ព្រះខ័នរាជស្វាយរៀងឡើងប្រជែងជើងឯកជាមួយ វិសាខា ពានរង្វាន់សម្តេចតេជោ
AKP ភ្នំពេញ ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦ -- ក្រុមព្រះខ័នរាជស្វាយរៀងបានឡើងទៅវគ្គផ្តាច់ព្រ័ត្រ ដោយត្រូវប៉ះជាមួយក្រុមវិសាខា ដើម្បីប្រជែងជើងឯក ពានរង្វាន់សម្តេចតេជោ ហ៊ុន សែន ថ្នាក់ជាតិ រដូវកាល ២០២៥-២០២៦ បន្ទាប់ពីបានយកឈ្នះក្រុមបឹងកេត នៅជើងទី២ ដោយលទ្ធផល ៣-២ នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ កាលពីយប់ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦។

នៅក្នុងការប្រកួតដ៏ស្វិតស្វាញនេះ ក្រុមភ្ញៀវ បឹងកេត បានបើកការនាំមុខ១គ្រាប់មុន ដោយកីឡាករ Bevan នៅនាទីទី២០។ ចូលវគ្គទី២ នៅនាទី៥០ កីឡាករ Odawara របស់ម្ចាស់ផ្ទះ ព្រះខ័នរាជស្វាយរៀង ធ្វើសម្រេច១គ្រាប់តាមស្មើវិញ ដោយលទ្ធផលស្មើគ្នា ១ទល់១ រក្សាបានរហូតដល់បញ្ចប់ការប្រកួតពេញម៉ោង ៩០នាទី។ នៅក្នុងម៉ោងបន្ថែមកាត់សេចក្តី គឺកីឡាករ Patrick.R របស់ព្រះខ័នរាជស្វាយរៀងធ្វើសម្រេចបាន២គ្រាប់បើកការនាំមុខវិញលើក្រុមភ្ញៀវ នៅនាទី៩៩ និងនៅនាទី១០៩ ខណៈកីឡាករ Bento របស់បឹងកេត រកបាន១គ្រាប់តាមពីក្រោយ នៅនាទីទី ១១៦។ ដូច្នេះព្រះខ័នរាជស្វាយរៀងទទួលបានជ័យជម្នះ ដោយលទ្ធផល ៣-២ សរុបលទ្ធផលទាំងពីរជើង ៤-៣។

តាមរយៈជ័យជម្នះនេះបានធ្វើឱ្យ ក្រុមជើងឯកលីគកំពូលកម្ពុជា៣រដូវកាលជាប់ៗគ្នាមួយនេះឡើងទៅប្រជែងជើងឯក នៅវគ្គផ្តាច់ព្រ័ត្រ ពានរង្វាន់សម្តេចតេជោ ហ៊ុន សែន ថ្នាក់ជាតិ រដូវកាល ២០២៥-២០២៦នេះ ដោយត្រូវប៉ះជាមួយក្រុមវិសាខា ដែលកំពុងឈររង់ចាំស្រាប់ ក្រោយពីបានយកឈ្នះក្រុមអាយអេសអាយ ដង្កោសែនជ័យ នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ៤-១ ជើងទី២ កាលពីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៦ សរុបលទ្ធផលទាំងពីរជើង ៧-១។ ការប្រកួតវគ្គផ្តាច់ព្រ័ត្រគ្រោងនឹងធ្វើឡើងនាថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៦ ដោយព្រះខ័នរាជស្វាយរៀង ប្រកួតជាមួយវិសាខា ដណ្តើមជើងឯក៕


ដោយ ហេង ណាលីន





