សម័យប្រជុំលើកទី៦ព្រឹទ្ធសភាបានប្រកាសទទួលស្គាល់សមាជិកថ្មីព្រឹទ្ធសភា និងស្តាប់របាយការណ៍របស់គណៈកម្មាធិការអចិន្ត្រៃយ៍
AKP ភ្នំពេញ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៦--ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៦នេះ បានដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា នីតិកាលទី៥ ដើម្បីពិនិត្យ និងសម្រេចលើរបៀបវារៈសំខាន់ៗចំនួន៤ រួមមាន៖
១.ពិនិត្យ និងសម្រេចលើសំណើរបស់គណបក្សប្រជាជនកម្ពុជាលេខ ០១៧/១០២៦/លគ.គក ចុះថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦។ ២.ពិនិត្យ និងសម្រេចលើរបាយការណ៍សង្ខេបស្តីពីសកម្មភាព និងលទ្ធផលការងាររបស់ព្រឹទ្ធសភានៅចន្លោះសម័យប្រជុំលើកទី៥ និងលើកទី៦ នីតិកាលទី៥ ទៅក្នុងរបៀបវារៈសម័យប្រជុំលើកទី៦ ព្រឹទ្ធសភានីតិកាលទី៥។ ៣.កំណត់កាលបរិច្ឆេទ របៀបវារៈ និងសមាសភាពលេខាធិការសម័យប្រជុំលើកទី៦ ព្រឹទ្ធសភានីតិកាលទី៥ និង៤-ផ្សេងៗ។

ក្រោយពីបានពិនិត្យ និងពិភាក្សារួចមកគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភាបានកំណត់យកព្រឹកថ្ងៃដដែលដើម្បីបើកសម័យប្រជុំលើកទី៦ព្រឹទ្ធសភា នីតិកាលទី៥ ដោយមានរបៀវារៈចំនួន២ គឺ៖ ១.ប្រកាសទទួលស្គាល់សមាជិកថ្មីព្រឹទ្ធសភា និង២.ស្តាប់របាយការណ៍សង្ខេបរបស់គណៈកម្មាធិការអចិន្ត្រៃយ៍ស្តីពីសកម្មភាព និងលទ្ធផលការងាររបស់ព្រឹទ្ធសភានៅចន្លោះសម័យប្រជុំលើកទី៥ និងលើកទី៦ នីតិកាលទី៥៕
ដោយ ចាន់ សុភឿន (ប្រភព៖ ព្រឹទ្ធសភា)





