ឯកឧត្តម សៀង ណាំ ថ្លែងថា ទោះបីប្រទេសកំពុងរងផលប៉ះពាល់ដោយសារកូវីដ ១៩ តែយើងនៅតែគិតគូរដល់កងទ័ព ដែលជាអង្គភាពសម្ព័ន្ធមេត្រីភាព
AKP សៀមរាប ថ្ងៃទី០៥ ខែមករា ឆ្នាំ២០២១ -- ឯកឧត្តម ឧកញ៉ា សៀង ណាំ តំណាងរាស្ដ្រមណ្ឌលសៀមរាប និងជាប្រធានក្រុមសម្ព័ន្ធមេត្រីភាពជាមួយវរសេនាតូចការពារព្រំដែនលេខ១ របស់តំបន់ប្រតិបត្តិការសឹករងខេត្តសៀមរាប នៅព្រឹកថ្ងៃទី០៥ ខែមករា ឆ្នាំ២០២១នេះ បានប្រគល់ថវិកាចំនួន៦៤០០ដុល្លារ អាម៉េរិក ដល់វរសេនាតូចការពារព្រំដែនលេខ១ សម្រាប់សាងសង់អគារផ្ទះបាយថ្មី ដែលឈរ ជើងនៅចំណុចអូរកូនតឹង ក្នុងភូមិត្រពាំងក្រសាំង ឃុំស្រែណូយ ស្រុកវ៉ារិន។

ឯកឧត្តម ឧត្តមសេនីយ៍ទោ ស៊ីន ភាត់ មេបញ្ជាការតំបន់ប្រតិបត្ដិការសឹករងសៀមរាប បានថ្លែងអំណរគុណយ៉ាងធំធេងចំពោះឯកឧត្តម ឧកញ៉ា សៀង ណាំ តំណាងរាស្ដ្រមណ្ឌលសៀមរាបរួមជាមួយសមាជិកក្រុមសម្ព័ន្ធមេត្រីភាពទាំងអស់ ដែលជានិច្ចកាលតែងតែឧបត្ថម្ភគាំទ្រដល់កងកម្លាំងពិសេសវរសេនាតូចការពារព្រំដែនលេខ១នេះ។ តំណាងឱ្យកងកម្លាំង ទាំងអស់នៃវរសេនាតូចការពារព្រំដែនលេខ១ បានប្តេជ្ញាថា និងខិតខំក្នុងកិច្ចការ ការពារជាតិ មាតុភូមិឱ្យបានល្អ ជាពិសេសគឺតាមខ្សែបន្ទាត់ព្រំដែន។

ឯកឧត្តម ឧកញ៉ា សៀង ណាំ បានមានប្រសាសន៍ថា បើទោះបីប្រទេសកម្ពុជាក៏ដូចជា បណ្តាប្រទេសផ្សេងៗនៅលើពិភពលោកបាន និងកំពុងជួបការលំបាកដោយសារកូវីដ ១៩ ប៉ុន្តែក្នុងនាមជាសម្ព័ន្ធមេត្រីភាព ឯកឧត្តមតែងតែគិតគូរដល់កងកម្លាំងប្រដាប់អាវុធជានិច្ច ជាក់ស្តែងសកម្មភាពនៅពេលនេះស្រាប់ គឺបានបង្ហាញឱ្យឃើញពីការបង្កើតភាពស្និទ្ធស្នាល លើកទឹកចិត្ដ និងធ្វើឱ្យកងកម្លាំងមានភាពជឿជាក់ និងភាពកក់ក្ដៅក្នុងការរួមចំណែកការពារ ជាតិ សាសនា ព្រះមហាក្សត្រ ជាពិសេស គឺការពារបូរណភាពទឹកដី និងរដ្ឋធម្មនុញ្ញ ដែលជាច្បាប់កំពូលរបស់ជាតិ។
សូមបញ្ជាក់ថា នៅក្នុងរយៈពេលជាង១០ឆ្នាំមកនេះ ក្នុងនាមសម្ព័ន្ធមេត្រីភាព ឯកឧត្តម ឧកញ៉ា សៀង ណាំ តំណាងរាស្ដ្រមណ្ឌលសៀមរាប និងជាប្រធានក្រុមសម្ព័ន្ធមេត្រីភាពជាមួយវរសេនាតូចការពារព្រំដែនលេខ១ របស់តំបន់ប្រតិបត្តិការសឹករងខេត្តសៀមរាប គឺបាន ជួយយ៉ាងច្រើនដល់អង្គភាពមួយនេះ ទាំងផ្នែកស្បៀងអាហារ និងការងារអភិវឌ្ឍន៍ទី បញ្ជាការជាដើម៕
ដោយ ឃុត សៅ





