លោក យឹម សំណាងជំរុញការបណ្តុះបណ្តាលបដិសណ្ឋារកិច្ចបៃតង និងលើកកម្ពស់គុណភាពសេវាកម្មទេសចរណ៍នៅបន្ទាយមានជ័យ
AKP បន្ទាយមានជ័យ ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦ --លោក យឹម សំណាង អភិបាលរងខេត្តបន្ទាយមានជ័យ បានជំរុញឱ្យអ្នកប្រកបអាជីវកម្មក្នុងវិស័យទេសចរណ៍ យកចិត្តទុកដាក់លើការអភិវឌ្ឍន៍ធនធានមនុស្ស ការលើកកម្ពស់គុណភាពសេវាកម្ម អនាម័យ សុវត្ថិភាព និងការគ្រប់គ្រងបរិស្ថាន ដើម្បីឆ្លើយតបនឹងតម្រូវការរបស់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ព្រមទាំងចូលរួមជំរុញការអភិវឌ្ឍន៍វិស័យទេសចរណ៍ប្រកបដោយចីរភាព។

ការជំរុញនេះធ្វើឡើងក្នុងឱកាសដែលលោក យឹម សំណាង តំណាងឯកឧត្តម អ៊ុ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ អញ្ជើញចូលរួមសិក្ខាសាលាស្តីពី «ការពិគ្រោះយោបល់ និងតម្រង់ទិសដើម្បីជ្រើសរើសសិក្ខាកាមសម្រាប់វគ្គបណ្តុះបណ្តាលបដិសណ្ឋារកិច្ចកម្ពុជាបៃតង និងបេក្ខភាពសហគ្រាសចូលរួមប្រឡងប្រណាំងពានរង្វាន់សហគ្រាសហូកាបៃតង» នាព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦ នៅសាលប្រជុំមន្ទីរទេសចរណ៍ខេត្តបន្ទាយមានជ័យ។

សិក្ខាសាលានេះមានការអញ្ជើញចូលរួមពីលោក ឈឿន សេរីវុធ ប្រធានមន្ទីរទេសចរណ៍ខេត្តបន្ទាយមានជ័យ ព្រមទាំងតំណាងអាជីវករ ម្ចាស់ផ្ទះសំណាក់ សណ្ឋាគារ ភោជនីយដ្ឋាន អាហារដ្ឋាន និងសហគ្រាសអាជីវកម្មជាច្រើនដែលកំពុងប្រកបសកម្មភាពក្នុងវិស័យទេសចរណ៍នៅក្នុងខេត្ត។
ក្នុងឱកាសនោះ លោក យឹម សំណាង បានគូសបញ្ជាក់ថា ការបណ្តុះបណ្តាលបដិសណ្ឋារកិច្ចកម្ពុជាបៃតងនាពេលនេះគឺជាផ្នែកសំខាន់មួយក្នុងការពង្រឹងចំណេះដឹង ជំនាញវិជ្ជាជីវៈ និងសមត្ថភាពរបស់អ្នកបម្រើការងារក្នុងវិស័យទេសចរណ៍ ដើម្បីឱ្យពួកគេអាចផ្តល់សេវាកម្មប្រកបដោយវិជ្ជាជីវៈ មានគុណភាព សុវត្ថិភាព អនាម័យ និងភាពរួសរាយរាក់ទាក់។ ទន្ទឹមនឹងនេះ ការយកចិត្តទុកដាក់លើការប្រើប្រាស់ធនធានប្រកបដោយប្រសិទ្ធភាព និងការកាត់បន្ថយផលប៉ះពាល់ដល់បរិស្ថាន ក៏ជាកត្តាចាំបាច់សម្រាប់ការអភិវឌ្ឍអាជីវកម្មទេសចរណ៍ក្នុងរយៈពេលវែងផងដែរ។
លោកអភិបាលរងខេត្តបានបន្តថា ការអភិវឌ្ឍន៍វិស័យទេសចរណ៍មិនអាចពឹងផ្អែកតែលើធនធានទេសចរណ៍ ឬទីតាំងទាក់ទាញភ្ញៀវទេសចរប៉ុណ្ណោះទេ ប៉ុន្តែត្រូវមានការចូលរួមពីអ្នកផ្តល់សេវាកម្មគ្រប់ផ្នែក ដោយចាប់ផ្តើមពីការទទួលស្វាគមន៍ភ្ញៀវ ការរៀបចំកន្លែងស្នាក់នៅ ការផ្តល់ម្ហូបអាហារ រហូតដល់ការរក្សាអនាម័យ សណ្តាប់ធ្នាប់ និងបរិស្ថាន។ ការផ្តល់សេវាកម្មល្អ និងការបង្កើតបទពិសោធន៍វិជ្ជមានដល់ភ្ញៀវទេសចរ នឹងជួយបង្កើនទំនុកចិត្ត និងលើកកម្ពស់កេរ្តិ៍ឈ្មោះគោលដៅទេសចរណ៍របស់ខេត្ត។
ជាមួយគ្នានេះ លោកបានលើកឡើងថា ការជំរុញឱ្យសហគ្រាសអាជីវកម្មចូលរួមប្រឡងប្រណាំងពានរង្វាន់ «សហគ្រាសហូកាបៃតង» គឺជាយន្តការលើកទឹកចិត្តឱ្យម្ចាស់អាជីវកម្មពិនិត្យ និងកែលម្អការគ្រប់គ្រងអាជីវកម្មរបស់ខ្លួនជាបន្តបន្ទាប់ ព្រមទាំងពង្រឹងការអនុវត្តស្តង់ដារសេវាកម្ម និងគោលការណ៍បរិស្ថាន។ ការចូលរួមនេះមិនត្រឹមតែផ្តល់ឱកាសឱ្យសហគ្រាសបង្ហាញសមត្ថភាព និងបទពិសោធន៍របស់ខ្លួនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជំរុញឱ្យមានការផ្លាស់ប្តូរចំណេះដឹង និងការអនុវត្តល្អៗក្នុងចំណោមអ្នកប្រកបអាជីវកម្មទេសចរណ៍ផងដែរ។

