រាជរដ្ឋាភិបាលបានកំណត់យកថ្ងៃទី២០ ខែឧសភាជា «ទិវាជាតិនៃការចងចាំ» ដើម្បីរំឭកដល់ជនរងគ្រោះ និងការឈឺចាប់នៃឧក្រិដ្ឋកម្ម ដែលកើតមានក្នុងរបបកម្ពុជាប្រជាធិបតេយ្យ
AKP ភ្នំពេញ ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦--
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាក៏បានរម្លឹកយើងឱ្យចងចាំថា រាជរដ្ឋាភិបាលបានកំណត់យកថ្ងៃទី២០ ខែឧសភាជា «ទិវាជាតិនៃការចងចាំ» ដើម្បីរំឭកដល់ជនរងគ្រោះ និងការឈឺចាប់នៃឧក្រិដ្ឋកម្ម ដែលកើតមានក្នុងរបបកម្ពុជាប្រជាធិបតេយ្យ។

ក្នុងការធ្វើ សេចក្ដីថ្លែងការណ៍៖ បច្ចុប្បន្នភាពស្តីពី «ការវិវឌ្ឍន៍ស្ថានភាពព្រំដែនកម្ពុជា-ថៃ និងព្រឹត្តិការណ៍ថ្មីៗដែលកើតឡើង» នៅថ្ងៃពុធ ៤កើត ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦ នៅទីស្តីការគណៈរដ្ឋមន្ត្រី ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាល បានថ្លែងថា ទិវានេះក៏ដើម្បីលើកតម្កើងការគោរពវិញ្ញាណក្ខន្ធ និងការធ្វើបុណ្យឧទ្ទិសដល់ជនរងគ្រោះដែលបានស្លាប់ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ លើកតម្កើងការរំឭកដល់ជនរងគ្រោះ ការស្តារកិត្តិយសនិងសេចក្តីថ្លៃថ្នូររបស់ជនរងគ្រោះ ទោះជានៅរស់រានមានជីវិតឬបានបាត់បង់ជីវិតក៏ដោយ, ប៉ះប៉ូវការឈឺចាប់ខាងផ្លូវចិត្តនិងផ្នែកសង្គមរបស់ជនរងគ្រោះនិងក្រុមគ្រួសារ, ចូលរួមចំណែកដល់ការផ្សះផ្សាជាតិ និងជំរុញឱ្យមានសុខដុមនីយកម្មក្នុងសង្គមកម្ពុជា, និងលើកកម្ពស់ការផ្សព្វផ្សាយ និងការយល់ដឹងអំពីអំពើឃោរឃៅដែលកើតមានក្នុងរបបកម្ពុជាប្រជាធិបតេយ្យ កុំឱ្យកើតមានឡើងសាជាថ្មី ហើយប្រជាពលរដ្ឋគ្រប់រូបត្រូវបានផ្តល់ឱកាសឱ្យរៀបចំពិធីតាមជំនឿ សាសនា ឬទំនៀមទម្លាប់របស់ខ្លួន។
ជាង៣ទសវត្សរ៍ចុងក្រោយនេះ ក្រោមការដឹកនាំដ៏ឈ្លាសវៃនិងប៉ិនប្រសប់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ស្ថាបនិកនយោបាយឈ្នះ-ឈ្នះ ព្រះរាជាណាចក្រកម្ពុជាបានប្រែក្លាយជាប្រទេសមានសុខសន្តិភាព ឯកភាពជាតិ ឯកភាពទឹកដី ឯករាជ្យជាតិ និងអធិបតេយ្យភាពពេញបរិបូរណ៍ ដែលមិនធ្លាប់មានក្នុងរយៈពេលជាង៥០០ឆ្នាំ ក្នុងប្រវត្តិសាស្ត្រចុងក្រោយនេះ។ ក្រោមដំបូលនៃសុខសន្តិភាព ប្រទេសកម្ពុជា ក៏បានកែប្រែពីប្រទេសដែលខ្ទេចខ្ទាំដោយសារសង្គ្រាម ទៅជាសង្គមសម័យទំនើប ដោយផ្តល់ជាគំរូក្នុងការស្ថាបនាសន្តិភាព ការបញ្ចៀសជម្លោះ និងការបង្កើតឱ្យមានតុលាការគំរូមួយសម្រាប់ពិភពលោក ដោយបានកាត់ក្តីអតីតមេដឹកនាំខ្មែរក្រហមប្រកបដោយជោគជ័យ ព្រមទាំងបានចារឹកជាស្លោកទុកក្នុងប្រវត្តិសាស្ត្រកម្ពុជាសម័យទំនើបថា៖ «សន្តិភាពតាមរយៈយុត្តិធម៌ផ្សះផ្សាជាតិ និងយុត្តិធម៌ផ្សះផ្សាជាតិក្នុងគោលដៅសន្តិភាព»។
ឆ្លងតាមលទ្ធផលនៃការបញ្ចប់ដំណើរការតុលាការនៅអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា ជនរងគ្រោះនៃរបបកម្ពុជាប្រជាធិបតេយ្យ ទទួលបានយុត្តិធម៌ កិត្តិយស ហើយសេចក្តីថ្លៃថ្នូរក៏ត្រូវបានស្តាឡើងវិញ ព្រមទាំងទទួលបាននូវការប៉ះប៉ូវចំពោះការឈឺចាប់ខាងផ្លូវចិត្តនិងផ្នែកសង្គម ដោយទទួលស្គាល់គម្រោងសំណងចំនួន២៦ ក្នុងនោះក៏មានទិវាជាតិនៃការចងចាំមួយដែរ។
ជាមួយនឹងការរំឭកខួបលើកទី៩ ទិវាជាតិនៃការចងចាំ ២០ ឧសភា ឆ្នាំ២០២៦នេះ យើងទាំងអស់គ្នាត្រូវរួមគ្នាថែរក្សាការពារសន្តិភាពឱ្យបានគង់វង្ស ពីព្រោះសន្តិភាពគឺជាមូលដ្ឋានសម្រាប់ការកសាងគ្រួសារ សហគមន៍ និងប្រទេសជាតិឱ្យមានការអភិវឌ្ឍ រីកចម្រើន មានស្ថិរភាពនិងសន្តិសុខ។ សព្វថ្ងៃនេះ កម្ពុជាកំពុងរស់នៅក្រោមម្លប់សន្តិភាព ស្ថិរភាពនយោបាយ ស្ថិរភាពសង្គម និងការអភិវឌ្ឍ។
សមិទ្ធផលទាំងនេះ កើតចេញពីការខិតខំប្រឹងប្រែងរួមគ្នារបស់រាជរដ្ឋាភិបាលនិងប្រជាជាតិទាំងមូល ក្នុងការថែរក្សាសន្តិភាព ការផ្សះផ្សាជាតិ និងការលើកកម្ពស់ស្មារតីសាមគ្គីភាពជាតិ។ក្នុងបរិបទដែលពិភពលោកកំពុងប្រឈមនឹងជម្លោះ អំពើហិង្សា និងភាពមិនប្រាកដប្រជាខ្ពស់ កម្ពុជាកាន់តែយល់ច្បាស់អំពីតម្លៃដ៏ថ្លៃថ្លានៃសន្តិភាព និងស្ថិរភាពសង្គម ហើយក៏ជាអ្វីដែលកម្ពុជាត្រូវចងចាំ និងយល់ដឹងឱ្យបានកាន់តែច្បាស់អំពីប្រវត្តិសាស្ត្រនិងអត្តសញ្ញាណពិតប្រាកដរបស់ខ្លួន។ ទាំងនេះគឺជាសារដ៏មានអត្ថន័យរបស់ថ្នាក់ដឹកនាំនៃយើងក្នុងទិវាជាតិនៃការចងចាំ ២០ ឧសភា៕
ដោយ៖ គង់ សិរីរ័ត្ន





