សហរដ្ឋអាមេរិកអនុម័តការលក់ប្រព័ន្ធមីស៊ីល Hawk ដែលមានតម្លៃ ១០៨,1លានដុល្លារអាម៉េរិកទៅឱ្យអ៊ុយក្រែន
AKP ភ្នំពេញ ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៦ -- ក្រសួងការបរទេសសហរដ្ឋអាមេរិក បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ខ្លួនបានអនុម័តការលក់ឧបករណ៍ដែលមានតម្លៃ ១០៨,១លានដុល្លារអាម៉េរិកទៅឱ្យអ៊ុយក្រែនដើម្បីទ្រទ្រង់ប្រព័ន្ធមីស៊ីល Hawk។
យោងតាមការជូនដំណឹងរបស់សភាអាម៉េរិក បានឱ្យដឹងថា អ៊ុយក្រែនបានស្នើសុំឧបករណ៍ដែលអាចដំឡើងបាន ការកែប្រែសំខាន់ៗ និងការគាំទ្រថែទាំ គ្រឿងបន្លាស់ សម្ភារៈប្រើប្រាស់ គ្រឿងបន្ថែម ការជួសជុល និងការគាំទ្រត្រឡប់មកវិញ ក៏ដូចជាសេវាកម្មវិស្វកម្ម បច្ចេកទេស និងភស្តុភាររបស់រដ្ឋាភិបាល និងអ្នកម៉ៅការអាម៉េរិកសម្រាប់ប្រព័ន្ធមីស៊ីល FrankenSAMHAWK។
ក្រសួងការបរទេសបាននិយាយថា ការលក់ដែលបានស្នើឡើងនេះគាំទ្រដល់គោលនយោបាយការបរទេស និងគោលបំណងសន្តិសុខជាតិរបស់សហរដ្ឋអាមេរិក ដោយការកែលម្អសន្តិសុខរបស់អ៊ុយក្រែន ដែលខ្លួនបានពិពណ៌នាថា ជាដៃគូដែលរួមចំណែកដល់ស្ថិរភាពនយោបាយ និងសេដ្ឋកិច្ចនៅអឺរ៉ុប។
ខ្លួនបាននិយាយថា កញ្ចប់នេះនឹងបង្កើនសមត្ថភាពរបស់អ៊ុយក្រែនក្នុងការទប់ទល់នឹងការគំរាមកំហែងបច្ចុប្បន្ន និងអនាគត ដោយពង្រឹងសមត្ថភាពការពារដែនអាកាសរួមបញ្ចូលគ្នារបស់ខ្លួនសម្រាប់បេសកកម្មការពារខ្លួន និងសន្តិសុខក្នុងតំបន់។
ក្រសួងបានបន្ថែមថា អ៊ុយក្រែននឹងមិនពិបាកក្នុងការស្រូបយកឧបករណ៍ និងសេវាកម្មទៅក្នុងកងកម្លាំងប្រដាប់អាវុធរបស់ខ្លួនទេ ហើយការលក់នេះនឹងមិនផ្លាស់ប្តូរតុល្យភាពយោធាជាមូលដ្ឋាននៅក្នុងតំបន់នោះទេ។
អ្នកម៉ៅការសំខាន់សម្រាប់កម្មវិធីនេះ គឺក្រុមហ៊ុន Sierra Nevada Corporation នៃ Englewood ក្នុងរដ្ឋកូឡូរ៉ាដូ។
ក្រសួងការបរទេសបាននិយាយថា នឹងមិនមានផលប៉ះពាល់អវិជ្ជមានដល់ការត្រៀមខ្លួនការពារជាតិរបស់សហរដ្ឋអាមេរិកដោយសារការលក់ដែលបានស្នើឡើងនោះទេ៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ AA-AKP)





