កសិករខេត្តកំពង់ធំ អនុវត្តន៍ធ្វើស្រែប្រដេញទឹក និងស្រែប្រាំងបានជិត ១៦០ភាគរយ នៃផែនការ
AKP កំពង់ធំ ថ្ងៃទី០៥ ខែមករា ឆ្នាំ២០២១ -- លោក ប៉ែន វណ្ណរិទ្ធ ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ធំ បានឱ្យ ដឹងនៅព្រឹកថ្ងៃអង្គារ ៧រោច ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី០៥ ខែមករា ឆ្នាំ២០២១ថា គិតត្រឹមថ្ងៃទី០៤ ខែមករា ឆ្នាំ២០២១ កសិករខេត្តកំពង់ធំ បានយកចិត្តទុកដាក់ អនុវត្តន៍បង្កបង្កើនផលស្រូវប្រដេញទឹក និងស្រូវប្រាំង ឆ្នាំ២០២០-២០២១ បានចំនួន ៦៣៦៨១ហិកតា ស្មើនឹង១៥៩,២១ភាគរយ នៃផែនការ៤០០០០ហិកតា បើប្រៀបធៀប នឹងឆ្នាំមុនរយៈពេលដូចគ្នាទាបជាងចំនួន១២៣៧ហិកតា។
ព្រមទាំងអនុវត្តន៍ដាំដំណាំរួមផ្សំរដូវប្រាំងសរុបបានចំនួន១២៣៧ហិកតា បើប្រៀប ធៀបនឹងឆ្នាំមុនរយៈពេលដូចគ្នាខ្ពស់ជាងចំនួន៩៧៦ហិកតា។ លោក ប៉ែន វណ្ណរិទ្ធ បាន ឱ្យដឹងថា ការប្រមូលផលស្រូវរដូវវស្សាឆ្នាំ២០២០ សរុបបានចំនួន២១៣២៨៥ហិកតា ស្មើនឹង ១០០ភាគរយនៃផ្ទៃដីប្រមូលផលដោយទទួលបានទិន្នផលមធ្យម២,៦៩១តោន ក្នុង១ហិកតា។ លោក ប៉ែន វណ្ណរិទ្ធ បានឱ្យដឹងថា តម្លៃស្រូវសើមពូជ(៥៤៥១) ចន្លោះពី៩៩០ ទៅ១០២០រៀល ក្នុង១គីឡូក្រាម។ ពូជ(ចម្រុះ) ចន្លោះពី៨៧០ទៅ៨៨៥រៀល ក្នុង១គីឡូក្រាម និងតម្លៃដំឡូងមី ស្រស់ចន្លោះពី៣៧០ទៅ៣៨០រៀលក្នុងគីឡូក្រាម៕
ដោយ ស៊ុម វណ្ណា