លោក យឹម សំណាង ក៏បានរំពឹងថា តាមរយៈសិក្ខាសាលានេះ អ្នកប្រកបអាជីវកម្មក្នុងខេត្តនឹងយល់កាន់តែច្បាស់អំពីលក្ខខណ្ឌ និងដំណើរការជ្រើសរើសសិក្ខាកាមសម្រាប់វគ្គបណ្តុះបណ្តាល ព្រមទាំងលក្ខណៈវិនិច្ឆ័យសម្រាប់សហគ្រាសដែលមានបំណងចូលរួមប្រឡងប្រណាំងពានរង្វាន់សហគ្រាសហូកាបៃតង។ លោកបានសង្កត់ធ្ងន់លើសារៈសំខាន់នៃការចូលរួមសហការរវាងមន្ទីរជំនាញ អាជ្ញាធរពាក់ព័ន្ធ និងវិស័យឯកជន ដើម្បីធានាថា ការបណ្តុះបណ្តាល និងការលើកកម្ពស់ស្តង់ដារសេវាកម្មអាចឆ្លើយតបនឹងតម្រូវការជាក់ស្តែងរបស់អាជីវកម្ម និងភ្ញៀវទេសចរ។
ដោយឡែក លោក ឈឿន សេរីវុធ ប្រធានមន្ទីរទេសចរណ៍ខេត្តបន្ទាយមានជ័យបានមានប្រសាសន៍ថា សិក្ខាសាលានេះមានគោលបំណងពិគ្រោះយោបល់ ផ្សព្វផ្សាយព័ត៌មាន និងតម្រង់ទិសដល់អ្នកប្រកបអាជីវកម្មក្នុងវិស័យទេសចរណ៍ អំពីការជ្រើសរើសសិក្ខាកាមសម្រាប់ចូលរួមវគ្គបណ្តុះបណ្តាលបដិសណ្ឋារកិច្ចកម្ពុជាបៃតង ព្រមទាំងការជ្រើសរើសសហគ្រាសដែលមានសក្តានុពល ដើម្បីចូលរួមប្រឡងប្រណាំងពានរង្វាន់ «សហគ្រាសហូកាបៃតង»។ លោកបានបង្ហាញពីសារៈសំខាន់នៃការផ្សារភ្ជាប់ការបណ្តុះបណ្តាលជំនាញជាមួយការអនុវត្តជាក់ស្តែងនៅតាមមូលដ្ឋានអាជីវកម្ម ដើម្បីឱ្យការផ្តល់សេវាកម្មមានភាពប្រសើរឡើង និងស្របតាមទិសដៅអភិវឌ្ឍន៍ទេសចរណ៍បៃតង។

សិក្ខាសាលានេះត្រូវបានរំពឹងថា នឹងជួយពង្រឹងការយល់ដឹង និងជំរុញការចូលរួមរបស់សហគ្រាសអាជីវកម្មទេសចរណ៍ក្នុងខេត្តបន្ទាយមានជ័យ ឱ្យកាន់តែសកម្មក្នុងការអភិវឌ្ឍធនធានមនុស្ស កែលម្អសេវាកម្ម និងអនុវត្តការគ្រប់គ្រងប្រកបដោយការទទួលខុសត្រូវចំពោះសង្គម និងបរិស្ថាន។
សកម្មភាពនេះជាផ្នែកមួយនៃការជំរុញឱ្យវិស័យទេសចរណ៍ក្នុងខេត្តបន្ទាយមានជ័យមានគុណភាព និងភាពប្រកួតប្រជែងកាន់តែប្រសើរ ដោយផ្តោតលើការអភិវឌ្ឍន៍សេវាកម្មដែលមានស្តង់ដារ ការថែរក្សាបរិស្ថាន និងការបង្កើនទំនុកចិត្តរបស់ភ្ញៀវទេសចរ។ ការរីកចម្រើននៃវិស័យនេះក៏អាចបង្កើតឱកាសការងារ បង្កើនប្រាក់ចំណូលដល់សហគ្រាស និងប្រជាពលរដ្ឋក្នុងមូលដ្ឋាន ព្រមទាំងរួមចំណែកដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ចខេត្តប្រកបដោយចីរភាពផងដែរ៕
ដោយ ឈុន សារ៉ាត





