ខេត្តបន្ទាយមានជ័យចាក់វ៉ាក់សាំងការពារជំងឺឆ្កែឆ្កួតបានជាង ២៧.៥០០ ក្បាល ក្នុងរយៈពេល ៥ ថ្ងៃ
AKP បន្ទាយមានជ័យ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៦– មន្ត្រីជំនាញការិយាល័យផលិតកម្ម និងបសុព្យាបាល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបន្ទាយមានជ័យ បានបន្តអនុវត្តយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺឆ្កែឆ្កួតជូនសត្វឆ្កែ និងឆ្មា នៅទូទាំងខេត្ត ដោយសម្រេចចាក់វ៉ាក់សាំងបានសរុបចំនួន ២៧.៥៧៦ ក្បាល ក្នុងរយៈពេល៥ថ្ងៃ នៃផែនការអនុវត្តសរុប១០ថ្ងៃ ដើម្បីរួមចំណែកទប់ស្កាត់ការរីករាលដាលនៃជំងឺដ៏កាចសាហាវនេះ និងការពារសុខភាពសត្វ ព្រមទាំងសុខភាពសាធារណៈ។

យោងតាមរបាយការណ៍របស់ការិយាល័យផលិតកម្ម និងបសុព្យាបាល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបន្ទាយមានជ័យ បានឱ្យដឹងថា គិតត្រឹមថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៦ យុទ្ធនាការនេះបាននិងកំពុងដំណើរការតាមផែនការដែលបានគ្រោងទុក ដោយមានការសហការរវាងអង្គការ WVS អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ការិយាល័យជំនាញពាក់ព័ន្ធ អាជ្ញាធរក្រុង-ស្រុកទាំង៩ មន្ត្រីកសិកម្មឃុំ-សង្កាត់ និងភ្នាក់ងារសុខភាពសត្វភូមិ ដើម្បីពង្រីកវិសាលភាពនៃការចាក់វ៉ាក់សាំងឱ្យបានទូលំទូលាយដល់សត្វចិញ្ចឹមរបស់ប្រជាពលរដ្ឋ។

លោកស្រី អន ស៊ីថា ប្រធានស្តីទីមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបន្ទាយមានជ័យ បានឱ្យដឹងថា យុទ្ធនាការចាក់វ៉ាក់សាំងនេះមានគោលបំណងសំខាន់ក្នុងការចូលរួមបង្ការការរីករាលដាលនៃជំងឺឆ្កែឆ្កួត ការពារសុខភាពសត្វ និងសុខភាពសាធារណៈ ព្រមទាំងលើកកម្ពស់ការយល់ដឹងរបស់ប្រជាពលរដ្ឋអំពីសារៈសំខាន់នៃការចាក់វ៉ាក់សាំងបង្ការជំងឺនេះ។

លោកស្រីបានបញ្ជាក់ថា ការចាក់វ៉ាក់សាំងការពារជំងឺឆ្កែឆ្កួតជូនសត្វឆ្កែ និងឆ្មា គឺជាវិធានការបង្ការដ៏សំខាន់មួយ ដែលត្រូវការការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ ជាពិសេសម្ចាស់សត្វចិញ្ចឹម ដើម្បីកាត់បន្ថយហានិភ័យនៃការឆ្លងជំងឺពីសត្វមកមនុស្ស និងរួមចំណែកធានាសុវត្ថិភាពក្នុងសហគមន៍។ ដូច្នេះ ប្រជាពលរដ្ឋគួរយកចិត្តទុកដាក់នាំសត្វឆ្កែ និងឆ្មារបស់ខ្លួនមកទទួលការចាក់វ៉ាក់សាំងតាមការណែនាំរបស់មន្ត្រីជំនាញ។
របាយការណ៍ដដែលបានបង្ហាញថា ក្នុងរយៈពេល៥ថ្ងៃនៃការអនុវត្តយុទ្ធនាការ លទ្ធផលចាក់វ៉ាក់សាំងតាមក្រុង-ស្រុកទាំង៩ រួមមាន ស្រុកព្រះនេត្រព្រះចំនួន ៤.៣៧៥ ក្បាល ស្រុកថ្មពួកចំនួន ៤.០៧៤ ក្បាល ស្រុកមង្គលបូរីចំនួន ៣.៨៤៦ ក្បាល ស្រុកម៉ាឡៃចំនួន ៣.៥៨២ ក្បាល ស្រុកអូរជ្រៅចំនួន ៣.១៩៩ ក្បាល ក្រុងប៉ោយប៉ែតចំនួន ២.៣៨៦ ក្បាល ស្រុកស្វាយចេកចំនួន ២.៣៨៥ ក្បាល ក្រុងសិរីសោភ័ណចំនួន ២.១៩១ ក្បាល និងស្រុកភ្នំស្រុកចំនួន ១.៥៣៨ ក្បាល។
លទ្ធផលនេះបង្ហាញពីការចូលរួមសហការរបស់មន្ត្រីជំនាញ អាជ្ញាធរមូលដ្ឋាន និងភាគីពាក់ព័ន្ធ ក្នុងការជំរុញសកម្មភាពបង្ការជំងឺឆ្កែឆ្កួតនៅតាមមូលដ្ឋាន។ ទោះជាយ៉ាងណា យុទ្ធនាការនៅសល់រយៈពេល៥ថ្ងៃទៀត ដើម្បីបន្តអនុវត្តតាមផែនការ និងពង្រីកការគ្របដណ្តប់នៃការចាក់វ៉ាក់សាំងជូនសត្វឆ្កែ និងឆ្មានៅទូទាំងខេត្ត។

ជាមួយគ្នានេះ ការបង្ការជំងឺឆ្កែឆ្កួតមិនអាចពឹងផ្អែកតែលើសកម្មភាពរបស់មន្ត្រីជំនាញប៉ុណ្ណោះទេ ប៉ុន្តែត្រូវការការយកចិត្តទុកដាក់ពីម្ចាស់សត្វចិញ្ចឹម និងការចូលរួមពីសហគមន៍ផងដែរ។ ការនាំសត្វមកចាក់វ៉ាក់សាំងតាមការណែនាំ និងការរាយការណ៍ទៅមន្ត្រីជំនាញនៅពេលមានសត្វសង្ស័យឆ្លងជំងឺ គឺជាកត្តាសំខាន់ក្នុងការកាត់បន្ថយហានិភ័យ និងការពារសុខុមាលភាពរបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន៕
ដោយ៖ ឈុន សារ៉ាត





