ឯកឧត្តម សុខ លូ ប្រគល់ផ្ទះរបស់សម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ជូនអតីតយុទ្ធជនចំនួន១០គ្រួសារ នៅស្រុកបាណន់
AKP បាត់ដំបង ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៦--ឯកឧត្តម សុខ លូ អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាខេត្តបាត់ដំបង នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៦ បានអញ្ជើញប្រគល់ផ្ទះចំនួន ១០ខ្នងដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុន សែន ជូនអតីតយុទ្ធជនចំនួន ១០គ្រួសារនៅក្នុង ស្រុកបាណន់។


ឯកឧត្តម សុខ លូ បាននាំយកប្រសាសន៍ផ្តាំផ្ញើពីសំណាក់នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាអនុប្រធានទី១ សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ដែលតែងតែយកចិត្តទុកដាក់គិតគូរចំពោះជីវភាពរស់នៅរបស់អតីតយុទ្ធជនដែលមានគុណបំណាច់ដ៏ធំធេងមិនអាចកាត់ថ្លៃ បានលះបង់សាច់ស្រស់ឈាមស្រស់ និងធ្វើពលីកម្មគ្រប់បែបយ៉ាងក្នុងបុព្វហេតុរំដោះប្រទេសជាតិ ប្រជាជនឱ្យរួចផុតពីរបបប្រល័យពូជសាសន៍ប៉ុល ពត ធ្វើឱ្យប្រទេសកម្ពុជាមានសុខសន្តិភាព និងមានការអភិវឌ្ឍរីកចម្រើនរហូតដល់សព្វថ្ងៃ។ឯកឧត្តម បានណែនាំដល់អតីតយុទ្ធជនត្រូវយកចិត្តទុកដាក់ថែរក្សាសុខភាព ខិតខំបង្កើនការដាំដុះ និងចិញ្ចឹមសត្វសម្រាប់ផ្គត់ផ្គង់ជីវភាពរស់នៅប្រចាំថ្ងៃ។ ឯកឧត្តម ក៏បានផ្ដល់អំណោយជាគ្រឿងឧបភោគបរិភោគដល់អតីតយុទ្ធជនដើម្បីជួយសម្រាលការលំបាក និងលើកកម្ពស់ជីវភាពរស់នៅប្រចាំថ្ងៃ ។

ក្នុងឱកាសនោះ អតីត យុទ្ធជន បាន បង្ហាញ អារម្មណ៍ សប្បាយរីករាយ និង ថ្លែង អំណរគុណ ដល់ សម្ដេចតេជោ ហ៊ុន សែន និង សម្ដេច កិត្តិ ព្រឹទ្ធ បណ្ឌិត ដែល បានផ្ដល់ផ្ទះថ្មីជាជម្រកដ៏កក់ក្ដៅ៕
ដោយ ណយ នឿន (ប្រភព៖រដ្ឋបាលខេត្តបាត់ដំបង)





