អភិបាលរងខេត្តកំពង់ធំអញ្ជើញចូលរួមក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការសមិទ្ធផលនានាក្នុងវត្តតាំងក្រសៅស្រុកប្រាសាទសំបូរ
AKP កំពង់ធំ ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៦ --លោកជា វ៉ាន់ចាន់អភិបាលរងខេត្តតំណាងឯកឧត្តមនួន ផារ័ត្នអភិបាលនៃគណៈអភិបាលខេត្តខេត្តកំពង់ធំកាលពីថ្ងៃទី២២ខែឧសភាឆ្នាំ២០២៦អញ្ជើញចូលរួមក្នុងពិធីសម្ពោធឆ្លងសមិទ្ធផលនានាក្នុងវត្តតាំងក្រសៅ ស្ថិតនៅក្នុងឃុំតាំងក្រសៅ ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំនិងដោយមានការអញ្ជើញចូលរួមពីឯកឧត្តម ផាន់ សុផេង ប្រធានក្រុមការងារផ្នែកច្បាប់ខេត្តកំពង់ធំ លោក ឃីម សុខឃាង អភិបាល នៃគណៈអភិបាលស្រុកប្រាសាទសំបូរ ព្រមទាំង ព្រះមន្ត្រីសង្ឃ មន្ត្រីរាជការសាលាស្រុក កងកម្លាំងទាំងបី ក្រុមប្រឹក្សាឃុំ មេភូមិ លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស លោកយាយលោកតា និងពុទ្ធបរិស័ទប្រមាណ ៨០០នាក់។

យោងតាមរបាយការណ៍ស្វាគមន៍របស់ លោក ប៊ន រ៉ា មេឃុំតាំងក្រសៅបានលើកឡើងពីប្រវត្តិនៃការកសាង និងសមិទ្ធផលនានាដែលបានកកើតឡើងជាបន្តបន្ទាប់នៅក្នុងវត្តតាំងក្រសៅ។សមិទ្ធផលទាំងនេះលេចចេញជារូបរាងឡើង គឺក្រោមគំនិតផ្ដួចផ្ដើមរបស់ព្រះគ្រូចៅអធិការវត្ត និងការឧបត្ថម្ភគាំទ្រជាថវិកាដ៏ជ្រះថ្លាពីសំណាក់ ឯកឧត្តមបណ្ឌិត ជីវ កេង ឯកឧត្តម ជា ចាន់តូ, ឯកឧត្តម ផាន់ សុផេង ព្រមទាំងសប្បុរសជន និងពុទ្ធបរិស័ទជិតឆ្ងាយទាំងក្នុងនិងក្រៅប្រទេស ទើបធ្វើឱ្យទីអារាមមួយនេះមានការរីកចម្រើនគួរឱ្យកត់សម្គាល់ដូចសព្វថ្ងៃ។

លោក ជា វ៉ាន់ចាន់បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះស្មារតីសាមគ្គីភាពរវាងពុទ្ធចក្រ និងអាណាចក្រ ពិសេសតួនាទីរបស់ព្រះចៅអធិការវត្ត និងសប្បុរសជនទាំងអស់ដែលបានលះបង់កម្លាំងកាយចិត្ត និងថវិកាកសាងសមិទ្ធផលនានាសម្រាប់បម្រើឱ្យវិស័យព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ។លោកជា វ៉ាន់ចាន់អភិបាលរងខេត្តកំពង់ធំក៍បានពាំនាំនូវការសួរសុខទុក្ខពីសំណាក់ថ្នាក់ដឹកនាំខេត្ត និងបានផ្តាំផ្ញើដល់បងប្អូនប្រជាពុទ្ធបរិស័ទ លោកយាយលោកតា ឱ្យបន្តចូលរួមថែរក្សាសមិទ្ធផលទាំងនេះឱ្យបានគង់វង្សយូរអង្វែងសម្រាប់កូនចៅជំនាន់ក្រោយ ព្រមទាំងរួមគ្នាថែរក្សាសុខសន្តិភាព និងការអភិវឌ្ឍនៅក្នុងមូលដ្ឋានបន្ថែមទៀត។

គួរបញ្ជាក់សមិទ្ធផលដែលត្រូវសម្ពោធឆ្លងរួមមាន៖ បេតុងក្រាលទីធ្លាប្រមាណ៥ពាន់ម៉ែត្រការេ របងថ្មប្រវែង ២៧០ម៉ែត្រទិញដីពង្រីកទីធ្លាវត្ត៧ពាន់ម៉ែត្រការេ ចាក់ដីបំពេញទីធ្លាវត្ត១.៧០០ឡាន បង្គន់អនាម័យ ១ខ្ងង ៦បន្ទប់ និងផ្ទះបាយ១ខ្នងចំណាយថវិកាសរុប ចំនួន៥១០លានរៀលនិងប្រាក់ដុល្លារប្រមាណ១៣០០០ដុល្លារ៕
ដោយ ស៊ុម វណ្ណា





