គម្រោងគជ់ នាំបច្ចេកទេសឱ្យកសិកម្ម ឆ្លើយតបនឹងលក្ខខណ្ឌអាកាសធាតុ ជូនដល់កសិករ
AKP ភ្នំពេញ ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦--គម្រោងគជ់បានបន្តបើកវគ្គបណ្តុះបណ្តាលគ្រូបង្គោលជុំទីបីរបស់ខ្លួនដើម្បីជួយឱ្យមានការចែករំលែកព័ត៌មានពីរបៀបប្រើប្រាស់ប្រព័ន្ធសេវាកម្មកសិឧតុនិយម ទៅកាន់កសិករដែលមានទំហំផលិតកម្មតូច នៅសៀមរាប ។ នេះបើតាមការឱ្យដឹងពីគម្រោងគជ់ នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦ ។

អ្នកចូលរួមបានរៀនពីរបៀបបំប្លែងការព្យាករណ៍អាកាសធាតុទៅជាការណែនាំជាក់ស្តែងអំពីពេលវេលានៃការដាំដុះ របៀបគ្រប់គ្រងទឹក និងរបៀបគ្រប់គ្រងដំណាំ ព្រមទាំងការត្រៀមខ្លួនសម្រាប់អាកាសធាតុដែលមានការប្រែប្រួល។ តាមរយៈការសម្តែងដើរតួក្នុងវគ្គបណ្តុះបណ្តាល និងការអនុវត្តន៍ជាក់ស្តែង អ្នកចូលរួមក៏បានហាត់អនុវត្តការទំនាក់ទំនងប្រកបដោយភាពច្បាស់លាស់ជាមួយកសិករ ជាពិសេសកសិករស្ត្រី និងសហគមន៍ជនជាតិដើមភាគតិចផងដែរ។ តាមរយៈការនាំយកព័ត៌មានអំពីអាកាសធាតុទៅបង្រៀនកសិករ គម្រោងគជ់ កំពុងជួយពួកគេឱ្យធ្វើការសម្រេចចិត្តបានត្រឹមត្រូវ កាត់បន្ថយការខូចខាតដំណាំ និងការខាតបង់ ។

វគ្គបណ្តុះបណ្តាលនេះដឹកនាំដោយលោកបណ្ឌិត ជូ ជ័យធីរិទ្ធ អគ្គនាយករងនៃអគ្គនាយកដ្ឋានក្សេត្រសាស្ត្រ និងជាអ្នកគ្រប់គ្រងគម្រោងគជ់ មានអ្នកចូលរួមជាង ១៥០នាក់ រួមមានអាជ្ញាធរមូលដ្ឋាន វិស័យឯកជន និងក្រុមអ្នកដឹកនាំសហគមន៍។ ដោយទទួលបានការគាំទ្រពីមូលនិធិអាកាសធាតុបៃតង វគ្គបណ្តុះបណ្តាលនេះដឹកនាំដោយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះវិហារ និងអគ្គនាយកដ្ឋានក្សេត្រសាស្ត្រ ដោយមានការគាំទ្រផ្នែកបច្ចេកទេសពីក្រសួងធនធានទឹក និងឧតុនិយម និងអង្គការ FAO ៕

ដោយ ណយ នឿន (ប្រភព៖គម្រោងគជ់)





