ប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតខេត្តកំពង់ចាម សម្ពោធដាក់ឱ្យដំណើរការ ដោយពង្រីកការផ្គត់ផ្គង់ទឹកស្អាតដល់ពលរដ្ឋចំនួន ៨ ៨៧៥ គ្រួសារបន្ថែមទៀត
AKP កំពង់ចាម ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦
ប្រជាពលរដ្ឋចំនួន ៨ ៨៧៥ គ្រួសារបន្ថែមទៀតនៅក្នុងក្រុងកំពង់ចាម និងតំបន់ជុំវិញ បានទទួលសេវាទឹកស្អាត បន្ទាប់ពីការសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការនូវប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតខេត្តកំពង់ចាម ដែលជាគម្រោងហេដ្ឋារចនាសម្ព័ន្ធដ៏សំខាន់មួយ ក្នុងការលើកកម្ពស់សុខភាពសាធារណៈ គាំទ្រសកម្មភាពសេដ្ឋកិច្ច និងកែលម្អជីវភាពរស់នៅសម្រាប់ពលរដ្ឋក្នុងខេត្តកំពង់ចាម។

ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ រួមជាមួយធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ (AFD) ថ្ងៃនេះ បានសម្ពោធដាក់ឱ្យដំណើរការប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតថ្មី ដែលបង្កើនអត្រាគ្របដណ្តប់ក្នុងតំបន់សេវាកម្មរបស់រដ្ឋាករទឹកកំពង់ចាម ពីប្រមាណ ៤៩% ក្នុងឆ្នាំ២០១៨ ដល់ប្រមាណ ៧៦% ក្នុងឆ្នាំ២០២៥។
គម្រោងដែលមានតម្លៃប្រមាណ ១២,៩៨ លានដុល្លារអាម៉េរិកនេះ បានបង្កើនសេវាផ្គត់ផ្គង់ទឹកស្អាតទ្វេដងដល់ប្រជាពលរដ្ឋក្នុងតំបន់សេវា ពី ៤៤ ៩៥៥នាក់ ដល់ ៨៩ ០៣០នាក់ និងបង្កើនចំនួនតំណចូលតាមខ្នងផ្ទះ ពី ១០ ៤៦៤ ដល់ ១៩ ៣៣៩ តំណ រួមទាំងគ្រួសារក្រីក្រចំនួន ៤១៤ ដែលទទួលបានតភ្ជាប់បណ្តាញដោយឥតគិតថ្លៃ។

ប្រព័ន្ធថ្មីនេះ ដែលរួមមានស្ថានីយបូមទឹកឆៅ រោងចក្រប្រព្រឹត្តកម្មទឹកស្អាត និងការពង្រីកបណ្តាញបំពង់បញ្ជូននិងចែកចាយទឹកស្អាត នឹងបន្ថែមសមត្ថភាពផលិតទឹកស្អាតចំនួន ១១ ៦០០ ម៉ែត្រគូប ក្នុងមួយថ្ងៃ ដែលធ្វើឱ្យសមត្ថភាពផលិតទឹកស្អាតសរុបរបស់រដ្ឋាករទឹកកំពង់ចាម កើនឡើងដល់ប្រមាណ ២៨ ១០០ម៉ែត្រគូប ក្នុងមួយថ្ងៃ។
ក្នុងឱកាសនោះ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានគូសបញ្ជាក់ថា ការទទួលបានទឹកស្អាតប្រកបដោយសុវត្ថិភាព គឺជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់សុខភាពសាធា រណៈ ផលិតភាពសេដ្ឋកិច្ច និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។ ឯកឧត្ដមរដ្ឋមន្រ្ដីបានថ្លែងបញ្ជាក់ថា៖ «ស្របពេលដែលនគរូបនីយកម្ម និងឧស្សាហូបនីយកម្មកំពុងរីកចម្រើនខ្លាំង ហេដ្ឋារចនាសម្ព័ន្ធទឹកស្អាតដែលរឹងមាំ មានសារសំខាន់កាន់តែខ្លាំង សម្រាប់ការកសាងទីក្រុងដែលមានភាពធន់ ភាពប្រកួតប្រជែង និងងាយស្រួលរស់នៅសម្រាប់កម្ពុជា»។
ជាមួយនឹងការសម្ពោធដាក់ឱ្យប្រើប្រាស់ប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតខេត្តកំពង់ចាម ដោយធ្វើឡើងបន្ទាប់ពីការសម្ពោធប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតខេត្តបាត់ដំបង កាលពីខែមេសា និងជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងក្នុងក្របខ័ណ្ឌទូទាំងប្រទេស ក្នុងការធ្វើទំនើបកម្មហេដ្ឋារចនាសម្ព័ន្ធវិស័យទឹកស្អាត ពិសេសនៅតាមតាមបណ្តាខេត្ត-ក្រុង ដែលជាប្រភពកំណើនសេដ្ឋកិច្ចសំខាន់ៗ។
លោកស្រី Yasmin Siddiqi នាយិកាធនាគារអភិវឌ្ឍន៍អាស៊ីប្រចាំប្រទេសកម្ពុជា បានលើកឡើងថា៖ “ការទទួលបានទឹកស្អាតប្រកបដោយសុវត្ថិភាព និងទំនុកចិត្ត គឺជាការវិនិយោគមួយដែលមានឥទ្ធិពលខ្លាំងបំផុតលើសុខភាព និងផលិតភាពរបស់ប្រជាពលរដ្ឋ។ ការសម្ពោធប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតខេត្តកំពង់ចាមនេះ គឺជាការពង្រីកសេវាកម្មបន្ថែមទៀត ដើម្បីនាំយកអត្ថប្រយោជន៍នៃទឹកស្អាតទៅកាន់សហគមន៍កាន់តែច្រើន។ ការវិនិយោគទាំងនេះបង្ហាញគំរូនៃភាពជាដៃគូដ៏រឹងមាំ ក្នុងការពង្រីកសេវាទឹកស្អាតនៅទូទាំងកម្ពុជា និងគាំទ្រដល់ការរីកចម្រើននៃតំបន់ទីក្រុងប្រកបដោយបរិយាបន្ន និងភាពធន់។”

