កម្មវិធីបញ្ជ្រាបការយល់ដឹងស្តីពី "ការអនុវត្តចំណាយវិនិយោគថវិកាថ្នាក់ជាតិហិរញ្ញប្បទានក្នុងប្រទេស និងការកត់ត្រាទិន្នន័យចំណាយគម្រោងវិនិយោគសាធារណៈដោយហិរញ្ញប្បទានក្រៅប្រទេស ក្នុង FMIS"
AKP ភ្នំពេញ ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៦-- ក្នុងគោលបំណងពង្រឹងការយល់ដឹង និងជំរុញការអនុវត្តនីតិវិធីគ្រប់គ្រងចំណាយវិនិយោគសាធារណៈឱ្យកាន់តែមានតម្លាភាព គណនេយ្យភាព និងប្រសិទ្ធភាព ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានរៀបចំកម្មវិធី “បញ្ជ្រាបការយល់ដឹងស្តីពី ការអនុវត្តចំណាយវិនិយោគថវិកាថ្នាក់ជាតិហិរញ្ញប្បទានក្នុងប្រទេស និងការកត់ត្រាទិន្នន័យចំណាយគម្រោងវិនិយោគសាធារណៈដោយហិរញ្ញប្បទានក្រៅប្រទេស ក្នុងFMIS” នៅថ្ងៃទី ២១ ខែ ឧសភា ឆ្នាំ ២០២៦ នៅសណ្ឋាគាររ៉ាហ្វ៊ល ឡឺ រ៉ូយ៉ាល់។

កម្មវិធីនេះត្រូវបានដឹកនាំដោយឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និង ជាប្រធានក្រុមការងារគ្រប់គ្រងគម្រោង FMIS, តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដោយមានការអញ្ជើញចូលរួមពី ថ្នាក់ដឹកនាំ និង តំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ ព្រមទាំងអគ្គនាយកដ្ឋានសំខាន់ៗ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិតសភាចារ្យបានជម្រាបជូនអង្គពិធីថា កម្មវិធីនេះជាផ្នែកមួយនៃផែនការអនុវត្តគម្រោង FMIS ក្រោមកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដែលជាកម្មវិធីគោលនយោបាយអាទិភាពរបស់រាជរដ្ឋាភិបាល ដោយបានចែងច្បាស់ នូវចក្ខុវិស័យ ក្នុងការប្រែក្លាយប្រព័ន្ធហិរញ្ញវត្ថុសាធារណៈកម្ពុជា ឱ្យក្លាយជាប្រព័ន្ធមួយ ដែលផ្តោតលើលទ្ធផល ឬ សមិទ្ធកម្ម និង មានលក្ខណៈវិមជ្ឈការ ស្របតាមស្តង់ដា និងឧត្តមានុវត្តន៍។

ឯកឧត្តមបណ្ឌិតសភាចារ្យបានគូសបញ្ជាក់ថា ក្នុងដំណាក់កាលនេះ ការអនុវត្តចំណាយវិនិយោគថវិកាថ្នាក់ជាតិហិរញ្ញប្បទានក្នុងប្រទេស ត្រូវបានដាក់ឱ្យអនុវត្តបន្ថែមទៅក្រសួង ចំនួន ៨ រួមមាន៖ ១). ក្រសួងមហាផ្ទៃ, ២). ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ៣). ក្រសួងសុខាភិបាល, ៤). ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, ៥). ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍, ៦). ក្រសួងធនធានទឹក និងឧតុនិយម, ៧). ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និង ៨). ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។ តាមរយៈ FMIS ក្រសួង-ស្ថាប័នអាចស្នើសុំធានាចំណាយ អនុវត្តកិច្ចលទ្ធកម្ម និង ទូទាត់ចំណាយ តាមរំហូរអនុម័ត ដែលមានភាពច្បាស់លាស់ និងអាចតាមដានបាន។
ជាមួយគ្នានេះ ការកត់ត្រាទិន្នន័យចំណាយគម្រោងវិនិយោគសាធារណៈ ដោយហិរញ្ញប្បទានក្រៅប្រទេស នឹងត្រូវដាក់ឱ្យអនុវត្តបន្ថែមទៅក្រសួង ចំនួន ៣ គឺ ១). ក្រសួងអប់រំ យុវជន និង កីឡា, ២). ក្រសួងសុខាភិបាល និង ៣). ក្រសួងធនធានទឹក និង ឧតុនិយម ។ ការដាក់ឱ្យប្រើប្រាស់ FMIS ក្នុងកិច្ចការនេះ នឹងជួយបញ្ចប់នូវការកត់ត្រាទិន្នន័យបែបដាច់ដោយឡែក តាមឯកសារ ឬ តារាងក្រៅប្រព័ន្ធ និង ផ្តល់នូវទិន្នន័យចំណាយពេញលេញ ស្របតាមគតិយុត្ត និង ងាយស្រួលសម្រាប់ការរៀបចំរបាយការណ៍ និង ការសម្រេចចិត្ត បានឆាប់រហ័ស និងមានភាពសុក្រឹតខ្ពស់។

