ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា៖ យើងនឹងបន្តខិតខំឆ្ពោះទៅមុខស្របតាមចក្ខុវិស័យសុខាភិបាលរយៈពេលវែង សម្រាប់សុខុមាលភាពប្រជាពលរដ្ឋកម្ពុជា
AKP ភ្នំពេញ ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៦-- យើងនឹងបន្តខិតខំឆ្ពោះទៅមុខស្របតាមចក្ខុវិស័យសុខាភិបាលរយៈពេលវែង សម្រាប់សុខុមាលភាពប្រជាពលរដ្ឋកម្ពុជា ដោយការធ្វើទំនើបកម្មសុខាភិបាលឱ្យបានកាន់តែជឿនលឿន ឆ្លើយតបបានតម្រូវការ និងតាមការវិវត្តន៍សកលនៃវិទ្យាសាស្ត្រ។ នេះជាប្រសាសន៍របស់ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ក្នុងកិច្ចប្រជុំកម្រិតថ្នាក់ដឹកនាំលើកទី២ សម្រាប់ខែតុលា ដើម្បីលើកទិសដៅ និងជំរុញការងារបន្ត កាលពីរសៀលថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៦ ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួង និងអង្គភាពថ្នាក់កណ្តាល មន្ទីរសុខាភិបាលរាជធានីភ្នំពេញ និងតាមប្រព័ន្ធ Zoom ប្រធានមន្ទីរសុខាភិបាលខេត្ត។

ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តីបានគូសបញ្ជាក់នូវចំណុចគន្លឹះ៖ ១) ជាយុទ្ធសាស្រ្ត៖ យើងត្រូវបញ្ជូលវិស័យសុខាភិបាលឱ្យជាទំនើបកម្មឱ្យបាននៅ ២៥ឆ្នាំខាងមុខ ២) បច្ចេកទេសឱ្យកាន់តែស៊ីជម្រៅ ៣) វិធីសាស្រ្តនៃការស្រាវជ្រាវ រួមមាន ប្រសិទ្ធភាពនិងស័ក្តិសិទ្ធភាពការងារ ការស្វែងរកប្រភពធនធាន ការពង្រឹងការបណ្តុះបណ្តាល ការធ្វើទំនើបកម្មនិងនវានុវត្តន៍ និងការសន្និដ្ឋានមួយជាចក្ខុវិស័យសុខាភិបាលសម្រាប់សុខុមាលភាពប្រជាជនកម្ពុជានាពេលខាងមុខ។

ទន្ទឹមនឹងនេះ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តីបានណែនាំដល់ថ្នាក់ដឹកនាំ និងមន្ត្រីសុខាភិបាល ពីគោលនយោបាយ និងយុទ្ធសាស្រ្ត ឱ្យមានជំហររឹងមាំ ព្រមទាំងគោលដៅ និងចក្ខុវិស័យទៅមុខឱ្យបានច្បាស់លាស់។ ក្នុងស្ថានភាពនូវលទ្ធផលឆ្លើយតបបញ្ហាប្រឈម យើងត្រូវមានមធ្យោបាយ និងស្ថិតនៅចំពោះមុខបញ្ហាប្រឈម ដោយត្រូវ «ប្រែក្លាយជាបញ្ហាប្រឈម ឱ្យក្លាយជាឱកាស និងមានលក្ខខណ្ឌសមស្រប» ដើម្បីឈានទៅសម្រេចការគ្របដណ្តប់សុខភាពជាសកលនៅកម្ពុជា៕
ដោយ ទេស ច័ន្ទសុធារី (ប្រភព៖ ក្រសួងសុខាភិបាល)





