សិង្ហបុរី៖ ទីផ្សារបារីអេឡិចត្រូនិចខុសច្បាប់នៅតែបន្ត បើទោះបីជាមានការហាមឃាត់ក៏ដោយ
AKP ភ្នំពេញ ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦ -- ការសិក្សាមួយបានរកឃើញថា ទីផ្សារបារីអេឡិចត្រូនិចខុសច្បាប់នៅក្នុងប្រទេសសិង្ហបុរីបានបង្កើតប្រាក់ចំណូលប្រហែល ១០,៤លានដុល្លារសិង្ហបុរី (៨,១២លានដុល្លារអាម៉េរិក) រវាងឆ្នាំ២០២៤ និងឆ្នាំ២០២៥។
នៅក្នុងរបាយការណ៍មួយដែលបានចេញផ្សាយកាលពីពេលថ្មីៗនេះ បានឱ្យដឹងថា ក្រុមប្រឹក្សាពាណិជ្ជកម្មសហភាពអឺរ៉ុប-អាស៊ាន (EU-ABC) និងក្រុមហ៊ុនស្រាវជ្រាវទីផ្សារ Euromonitor International បាននិយាយថាការលក់ថ្នាំជក់ខុសច្បាប់នៅក្នុងប្រទេសសិង្ហបុរី ដែលភាគច្រើនជាបារីខុសច្បាប់ និងឧបករណ៍បំពងអេឡិចត្រូនិច បានបណ្តាលឱ្យបាត់បង់ប្រាក់ចំណូលរដ្ឋាភិបាលប្រមាណ ១៥៦លានដុល្លារសិង្ហបុរីក្នុងរយៈពេលដូចគ្នា។
លោក Chris Humphrey នាយកប្រតិបត្តិនៃក្រុមប្រឹក្សា EU-ABC ដែលជាអង្គការតស៊ូមតិមួយដែលផ្តោតទៅលើការលើកកម្ពស់ពាណិជ្ជកម្មសហភាពអឺរ៉ុប-អាស៊ាន បាននិយាយថា ទំហំនៃពាណិជ្ជកម្មខុសច្បាប់នៅក្នុងតំបន់អាស៊ានត្រូវបានប៉ាន់ស្មានមិនដល់ និងកំពុងកើនឡើងក្នុងល្បឿនដ៏គួរឱ្យព្រួយបារម្ភ។
លោកបាននិយាយថា ផលប៉ះពាល់របស់វាមានវិសាលភាពធំទូលាយគ្របដណ្តប់លើបញ្ហាប្រឈមផ្នែកសេដ្ឋកិច្ច សុខភាពសាធារណៈ និងសន្តិសុខ។ ប្រសិនបើមិនត្រូវបានត្រួតពិនិត្យទេ ពាណិជ្ជកម្មខុសច្បាប់អាចធ្វើឱ្យអនាគតសេដ្ឋកិច្ចរបស់អាស៊ានមានគ្រោះថ្នាក់ក្នុងនាមជាម៉ាស៊ីនកំណើនសកលលោក។
គយសិង្ហបុរី និងអាជ្ញាធរវិទ្យាសាស្ត្រសុខាភិបាល (HSA) បន្តរឹបអូសផលិតផលថ្នាំជក់ខុសច្បាប់មួយចំនួនធំដែលចូលមកក្នុងប្រទេស។
នៅក្នុងប្រតិបត្តិការមួយកាលពីខែកុម្ភៈ HSA បានរឹបអូសការដឹកជញ្ជូនខុសច្បាប់នៃបារីអេឡិចត្រូនិចដែលមានតម្លៃជាង ១,១លានដុល្លារសិង្ហបុរី។ វាជាការរឹបអូសដ៏ធំបំផុតចាប់តាំងពីខែកញ្ញា ឆ្នាំ២០២៥ មក។
ទន្ទឹមនឹងនេះ គយសិង្ហបុរីបានរាយការណ៍ថា ខ្លួនបានរឹបអូសបារីដែលមិនបានបង់ពន្ធចំនួន ៣,២៤លានកញ្ចប់ នៅចន្លោះខែមករា និងខែវិច្ឆិកាឆ្នាំ២០២៥ និងប្រហែលចំនួនដូចគ្នាក្នុងរយៈពេល ១១ខែដំបូងនៃឆ្នាំ២០២៤។
ក្នុងចំណោមប្រទេសនៅអាស៊ាន សិង្ហបុរីបានកត់ត្រាអត្រាបារីខុសច្បាប់ទាបបំផុតមួយក្នុងចំណោមប្រទេសទាំងប្រាំមួយ ដែលស្ថិតនៅក្រោម ៦% ក្នុងរយៈពេលដូចគ្នា។
សិង្ហបុរីបានហាមឃាត់ការជក់បារីអេឡិចត្រូនិចចាប់តាំងពីឆ្នាំ២០១៨ដោយមានច្បាប់ថ្មីត្រូវបានណែនាំ ដើម្បីអនុវត្តការពិន័យកាន់តែធ្ងន់ធ្ងរ៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ VNA)