ឯកឧត្តមបណ្ឌិតសភាចារ្យបានមានប្រសាសន៍បន្ថែមទៀតថា ការអនុវត្ត FMIS នឹងចូលរួមលើកកម្ពស់ការគ្រប់គ្រងថវិកាវិនិយោគ ឱ្យកាន់តែមានប្រសិទ្ធភាព តម្លាភាព និង គណនេយ្យភាព ដោយអនុញ្ញាតឱ្យមានការតាមដានរំហូរអនុម័តតាមដំណាក់កាល, ការទទួលបានទិន្នន័យចំណាយ និង ស្ថានភាពសាច់ប្រាក់ ទាន់ពេលវេលា ព្រមទាំងកាត់បន្ថយនីតិវិធីក្រៅប្រព័ន្ធ និង ការប្រើប្រាស់ឯកសារក្រដាស។ ការចូលរួមអនុវត្តការងារនេះ ក៏ជាមូលដ្ឋានសំខាន់សម្រាប់ការបន្តអភិវឌ្ឍ ឆ្ពោះទៅរកប្រព័ន្ធថវិកាឌីជីថលពេញលេញ និងការរួមចំណែកក្នុងការពង្រឹងឱ្យបាននូវ តម្លាភាព គណនេយ្យភាព ប្រសិទ្ធភាព, ជាពិសេស ការធ្វើឱ្យមានអភិបាលកិច្ចល្អ ក្នុងការគ្រប់គ្រងថវិកា សម្រាប់ការវិនិយោគសាធារណៈនៅកម្ពុជា។
ឯកឧត្តមបណ្ឌិតសភាចារ្យបានអំពាវនាវឱ្យក្រសួង-ស្ថាប័ន និងគ្រប់អង្គភាពពាក់ព័ន្ធ បន្តពង្រឹងភាពជាម្ចាស់ និងសមត្ថភាពជូនមន្ត្រីទទួលបន្ទុក តាមរយៈការចាត់មន្ត្រីទទួលបន្ទុកឱ្យចូលរួមវគ្គបណ្តុះបណ្តាល កិច្ចសហការផ្តល់ធាតុចូល និងរួមគ្នាអនុវត្តការងារ ក្នុងស្មារតីតម្កល់ “ឧត្តមនិយម” នៃផលប្រយោជន៍ជាតិ ដើម្បីជំរុញការដាក់ឱ្យប្រើប្រាស់ FMIS ទទួលបានជោគជ័យតាមផែនការ ក្នុងគោលដៅចូលរួមចំណែកធានាឱ្យបាននូវការវិនិយោគសាធារណៈ ដែលនាំមកនូវការអភិវឌ្ឍជាតិ ប្រកបដោយចីរភាព និង ផ្ដល់ផលប្រយោជន៍ជាក់ស្តែងដល់ប្រជាជន៕
ដោយ ទូច វលក័្ខណ (ប្រភព៖ ក្រសួងសេដ្ឋកិច្ច)





