គ្រឹះស្ថានឧត្តមសិក្សាកម្ពុជា និងគ្រឹះស្ថានឧត្តមសិក្សាចិនពិភាក្សាពង្រីកកិច្ចសហប្រតិបត្តិការ
AKP ភ្នំពេញ ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៦--ឯកឧត្តមបណ្ឌិត សោម រតនា អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានដឹកនាំគណៈប្រតិភូឧត្តមសិក្សាកម្ពុជាចូលជួបពិភាក្សាការងារជាមួយឯកឧត្តម Luo Qingming សមាជិកបណ្ឌិតសភាវិទ្យាសាស្ត្រ និងសុខាភិបាលចិន និងជាសាកលវិទ្យាធិការសាកលវិទ្យាល័យហៃណាន ដោយកិច្ចពិភាក្សាផ្ដោតសំខាន់លើការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា និងគ្រឹះស្ថានឧត្តមសិក្សាចិន។

ក្នុងជំនួបនោះ ឯកឧត្តមបណ្ឌិត សោម រតនា បានស្នើសាកលវិទ្យាល័យហៃណានសិក្សាពីលទ្ធភាពបន្ថែមចំនួនអាហារូបករណ៍ដល់និស្សិតកម្ពុជា ជាពិសេសលើវិស័យអាទិភាពមួយចំនួនដូចជា វិស័យបច្ចេកវិទ្យាព័ត៌មាន បញ្ញាសិប្បនិម្មិត រ៉ូបូត វិស្វកម្មចំណីអាហារ ការកែច្នៃអាហារ និងផលិតផលកសិកម្ម និងវិស័យជីវបច្ចេកវិទ្យា។ល។ ជាមួយគ្នានោះ ឯកឧត្តមក៏បានលើកទឹកចិត្តឱ្យភាគីសាកលវិទ្យាល័យហៃណាន ពង្រីកវិសាលភាពនៃការសិក្សាស្រាវជ្រាវរួមគ្នាលើវិស័យអាទិភាពខាងលើ និងបន្តជំរុញការផ្លាស់ប្ដូរនិស្សិត និងសាស្ត្រាចារ្យរវាងប្រទេសទាំងពីរផងដែរ។

ជាការឆ្លើយតប ឯកឧត្តម Luo Qingming សាកលវិទ្យាធិការសាកលវិទ្យាល័យហៃណាន បានឯកភាពនឹងសំណើទាំងនោះ និងបានស្នើឱ្យបង្កើតក្រុមការងារបង្គោលរួមគ្នា ដើម្បីជំរុញ និងតាមដានលើការងារនេះ។ ជាមួយគ្នានោះ ឯកឧត្តមក៏បានថ្លែងអំណរគុណដល់ភាគីកម្ពុជាដែលបានចូលរួមក្នុងសម្ព័ន្ធសាកលវិទ្យាល័យក្នុងតំបន់ត្រូពិច និងថាកម្ពុជានឹងទទួលបាននូវប្រយោជន៍ជាច្រើនបន្ថែមទៀតពីសមាជិកភាពនេះ ជាពិសេសលើការអភិវឌ្ឍវិស័យឧត្តមសិក្សា៕
ដោយ ចាន់ សុភឿន(ប្រភព៖ ក្រសួងអប់រំ)





