ឯកឧត្តម ម៉ាង ស៊ីណេត អញ្ជើញបិទព្រឹត្តិការណ៍កីឡាទេសចរណ៍ក្រុងកោះរ៉ុង
AKP ព្រះសីហនុ ថ្ងៃ២៥ ខែតុលា ឆ្នាំ២០២៦ — កីឡារស់ក្នុងសន្តិភាព កីឡា ដើម្បីមិត្តភាព កីឡាដើម្បីទេសចរណ៍ នេះជាកាថ្លែងក្នុងឱកាសដែល ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ និងលោកជំទាវ អញ្ជើញបិទព្រឹត្តិការណ៍កីឡាទេសចរណ៍ក្រុងកោះរ៉ុង រយៈ ពេល៣ថ្ងៃ គឺចាប់ពីថ្ងៃទី២៣-២៥ ខែតុលា ឆ្នាំ២០២៦ នៅឆ្នេរឡងសិត ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ កាលពីរសៀលថ្ងៃអាទិត្យទី២៥ ខែតុលា ឆ្នាំ២០២៦ នេះ។

ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ បានថ្លែងបន្តថា ព្រឹត្តិការណ៍កីឡាទេសចរណ៍ក្រុងកោះរ៉ុងដែលរៀបចំរយៈពេល ៣ថ្ងៃនេះ ប្រកបដោយបរិយាកាសរីករាយតាមការគ្រោងទុក ព្រមទាំងថ្លែងអំណគុណគណៈកម្មការរៀបចំការប្រកួតដែលបានខិតខំយកអស់កម្លាំងកាយចិត្ត ប្រាជ្ញា ស្មារតី មិនខ្លាចនឿយហត់។


ឯកឧត្តមអភិបាលខេត្ត ក៏បានអរគុណដល់កីឡាករ កីឡាការិនី ភ្ញៀវទេសចរជាតិ-អន្តរជាតិ ដែលបានចូលរួមក្នុងព្រឹត្តិការណ៍កីឡាក្រុងកោះរ៉ុងនេះ ដែលជាការរួមចំណែកយ៉ាងសំខាន់ក្នុងការជួយផ្សព្វផ្សាយវិស័យទេសចរណ៍នៅកម្ពុជា ជាពិសេសផ្សព្វផ្សាយវិស័យទេសចរណ៍ខេត្តព្រះសីហនុទៅកាន់ពិភពលោក។ ជាងនេះទៀត កីឡាករ កីឡាការិនីបានចូលរួមប្រកួតប្រកបដោយស្មារតីទទួលខុសត្រូវក្នុងនាមជាកីឡា ហ៊ានទទួលយកនូវលទ្ធផល ចាញ់-ឈ្នះដែលជាធាតុដ៏សំខាន់នៃសេចក្តីថ្លៃថ្នូរ និងស្របតាមគោលការណ៍យុត្តិធម៌ និងមិត្តភាព។


ឯកឧត្តម បានបន្តថា លទ្ធផលដែលយើងទទួលបាននាពេលនេះ ពិតជាសក្តិសមសម្រាប់កីឡាករ-កីឡាការិនីដែលត្រូវបានវិនិច្ឆ័យនូវលក្ខណៈសម្បត្តិ កាយសម្បទា និងលក្ខខណ្ឌដទៃទៀត ព្រោះវិស័យកីឡាមិនគ្រាន់តែបានផ្តល់នូវកាយសម្បទារឹងមាំប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានធ្វើការអប់រំផ្លូវចិត្ត និងសីលធម៌ធ្វើយ៉ាងណាឱ្យពួកគេមានការតស៊ូប្រកបដោយភាពអង់អាចក្លាហាន អំណត់ព្យាយាម និងចេះយោគយល់គ្នា ព្រមទាំងប្រកាន់ខ្ជាប់នូវភាពយុត្តិធម៌ សុចរិត ធម៌រួមទាំងសិល្បៈក្នុងខ្លួនទៀតផង។
ក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្ត ក៏បានប្រគល់ពានជ័យលាភី និងថវិកាជូនដល់កីឡាក កីឡាការិនីប្រកបដោយភាពស្និតស្នាលផងដែ៕

ដោយ៖ ងូ សុមុនី





