្ឋក្នុងការចិញ្ចឹម សត្វ យកសាច់ដូចជាគោ ក្របី ហើយជាពិសេសនោះគឺសត្វចៀម និងពពែ ជាសត្វដែលចិញ្ចឹម ក្នុងព្រៃសហគមន៍បានយ៉ាងងាយស្រួល ដោយគ្រាន់តែចំណាយពេលវេលាតិច ចំណេញ ច្រើន។

ឯកឧត្តមរដ្ឋមន្ត្រីក្រសួងបរិស្ថានបានថ្លែងថា យើងខ្ញុំចង់ឃើញបងប្អូនប្រជា ពលរដ្ឋមានចំណូលខ្ពស់ មានជីវភាព ធូរធារ ហើយនៅពេលបងប្អូនប្រជាពលរដ្ឋមានបាន នោះនឹងមានការចូលរួមកាន់តែសកម្មក្នុងការការពារ និងអភិរក្សធនធានធម្មជាតិ ដែលយើងមាន។
ប្រភពដដែលបន្តថា ប្រជាពលរដ្ឋដែលបានមកចូលរួម បានសំណូមពរដល់ ឯកឧត្តមរដ្ឋមន្ត្រី សូមធ្វើការដោះដូរដីដែលបច្ចុប្បន្នពួកគាត់បានកំពុង អាស្រ័យផល លើដីសហគមន៍ និងខ្លះទៀតជាប់ដីសហគមន៍ ដោយមានសត្វព្រៃបំផ្លាញ ដំណាំរបស់ពួកគាត់។ ក្រោយពីពិភាក្សារួចមក ឯកឧត្តមបានផ្ដល់យោបល់ល្អៗដល់ ពួកគាត់ ហើយនឹងរៀបចំដីបម្រុងទុកសម្រាប់ដោះដូរជូនពួកគាត់ ដោយត្រូវនៅ ជិតនឹងសេវាសាធារណៈ មន្ទីរពេទ្យ សាលារៀន និងវត្តអារាម ដើម្បីឱ្យពួក គាត់រស់នៅដោយមានភាពងាយស្រួល។

ឯកឧត្តមរដ្ឋមន្រ្តី បានជំរុញឱ្យមានការកំណត់ព្រំប្រទល់តំបន់ដែនជម្រកសត្វព្រៃ ឱ្យបានលឿន ពង្រឹងការអប់រំប្រជាពលរដ្ឋ លើកទឹកចិត្តឱ្យកូនចៅ ប្រជាពលរដ្ឋបានរៀនសូត្រទាំងអស់គ្នា និងស្នើឱ្យដាំដើមឈើដែលឆាប់បានទទួលផល ដូចជាដើមអាកាស្យាជាដើម៕
ដោយ ពេជ្រ ណារិទ្ធ





