រដ្ឋបាលខេត្តសៀមរាបចុះសួរសុខទុក្ខម្តាយរបស់កងទ័ពដែលកំពុងសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប
សៀមរាប ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦ -- លោក ឌុច គិមដម នាយករងរដ្ឋបាលសាលាខេត្តសៀមរាបតំណាងឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប និង លោក ធិននី វិធូរ អភិបាលស្រុកវ៉ារិន និងមន្រ្តីរាជការជាច្រើនរូបទៀត កាលពីរសៀលថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦នេះ បានចុះទៅសួសុខទុក្ខនិងនាំយកនូវគ្រឿងឧបភោគបរិភោគ និងថវិកាជូនដល់ លោកស្រី នាត ឈឿត អាយុ៥៥ឆ្នាំ មានទីលំនៅភូមិឬស្សីធំ ឃុំស្វាយស ស្រុកវ៉ារិន ដែលជំងឺធ្ងន់ធ្ងរ ហើយតែកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាបដែល ត្រូវជាម្ដាយរបស់លោក បូយ សាគុណប៊ុនវង្ស ជាកងទ័ពដែលកំពុងឈរជើងនៅក្នុងកងពលធំអន្តរាគមន៍លេខ៣ (វរៈសេនាតូចស៊ើបការណ៍) ។

ក្នុងនាមរដ្ឋបាលខេត្តសៀមរាប លោក ឌុច គិមដម បានមានប្រសាសន៍ពាំនាំនូវប្រសាសន៍សួរសុខទុក្ខពីសំណាក់ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប ក៏ដូចជាថ្នាក់ដឹកនាំខេត្តគ្រប់លំដាប់ថ្នាក់ផងដែរ ។

លោក ឌុច គិមដម បន្តថាកងទ័ពរបស់យើងគឺជាខ្នងបង្អែកដ៏រឹងមាំក្នុងការការពារបូរណភាពទឹកដី សុខសន្តិភាព និងភាពសុខសាន្តរបស់ប្រជាជន។ នៅពេលដែលបងប្អូនកងទ័ពកំពុងឈរជើងបំពេញភារកិច្ចនៅសមរភូមិមុខ អាជ្ញាធរនៅសមរភូមិក្រោយ មានតួនាទីយ៉ាងសំខាន់ក្នុងការមើលថែ ទ្រទ្រង់ និងផ្តល់ភាពកក់ក្តៅដល់ក្រុមគ្រួសាររបស់ពួកគាត់។

លោកបានបន្ថែមថា ការចុះសួរសុខទុក្ខ និងនាំយកអំណោយបន្តិចបន្តួចនាពេលនេះ ទោះបីមិនបានបំពេញចិត្តគ្រប់គ្រាន់ តែវាជាការបង្ហាញពីទឹកចិត្ត មិនបោះបង់គ្នា និងការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះលះបង់របស់យុទ្ធជនយើង។ ហើយជូនពរសូមឱ្យ លោកស្រីបានជាសះស្បើយពីជំងឺក្នុងពេលឆាប់ៗ ដើម្បីជាកម្លាំងចិត្តដ៏ធំធេងដល់កូនដែលកំពុងឈរជើងការពារមាតុភូមិ ។

ក្នុងនោះដែរដើម្បីជួយសម្រាលបន្ទុកជីវភាពក្នុងអំឡុងពេលសម្រាកព្យាបាលជំងឺរដ្ឋបាលខេត្តសៀមរាបនិងរដ្ឋបាលស្រុកវ៉ារិនគ៍បានជូននូវគ្រឿងឧបភោគបរិភោគ ព្រមទាំងថវិកាផងដែរ ៕

ដោយ ៖ឃុត សៅ





