ពិធី ប្រគល់-ទទួលជាផ្លូវការនូវលទ្ធផលនៃការសិក្សាសមិទ្ធិលទ្ធភាពលើគម្រោងកែលម្អធ្វើទំនើបកម្ម និងពង្រីកសារមន្ទីរជាតិកម្ពុជា
AKP ភ្នំពេញ ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦--លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈបានអញ្ជើញចូលរួមក្នុងពិធីប្រគល់-ទទួលជាផ្លូវការនូវលទ្ធផលនៃការសិក្សាសមិទ្ធិលទ្ធភាពលើគម្រោងកែលម្អធ្វើទំនើបកម្ម និងពង្រីកសារមន្ទីរជាតិកម្ពុជា ក្រោមអធិបតីភាពឯកឧត្តម វង្សី វិសុទ្ធ ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងឯកឧត្តម Olivier Richard ឯកអគ្គរដ្ឋទូតបារាំងប្រចាំព្រះរាជាណាចក្រកម្ពុជា។

ពិធីនេះប្រារព្ធឡើងនៅសារមន្ទីរជាតិកម្ពុជាកាលពីថ្ងៃព្រហស្បតិ៍ ទី២២ ខែតុលា ឆ្នាំ២០២៦ដោយមានការអញ្ជើ ញចូលរួមដោយ ឯកឧត្តម លោកជំទាវ លោក លោកស្រី ប្រមាណ ៣០នាក់។
លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីបានចាត់ទុកគម្រោងនេះជាសក្ខីភាពបញ្ជាក់ពីភាពស៊ីជម្រៅនៃចំណងមិត្ត ភាព និងកិច្ចសហប្រតិបត្តិការវប្បធម៌រវាងកម្ពុជា និងបារាំង ដែលបានកសាងឡើងលើមូលដ្ឋាននៃប្រវត្តិសាស្ត្រដ៏យូរអង្វែង និងការប្ដេជ្ញាចិត្តរួមក្នុងការថែរក្សា និងលើកតម្កើងបេតិកភណ្ឌវប្បធម៌។
គួររម្លឹកផងដែរថា គម្រោងនេះបានចាប់ផ្តើមរូបរាងឡើងក្រោយមានមតិណែនាំ និងចក្ខុវិស័យដ៏វែងឆ្ងាយរបស់សម្តេចអគ្គមហាសេនាបតីតេជោនាចុងអណត្តិទី៦ និងបន្ទាប់ពីជំនួបកំពូលរបស់ប្រមុខរដ្ឋ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងឯកឧត្តមប្រធានាធិបតីបារាំង។

ជាបន្តបន្ទាប់គម្រោងនេះទទួលបានការគាំទ្រ និងការផ្តល់ជាគោលការណ៍អនុវត្តរបស់សម្តេចធិបតី ព្រមទាំងការគាំទ្រដ៏មានតម្លៃរបស់ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី។
នៅក្នុងបរិបទនេះហើយដែលការសិក្សាសមិទ្ធិលទ្ធភាព «គម្រោងកែលម្អធ្វើទំនើបកម្ម និងពង្រីកសារមន្ទីរជាតិ» ដែលកិច្ចសហការផ្ទាល់រវាងក្រសួងវ ប្បធម៌និងវិចិត្រសិល្បៈ និងស្ថានទូតបារាំងនៅភ្នំពេញ ជាមួយនឹងថវិកា៩០ម៉ឺនយូរ៉ូ។

