អភិបាលខេត្តកំពត ណែនាំដល់អាជ្ញាធរ និងប្រជាពលរដ្ឋឱ្យបន្តបង្កើនការប្រុងប្រយ័ត្ន ចំពោះជំងឺកូវីដ១៩ កុំអាងវ៉ាក់សាំង
AKP កំពត ថ្ងៃទី០៤ ខែមករា ឆ្នាំ២០២១ -- បើទោះជា ប្រមុខរាជរដ្ឋាភិបាល គ្រោងផ្តល់ការចាក់វ៉ាក់សាំងការពារជំងឺឆ្លងកូវីដ១៩ ដោយឥតគិតថ្លៃជូនពលរដ្ឋគ្រប់រូបក៏ដោយ ក៏អភិបាលខេត្តកំពតបានណែនាំដល់អាជ្ញាធរ និងប្រជាពលរដ្ឋទាំងអស់ឱ្យបន្តបង្កើនការប្រុងប្រយ័ត្ន ចំពោះការឆ្លងរីករាលដាលនៃជំងឺនេះ ចូលក្នុងសហគមន៍នៃខេត្តកំពត ឱ្យបានកាន់តែល្អប្រសើរឡើង។

នេះជាការលើកឡើងរបស់ ឯកឧត្តម ជាវ តាយ ប្រធានគណៈកម្មាធិការកាកបាទ ក្រហមកម្ពុជាខេត្តកំពត នៅក្នុងពិធីចែកអំណោយមនុស្សធម៌ របស់សាខាកាកបាទក្រហម កម្ពុជាខេត្ត ជូនដល់ប្រជាពលរដ្ឋប្រឈមងាយរងគ្រោះចំនួន ១០០គ្រួសារ មកពីស្រុក បន្ទាយមាស និងស្រុកអង្គរជ័យ ខេត្តកំពត កាលពីថ្ងៃអាទិត្យ ទី០៣ ខែមករា ឆ្នាំ២០២១ នៅសាលាបឋមសិក្សា អ៊ុយ ស៊ើង ត្រាំ សសរ ស្រុកបន្ទាយមាស។

ឯកឧត្តម ជាវ តាយ បានបញ្ជាក់ថា បច្ចុប្បន្នស្ថិតនៅក្នុងស្ថានភាពពិភពលោក ក៏ដូចជាកម្ពុជាយើង បាន និងកំពុងជួបនូវវិបត្តិ ជាសកលនៃជំងឺកូវីត១៩ ប្រមុខរាជរដ្ឋាភិបាល សម្ដេចតេជោ ហ៊ុនសែន បានយកចិត្តទុកដាក់យ៉ាងខ្លាំងបំផុត និងបានប្រើគ្រប់វិធីសាស្ត្រ ដោយមានចំណាត់ការយ៉ាងមានប្រសិទ្ធភាព ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ១៩ ចូលក្នុងសហគមន៍។ ក្នុងរយៈពេលចុងក្រោយនេះ នៅពេលជំងឺកូវីដ១៩ បានផ្ទុះឆ្លង រាលដាលខ្លាំងនៅប្រទេសថៃ សម្តេចតេជោ បានបញ្ជាឱ្យរាល់ពលករមកពីប្រទេសថៃត្រូវ ចូលទៅធ្វើចត្តាឡីស័កនៅព្រំដែនផ្ទាល់តែម្តង មិនអនុញ្ញាតឱ្យមកផ្ទះទេ ព្រោះពលករមក ពីប្រទេសថៃងាយប្រឈមនឹងបញ្ហាការឆ្លងកូវីដ១៩ខ្លាំង។

ឯកឧត្តមបញ្ជាក់ទៀតថា សម្តេចតេជោក៏គ្រោងនឹងផ្តល់ជូនការចាក់វ៉ាក់សាំងការពារ ជំងឺកូវី១៩ ដល់ពលរដ្ឋគ្រប់រូបដោយឥតគិតថ្លៃ ដែលជំហានដំបូងនេះត្រូវប្រើវ៉ាក់សាំងចំនួន ១លានដូសនៅពេលខាងមុខផងដែរ។
បើទោះបីយ៉ាងនេះក្តី ឯកឧត្តមអភិបាលខេត្ត ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ ពិសេសអាជ្ញាត្រូវបន្តបង្កើនការប្រុងប្រយ័ត្នចំពោះបញ្ហាជំងឺកូវីដ១៩នេះបន្ថែមទៀត ដោយ មិនត្រូវធ្វេសប្រហែស ឬបណ្ដែតបណ្ដោយចំពោះបញ្ហានេះ បើទោះជាមានវ៉ាក់ សាំងការពារហើយក៏ដោយចុះ។
ក្នុងឱកាសនោះ ឯកឧត្តម ជាវ តាយ ក៏បាន ពាំនាំការផ្តាំផ្ញើសួរសុខទុក្ខ ពីសម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាល និងសម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនចំពោះប្រជាពលរដ្ឋ ដោយមិនរើសអើងនិន្នាការនយោបាយ មិនប្រកាន់ពូជសាសន៍អ្វីឡើយ និងបានជំរុញលើកទឹកចិត្តដល់ពលរដ្ឋគ្រប់រូបត្រូវ បន្តអនុវត្តន៍វិធានសុវត្ថិភាពសង្គម ពិសេសវិធានអនាម័យរស់នៅស្អាត ផឹកស្អាត ហូបស្អាត ឱ្យបានជាប្រចាំ ហើយបើមិនចាំបាច់ សូមកុំចូលរួមក្នុងកម្មវិធីផ្សេងៗ ដែលមាន មនុស្សម្នាច្រើន។
ក្នុងឱកាសនោះ ឯកឧត្តម ជាវ តាយ អភិបាលខេត្ត ក៏បានផ្ដាំផ្ញើ និងលើក ទឹកចិត្តឱ្យប្រជាពលរដ្ឋ ត្រូវបង្កើនការដាំដុះ ឬបង្កើតជាវ៉ារីវប្បកម្មការចិញ្ចឹមត្រី និងសត្វ រួមផ្សំបន្ថែមទៀត ដើម្បីបង្កើនជីវភាពគ្រួសារឱ្យបានកាន់តែល្អប្រសើរ ព្រោះអំណោយ ដែលបានដល់ពេលនេះគ្រាន់តែបានជួយរំលែកការលំបាកមួយគ្រាតែប៉ុណ្ណោះ។
សូមបញ្ជាក់ថា អំណោយដែលបានផ្តល់ជូនប្រជាពលរដ្ឋងាយរងគ្រោះទាំង ១០០គ្រួសារនោះ ក្នុងនោះមកពីស្រុកបន្ទាយមាស៥០គ្រួសារ និងស្រុកអង្គរជ័យ៥០គ្រួសារ ដោយមួយគ្រួសារទទួលបានអង្ករ២៥គីឡូក្រាម មី១កេស ទឹកត្រី១យួរ ស្ករស១គីឡូក្រាម និងថវិកាមួយចំនួនផងដែរ៕
ដោយ ប្រាក់ លាង





