ប្រជាពលរដ្ឋជួបការខ្វះខាតជាង១ពាន់គ្រួសារ ក្នុងសង្កាត់គោកចក ទទួលបានអំណោយពីក្រុមការងារចុះជួយមូលដ្ឋាន
AKP សៀមរាប ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៦--ប្រជាពលរដ្ឋជួបការខ្វះខាត ចាស់ជរា និងជនមានពិការភាពចំនួន ១.០០០គ្រួសារ មកពីភូមិទាំង៨ ក្នុងសង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាបបានទទួលអំណោយជាគ្រឿងឧបភោគបរិភោគពីក្រុមការងារចុះមូលដ្ឋានសង្កាត់គោកចក ដើម្បីជួយសម្រាលការលំបាកក្នុងជីវភាពរស់នៅ បន្ទាប់ពីរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង។

ពិធីចែកអំណោយនេះ បានធ្វើឡើងនៅរសៀលថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៦ ក្រោមការដឹកនាំរបស់ឯកឧត្តម លី សំរិទ្ធ ប្រធានក្រុមប្រឹក្សាខេត្តសៀមរាប និងជាប្រធានក្រុមការងារចុះមូលដ្ឋានសង្កាត់គោកចក ដោយមានការនិមន្តចូលរួមពីព្រះគ្រូវិចិត្រវង្សា ហែម គឹមសាន ព្រះគ្រូចៅអធិការវត្តប្រាសាទគោកចក ។

ឯកឧត្តម លី សំរិទ្ធ បានមានប្រសាសន៍លើកទឹកចិត្តដល់ប្រជាពលរដ្ឋឱ្យបន្តខិតខំប្រឹងប្រែងស្តារជីវភាពគ្រួសារឡើងវិញ ក្រោយទឹកស្រក តាមរយៈការបង្កបង្កើនផល ដាំដំណាំរួមផ្សំ និងប្រកបមុខរបរផ្សេងៗទៅតាមលទ្ធភាព ដើម្បីបង្កើនប្រាក់ចំណូល និងធានាបាននូវជីវភាពរស់នៅកាន់តែប្រសើរឡើង។

ជាមួយគ្នានេះ ឯកឧត្តមក៏បានណែនាំឱ្យប្រជាពលរដ្ឋយកចិត្តទុកដាក់ថែរក្សាសុខភាព ជាពិសេសមនុស្សចាស់ជរា និងកុមារតូចៗ ដោយប្រកាន់ខ្ជាប់នូវអនាម័យក្នុងការរស់នៅ ហូបស្អាត ផឹកស្អាត ព្រមទាំងបង្កើនការប្រុងប្រយ័ត្នចំពោះសត្វអសិរពិស និងគ្រោះថ្នាក់ដែលអាចកើតមានដោយការលង់ទឹក។
ក្រៅពីការយកចិត្តទុកដាក់លើសុខុមាលភាព និងជីវភាពប្រជាពលរដ្ឋ ឯកឧត្តម លី សំរិទ្ធ ក៏បានក្រើនរំលឹក និងជំរុញឱ្យប្រជាពលរដ្ឋទៅចុះឈ្មោះបោះឆ្នោត និងពិនិត្យបញ្ជីឈ្មោះបោះឆ្នោតឱ្យបានគ្រប់ៗគ្នា ដើម្បីត្រៀមលក្ខណៈសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ឆ្នាំ២០២៧ ខាងមុខនេះ។

ការនាំយកអំណោយចែកជូនប្រជាពលរដ្ឋនាពេលនេះ បានបង្ហាញពីការយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋដែលជួបការលំបាក ជាពិសេសគ្រួសារងាយរងគ្រោះ ដោយគ្រោះធម្មជាតិ ដើម្បីជួយសម្រាលបន្ទុកជីវភាព និងផ្តល់កម្លាំងចិត្តឱ្យពួកគាត់បន្តខិតខំស្តារជីវភាពគ្រួសារឡើងវិញ៕
ដោយ ឃុត សៅ





