អ្នកសេដ្ឋកិច្ចម៉ាឡេស៊ី៖ ការអនុវត្តជាក់ស្តែងនឹងជំរុញកំណើនអាស៊ាននៅឆ្នាំ២០២៧
AKP ភ្នំពេញ ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦ -- យោងតាមលោក ស្សាន សាអ៊ីដ ប្រធានសេដ្ឋវិទូសកលលោកនៅក្រុមហ៊ុន IQI Juwai បានឱ្យដឹងថាការអនុវត្តជាក់ស្តែង—ជាជាងមហិច្ឆតា—នឹងក្លាយជាកត្តាកំណត់កំណើនសេដ្ឋកិច្ចនៅក្នុងប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេទាំង៥ របស់អាស៊ាននៅឆ្នាំ២០២៧។ នៅក្នុងការព្យាករណ៍អំពីសេណារីយ៉ូកំណើនសម្រាប់ឆ្នាំ២០២៧ វៀតណាមឈានមុខគេនៅក្នុងតំបន់ ដោយត្រូវបានគេរំពឹងថានឹងមានកំណើនផលិតផលក្នុងស្រុកសរុប (GDP) ពិតប្រាកដចន្លោះពី ៨,២% ទៅ ៩,៥%។ បន្ទាប់មក គឺប្រទេសម៉ាឡេស៊ី (៥,៣% ទៅ ៦,៥%) និងឥណ្ឌូណេស៊ី (៥,៣% ទៅ ៦,១%) ខណៈដែលប្រទេសថៃ (២,៧% ទៅ ៣,៩%) និងហ្វីលីពីន (២,៥% ទៅ ៣,៧%) ស្ថិតនៅលំដាប់បន្ទាប់។ លោក សាអ៊ីដបានសង្កត់ធ្ងន់ថា ការអនុវត្តគោលនយោបាយប្រកបដោយប្រសិទ្ធភាព និងនិរន្តរភាព គឺជាគន្លឹះសំខាន់ក្នុងការប្រែក្លាយការព្យាករណ៍ទាំងនេះឱ្យទៅជាតម្លៃដែលមានស្ថិរភាពយូរអង្វែង។
វៀតណាម និងម៉ាឡេស៊ី គឺជាប្រទេសដែលមានសមិទ្ធផលល្អជាងគេបើទោះបីជាប្រទេសនីមួយៗសុទ្ធតែប្រឈមមុខនឹងឧបសគ្គជាក់លាក់ក្នុងការអនុវត្តក៏ដោយ។ វៀតណាមកំពុងមានការពង្រីកខ្លួនយ៉ាងឆាប់រហ័សដោយបង្ហាញពីកំណើនដ៏រឹងមាំនៅក្នុងត្រីមាសទី៣ និងការកត់ត្រានូវកម្រិតខ្ពស់បំផុតនៃការវិនិយោគផ្ទាល់ពីបរទេស។ ទោះជាយ៉ាងណាក៏ដោយវៀតណាមចាំបាច់ត្រូវបំប្លែងភាពខ្លាំងផ្នែកនាំចេញឱ្យទៅជាតម្លៃបន្ថែមនៅក្នុងស្រុក មុនពេលដែលអតិផរណា ឬពន្ធគយពីខាងក្រៅប៉ះពាល់ដល់វឌ្ឍនភាពនេះ។ ចំណែកម៉ាឡេស៊ីវិញ ទទួលបានអត្ថប្រយោជន៍ពីកំណើននៃការនាំចេញដ៏រឹងមាំ និងអតិផរណាទាប ប៉ុន្តែចាំបាច់ត្រូវប្រែក្លាយសន្ទុះនៃវិស័យឧស្សាហកម្មរបស់ខ្លួនទៅជាផលិតភាពការងារកាន់តែខ្ពស់ និងប្រាក់ឈ្នួលដែលប្រសើរជាងមុន។
ទន្ទឹមនឹងនេះ ប្រទេសឥណ្ឌូណេស៊ី ថៃ និងហ្វីលីពីន កំពុងប្រឈមមុខនឹងបញ្ហាប្រឈមផ្នែកសេដ្ឋកិច្ចដែលមានភាពស្មុគស្មាញជាងមុន។ ឥណ្ឌូណេស៊ីពឹងផ្អែកយ៉ាងខ្លាំងលើការប្រើប្រាស់របស់គ្រួសារដែលមានស្ថិរភាព ប៉ុន្តែចាំបាច់ត្រូវពង្រឹងការគ្រប់គ្រងទីផ្សារ មុនពេលមានការចាត់ថ្នាក់ឡើងវិញនៃសន្ទស្សន៍ MSCI ដ៏សំខាន់មួយនៅពាក់កណ្តាលឆ្នាំ២០២៧។ ចំពោះប្រទេសថៃ និងហ្វីលីពីនវិញ កំពុងជួបការលំបាកជាមួយនឹងកំណើនដ៏យឺតយ៉ាវ និងការធ្លាក់ចុះនៃការវិនិយោគ។ ហេតុនេះការស្តារឡើងវិញនូវការវិនិយោគពិតប្រាកដ និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធប្រកបដោយប្រសិទ្ធភាព គឺជាកត្តាចាំបាច់សម្រាប់ការងើបឡើងវិញនៃសេដ្ឋកិច្ចរបស់ប្រទេសទាំងនេះ៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ VNA)





