ហេដ្ឋារចនាសម្ព័ន្ធក្រុងសិរីសោភ័ណឈានចូលដំណាក់កាលថ្មី ក្រោយជោគជ័យនៃការតេស្តប្រព័ន្ធទឹកកខ្វក់ ក្រុមការងារបើកយុទ្ធនាការស្តារ និងកសាងគ្រឹះផ្លូវឡើងវិញតាមបណ្តោយខ្សែផ្លូវស្នូល
AKP បន្ទាយមានជ័យថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៦--ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យកំពុងតែផ្លាស់ប្តូរមុខមាត់ថ្មីមួយកម្រិតទៀត ក្នុងគម្រោងកែលម្អគ្រប់គ្រងបរិស្ថានក្រុងជុំវិញបឹងទន្លេសាប ជំហានទី២។

យោងតាមរបាយការណ៍ផ្លូវការពីការិយាល័យលូទឹក និងស្ថានីយចម្រោះទឹកកខ្វក់ខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៦ នេះ បានឱ្យដឹងថា បន្ទាប់ពីបានបញ្ចប់ការងារធ្វើតេស្តប្រព័ន្ធទុយោទឹកកខ្វក់យ៉ាងរលូនរួចរាល់ ក្រុមការងារបច្ចេកទេសបាននិងកំពុងបើកយុទ្ធនាការយ៉ាងសម្រុក អនុវត្តការងារកសាង និងស្តារហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ឡើងវិញ ដោយចាប់ផ្តើមពីដំណាក់កាលពង្រឹងគ្រឹះយ៉ាងរឹងមាំ។
ការបើកការដ្ឋានការងារកសាងគ្រឹះផ្លូវឡើងវិញនាពេលនេះ ត្រូវបានធ្វើឡើងនៅលើកំណាត់ផ្លូវយុទ្ធសាស្ត្រ និងខ្សែផ្លូវស្នូលសំខាន់ៗចំនួន ២ ខ្សែ នៅក្នុងក្រុងសិរីសោភ័ណ រួមមាន÷១. កំណាត់ផ្លូវជាតិលេខ៥ ចាប់ពីចំណុចផ្លូវកាត់ផ្លូវរថភ្លើង រហូតដល់រង្វង់មូលស្រីគ្រប់លក្ខណ៍។២.ផ្លូវខេត្តលេខ១៥៦F (ផ្លូវមាត់ស្ទឹង) ចាប់ពីចំណុចរង្វង់មូលស្រីគ្រប់លក្ខណ៍ រហូតដល់បេនឡានចាស់។

គម្រោងកែលម្អគ្រប់គ្រងបរិស្ថានក្រុងជុំវិញបឹងទន្លេសាប ជំហាន២ មិនត្រឹមតែជាការរៀបចំប្រព័ន្ធរំដោះ និងចម្រោះទឹកកខ្វក់កុំឱ្យហូរចូលប្រភពទឹកធម្មជាតិប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងធានាដល់ការស្តារឡើងវិញនូវរាល់ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ដែលរងផលប៉ះពាល់ពីការកាយដាក់ទុយោ ឱ្យមានភាពស្រស់ស្អាត រឹងមាំ និងមានសណ្តាប់ធ្នាប់ជាងមុន។
ទន្ទឹមនឹងសកម្មភាពឈូសឆាយ កៀរសម្រួល និងវាយកំទេចថ្មធ្វើគ្រឹះយ៉ាងសស្រាក់សស្រាំនេះ ថ្នាក់ដឹកនាំការិយាល័យជំនាញក៏បានបញ្ជាក់បន្ថែមថា ក្រុមការងារកំពុងបង្កើនល្បឿនយ៉ាងខ្លាំងក្លាទាំងយប់ទាំងថ្ងៃ ក្នុងការជួសជុល និងកៀរសម្រួលគ្រប់ផ្នែកនៃដងផ្លូវ ដើម្បីធានាសម្រួលដល់ការធ្វើចរាចរណ៍របស់បងប្អូនប្រជាពលរដ្ឋ ក៏ដូចជាកាត់បន្ថយការកកស្ទះ និងផលប៉ះពាល់នានានៅជុំវិញក្រុងសិរីសោភ័ណឱ្យបានជាអតិបរមា។

សាលាខេត្តបន្ទាយមានជ័យ ក៏ដូចជាការិយាល័យជំនាញ សូមគោរពអំពាវនាវ និងខន្តីអភ័យទោសពីសំណាក់បងប្អូនប្រជាពលរដ្ឋ អ្នកដំណើរ និងអាជីវករ ដែលរស់នៅតាមបណ្តោយដងផ្លូវខាងលើ មេត្តាយោគយល់ និងអធ្យាស្រ័យខ្ពស់ចំពោះការរំខាន ផលប៉ះពាល់ដោយដីហុយ ឬការណែនាំចរាចរណ៍បណ្តោះអាសន្ន ក្នុងអំឡុងពេលដែលក្រុមការងារកំពុងពន្លឿនការដ្ឋាន សំដៅសម្រេចឱ្យបាននូវសមិទ្ធផលប្រវត្តិសាស្ត្រមួយនេះ ដើម្បីឧត្តមប្រយោជន៍ និងសោភ័ណភាពយូរអង្វែងរបស់ក្រុងសិរីសោភ័ណទាំងមូល៕
ដោយ ឈុន សារ៉ាត





