វគ្គបណ្ដុះបណ្ដាលស្ដីពីការអភិវឌ្ឍន៍សំណួរតេស្តតាមលំនាំគំរូតេស្ត SEA-PLM
AKP ភ្នំពេញ ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៦--សម្រាប់ឆ្នាំសិក្សា ២០២៥-២០២៦នេះ វិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញបានកំណត់អាទិភាពនៃការលើកកម្ពស់សមត្ថភាពអំណាន និងសំណេរភាសាខ្មែរថ្នាក់ទី៥ រួមនឹងគណិតវិទ្យាថ្នាក់ទី៥ បន្ថែមលើការអប់រំគ្រូបង្រៀនកម្រិតបឋមសិក្សាកម្រិតបរិញ្ញាបត្រ១២+៤ និងគ្រូបង្រៀនបឋមសិក្សាកម្រិតខ្ពស់នៅសាលាបឋមសិក្សាអនុវត្ត ដោយផ្ដោតលើការអភិវឌ្ឍន៍សំណួរតេស្តតាមលំនាំគំរូតេស្ត SEA-PLM ដែលរួមចំណែកក្នុងការធ្វើឱ្យកើនឡើងនូវសមត្ថភាពវាយតម្លៃការសិក្សាក្នុងការបង្រៀន និងរៀនរបស់គរុនិស្សិតកម្រិតបឋមដែលកំពុងទទួលការបណ្ដុះបណ្ដាលក្នុងវិទ្យាស្ថាន និងសមត្ថភាពវាយតម្លៃការសិក្សារបស់គ្រូបង្រៀនដែលកំពុងបម្រើការបង្រៀនសិស្សានុសិស្សថ្នាក់ទី៤ ទី៥ និងទី៦ នៅសាលាបឋមសិក្សាអនុវត្តរាជធានី។

ជាកិច្ចឆ្លើយតប វិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញបានបើកវគ្គបណ្ដុះបណ្ដាលស្ដីពីការអភិវឌ្ឍសំណួរតេស្តតាមលំនាំគំរូតេស្ត SEA-PLM ដោយមានការធ្វើបទឧទ្ទេសដោយមន្ត្រីជំនាញពីនាយកដ្ឋានអធិការកិច្ចគុណភាពអប់រំ និងមានការចូលរួមពីគណៈគ្រប់គ្រងវិទ្យាស្ថាន ការិយាល័យគាំទ្រ មហាវិទ្យាល័យ ដេប៉ាតឺម៉ង់គណិតវិទ្យា ដេប៉ាតឺម៉ង់ភាសាខ្មែរ គណៈគ្រប់គ្រងសាលាបឋមសិក្សាអនុវត្តរាជធានី និងគ្រូបង្រៀនបឋមសិក្សាកម្រិតខ្ពស់ សរុបចំនួន ៦៣រូប។

វគ្គបណ្ដុះបណ្ដាលនេះមានគោលបំណង កំណត់បានពីទិដ្ឋភាពទូទៅនៃរង្វាយតម្លៃ SEA-PLM កំណត់បានពីក្របខណ្ឌនៃរង្វាយតម្លៃ SEA-PLM កំណត់បានពីយន្តការបច្ចេកទេសនៃការតាក់តែងសំណួរតេស្តតាមលំនាំគំរូសំណួរតេស្ត SEA-PLM តាក់តែងសំណួរតេស្តស្ដង់ដាតាមលំនាំគំរូសំណួរតេស្ត SEA-PLM សម្រាប់ការវាយតម្លៃសមត្ថភាពអំណាននិងសំណេរភាសាខ្មែរថ្នាក់ទី៥ និងគណិតវិទ្យាថ្នាក់ទី៥ របស់សិស្ស។

ជាលទ្ធផល សិក្ខាកាមបានយល់ដឹង និងបង្កើនជំនាញបច្ចេកទេសនៃការតាក់តែងសំណួរតេស្តតាមលំនាំគំរូសំណួរតេស្ត SEA-PLM ដោយបានអនុវត្តជាក់ស្ដែងក្នុងការកសាងសំណួរតេស្តសម្រាប់ការវាយតម្លៃសមត្ថភាពសិស្សលើសមត្ថភាពអំណាន និងសំណេរភាសាខ្មែរ និងគណិតវិទ្យាថ្នាក់ទី៥ ព្រមទាំងបានឡើងធ្វើបទបង្ហាញចែករំលែកលទ្ធផលតាមក្រុមនីមួយៗផងដែរ។ វគ្គបណ្ដុះបណ្ដាលនេះក៏បានផ្ដល់វិញ្ញាបនបត្រជូនអ្នកចូលរួមដែលបានបំពេញគ្រប់លក្ខខណ្ឌដែលបានកំណត់ក្នុងវគ្គបណ្ដុះបណ្ដាលផងដែរ៕
ដោយ ចាន់ សុភឿន (ប្រភព៖ ក្រសួងអប់រំ)





