ឯកឧត្តម ជាម ហ៊ីម និងឯកឧត្តម គួច ចំរើន ចុះពិនិត្យទីតាំងសាងសង់មណ្ឌលអប់រំ បន្សាប ព្យាបាល និងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀននៅស្រុកព្រៃនប់
AKP ព្រះសីហនុ ថ្ងៃទី០៤ ខែមករា ឆ្នាំ២០២១ -- ឯកឧត្តម ជាម ហ៊ីម ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានដឹកនាំមន្ត្រីជំនាញចុះពិនិត្យទីតាំងដីដែលគ្រោងនឹង សាងសង់មណ្ឌលអប់រំ បន្សាប ព្យាបាល និងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀន ស្ថិតនៅ ភូមិអូរ តាសេក ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ នាព្រឹកថ្ងៃចន្ទ ៦រោច ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី០៤ ខែមករា ឆ្នាំ២០២១។

ឯកឧត្តម គួច ចំរើន ក៏បានណែនាំឱ្យមន្ត្រីជំនាញមន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់ និងសុរិយោ ដីរៀបចំប្លង់គោល ដើម្បីធ្វើការ សាងសង់មណ្ឌលអប់រំ បន្សាប ព្យាបាល និងស្តារនីតិសម្បទា អ្នកញៀនគ្រឿងញៀន ព្រោះកន្លងមកមណ្ឌលអប់រំ បន្សាប ព្យាបាល និងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀន មានទីតាំងបណ្តោះអាសន្នស្ថិតនៅក្នុងបរិវេណ បញ្ជាការដ្ឋានកងរាជអាវុធហត្ថក្រុងព្រះសីហនុ ហើយថ្មីៗនេះត្រូវបានផ្ទេរ មកឱ្យរដ្ឋបាល ខេត្តជាអ្នកគ្រប់គ្រងវិញ ដូច្នេះយើងត្រូវរៀបចំទីតាំងថ្មី ដើម្បីសាងសង់ឱ្យស្រប តាមបច្ចេកទេស និងលក្ខខណ្ឌតម្រូវរបស់ថ្នាក់ជាតិ។

សូមបញ្ជាក់ថា ដីដែលគ្រោង សាងសង់មណ្ឌលអប់រំ បន្សាបព្យាបាល និងស្តារ នីតិសម្បទាអ្នកញៀនគ្រឿងញៀននេះ មានទំហំដីសរុបចំនួន ០៣ហិកតា ស្ថិតនៅភូមិអូរតា សេក ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ជាដីដែលមានប័ណ្ណកម្មសិទ្ធិ និងទទួលបានពីសប្បុរសជនធ្វើការបរិច្ចាគជូនរដ្ឋបាលខេត្តព្រះសីហនុ ៕
ដោយ ងូ សុមុនី





