ឯកឧត្តម អភិបាលខេត្តសម្រេចអនុម័តលើសំណើសុំបង្កើតរោងចក្រផលិតក្តាបន្ទះ នៅស្រុកកំពង់សិលា
AKP ខេត្តព្រះសីហនុ ថ្ងៃទី២៧ខែតុលាឆ្នាំ២០២៦--ព្រឹកថ្ងៃអង្គារទី២៧ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យ និងអនុម័តលើសំណើសុំបង្កើតរោងចក្រផលិតក្តាបន្ទះ ដែលមានទីតាំងស្ថិតនៅក្បាលដីលេខ៤៤០ អគារ B ផ្លូវលំ ភូមិស្ទឹងសំរោង ឃុំអូរបាក់រទេះ ស្រុកកំពង់សិលា ខេត្តព្រះសីហនុ កិច្ចប្រជុំនេះក៏មានការចូលរួមពី នាយករដ្ឋបាលសាលាខេត្ត ប្រធានមន្ទីរ-អង្គភាពពាក់ព័ន្ធ និងតំណាងក្រុមហ៊ុនផលិតក្តាបន្ទះផងដែរ។

តាមរបាយការណ៍របស់អនុគណកម្មការវិនិយោគខេត្តព្រះសីហនុ បានធ្វើការណែនាំនូវចំណុចមួយ ចំនួនដូចជា
-ការពារបរិស្ថាន -ភ្ជាប់សេវាប្រមូលសំរាម -ការដាំដើមឈើបំពេញបន្ថែម
- ត្រូវពិនិត្យបទដ្ឋានបច្ចេកទេសគ្រឿងចក្រ និងសុវត្ថិភាពការងារ
-រៀបចបំពាក់ឧបករណ៍ពន្លត់អគ្គិភ័យឱ្យបានត្រឹមត្រូវ
-ភ្ជាប់បណ្ណបេឡាជាតិសន្តិសុខ សង្គម (ប.ស.ស) ជូនកម្មករនិយោជិត
-ពង្រីកផ្លូវចូលឱ្យបានធំទូលាយ។

ក្នុងឱកាសនោះ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ បានឯកភាពលើសំណើសុំបង្កើតរោងចក្រក្តាបន្ទះនេះ ក៏ប៉ុន្តែក្រុមហ៊ុនត្រូវអនុវត្តលក្ខខណ្ឌសំខាន់ៗមួយចំនួនដូចជា៖
ការពារបញ្ហាបរិស្ថាន ក្រុមហ៊ុនត្រូវមានអាងប្រព្រឹត្តកម្មទឹកកខ្វក់ ដោយមិនអនុញ្ញាតឱ្យមានការបង្ហូរទឹកកខ្វក់ហូរចូលអូរ ឬប្រឡាយ ដែលបង្កផលប៉ះពាល់ដល់បរិស្ថាន និងជីវភាពប្រជាពល រដ្ឋរស់នៅជុំវិញតំបន់អភិវឌ្ឍន៍នោះឡើយ ក្រុមហ៊ុនត្រូវសហ ការជិតស្និទ្ធជាមួយអាជ្ញាធរមូលដ្ឋាន គឺឃុំ និងស្រុក ក្រុមហ៊ុនត្រូវចុះបញ្ជីវិនិយោគក្នុង «កម្មវិធីពិសេសជំរុញការវិនិយោគខេត្តព្រះសីហនុ ឆ្នាំ២០២៦» ដែលទទួលបាននូវអត្ថប្រយោជន៍ជាច្រើនសម្រាប់ការវិនិយោគ គម្រោងនេះ អាចចូលរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន និងបានចូលរួមចំណែកលើកកម្ពស់ជីវភាពប្រជាពលរដ្ឋក្នុងមូលដ្ឋាន តាមរយៈការផ្តល់ឱកាសការងារ ជូនប្រជាពលរដ្ឋក្នុងតំបន់៕



ដោយ៖ ងូ សុមុនី