សម្រាប់ប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតខេត្តកំពង់ចាម គឺជាផ្នែកមួយនៃគម្រោងផ្គត់ផ្គង់ទឹកស្អាត និងអនាម័យខេត្ត (PWSSP) ដែលត្រូវបានអនុម័តនៅឆ្នាំ២០១៧ និងផ្តល់ហិរញ្ញប្បទានរួម ដោយរាជរដ្ឋាភិបាលកម្ពុជា ធនាគារអភិវឌ្ឍន៍អាស៊ី ទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ និងសហភាពអឺរ៉ុប។
លោក Laurent Raspaud នាយករង AFD ប្រចាំប្រទេសកម្ពុជា បានឱ្យដឹងដែរថា៖ “ភាពជាដៃគូរវាង ADB, AFD, សហភាពអឺរ៉ុប និងរាជរដ្ឋាភិបាលកម្ពុជា នេះបង្ហាញពីអ្វីដែលកិច្ចសហប្រតិបត្តិការពហុភាគីអាចសម្រេចបាន នៅពេលដែលវាត្រូវបានជំរុញដោយមហិច្ឆតារួមគ្នាគឺ ការផ្តល់នូវភាពប្រសើរឡើងប្រកបដោយចីរភាពនៅក្នុងជីវិតប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ។ បន្ទាប់ពីគាំទ្រការទទួលបានទឹកស្អាតក្នុងរាជធានីភ្នំពេញអស់រយៈពេលជាងម្ភៃឆ្នាំមកនេះ AFD មានមោទនភាពក្នុងការបន្តការគាំទ្រសម្រាប់រយៈពេលយូរអង្វែងនេះសម្រាប់ខេត្តកំពង់ចាម។”
សូមជម្រាបជូនថា គម្រោងផ្គត់ផ្គង់ទឹកស្អាត និងអនាម័យខេត្ត មានកញ្ចប់ថវិកាសរុបប៉ាន់ប្រមាណគ្រាចុងគម្រោង ១០៨,៧៣ លានដុល្លារអាម៉េរិក រួមមានថវិកាបដិភាគចំនួន ១០,៤៥ លានដុល្លារអាម៉េរិក ពីរាជរដ្ឋាភិបាលកម្ពុជា, ឥណទានចំនួន ៥០ លានដុល្លារអាម៉េរិកពី ADB, ឥណទានចំនួន ៤០លានអឺរ៉ូពី AFD, និងជំនួយឥតសំណងចំនួន ៤,៦៧ លានអឺរ៉ូ ពីមូលនិធិវិនិយោគអាស៊ីរបស់សហភាពអឺរ៉ុប ដែលគ្រប់គ្រងដោយ AFD៕
ដោយ៖ រិទ្ធី ប្រភព៖ ADB