ចក្ខុវិស័យនេះ គឺផ្តោតទៅលើការសិក្សាស្វែងរកលទ្ធភាពអភិវឌ្ឍសារមន្ទីរជាតិ កម្ពុជាឱ្យកាន់តែប្រសើរឡើង ដោយរក្សាបាននូវតម្លៃប្រវត្តិសាស្ត្ររបស់សារមន្ទីរ ពង្រឹងសមត្ថភាពក្នុងការថែរក្សា និងដាក់តាំងបង្ហាញសម្បត្តិវប្បធម៌ជាតិ ព្រមទាំងឆ្លើយតបទៅនឹងតម្រូវការនាពេលអនាគត។
ក្នុងឱកាសនោះឯកឧត្ដមឧបនា យករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានថ្លែង អំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាល និង ស្ថានទូតបារាំងប្រចាំកម្ពុជា, Expertise France, សារមន្ទីរជាតិសិល្បៈអាស៊ីហ្គីមេ និងក្រសួង វប្បធម៌និងវិចិត្រសិល្បៈ ព្រមទាំងដៃគូពាក់ព័ន្ធទាំងអស់ ដែលបានចូលរួមចំណែកធ្វើឱ្យគម្រោងដ៏មានសារៈសំខាន់នេះសម្រេចបានលទ្ធផលជោគជ័យដ៏គួរឱ្យកោតសរសើរ។

ឯកឧត្ដមឧបនាយករដ្ឋមន្ត្រីប្រចាំការ ក៏បានថ្លែងអំណរគុណភាគីបារាំងផងដែរ ចំពោះការបន្តបញ្ជូនអ្នកជំនាញការ និងការសម្របសម្រួលឱ្យមានកិច្ចសហប្រតិបត្តិការផ្ទាល់រវាងសារមន្ទីរជាតិកម្ពុជា និងសារមន្ទីរជាតិសិល្បៈអាស៊ីហ្គីមេ ក្នុងរយៈពេលពីរឆ្នាំបន្ថែមទៀត។
ឯកឧត្ដមឧបនាយករដ្ឋមន្ត្រីប្រចាំការ បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាប្តេជ្ញាជំរុញការអភិវឌ្ឍប្រកប ដោយចីរភាព និងបរិយាបន្ន លើការពង្រឹងមូលធនមនុស្ស ការធ្វើទំនើបកម្មស្ថាប័ន និងលើកកម្ពស់អត្តសញ្ញាណវប្បធម៌ជាតិ ដែលជាមូលដ្ឋានគ្រឹះនៃការពង្រឹងអត្តសញ្ញាណជាតិនិងស្មារតីស្នេហាជាតិ។ ការប្តេជ្ញាចិត្តនេះត្រូវបានឆ្លុះបញ្ចាំងតាមរយៈការបង្កើតគណៈក ម្មាធិការជាតិវប្បធម៌ ប្រវត្តិសាស្ត្រ និងអារ្យធម៌ខ្មែរ នាពេលថ្មីៗនេះ។
ឯកឧត្ដមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានលើកឡើងថា សារមន្ទីរជាតិកម្ពុជាមានតួនាទីយ៉ាងសំខាន់ក្នុងការថែរក្សា ការពារនិងអភិរក្សមរតកវប្បធម៌ ការសិក្សាស្រាវជ្រាវ ការអប់រំ ព្រមទាំងពង្រឹងអត្តសញ្ញាណ និងមោទ នភាពជាតិ ហើយសម្បត្តិបេតិកភណ្ឌដែលបានថែរក្សាទុកនៅទីនេះ បានបង្ហាញពីស្នាដៃសិល្បៈ ជំនឿសាសនា បទពិសោធ ប្រវត្តិសាស្ត្រ និងសមត្ថភាពច្នៃប្រឌិតរបស់ប្រជាជនខ្មែរ ដែលមានឫសគល់តាំងពីជាងពីរពាន់ឆ្នាំមុន។ លើសពីនេះ សារមន្ទីរជាតិក៏ជាមជ្ឈមណ្ឌ លសម្រាប់ឱ្យយុវជនបានស្វែងយល់ពីឫសគល់ និងអត្តសញ្ញាណរបស់ខ្លួន ព្រមទាំងផ្តល់ឱកាសដល់ភ្ញៀវអន្តរជាតិស្វែងយល់ពីភាពសម្បូរបែបនៃអារ្យធម៌ខ្មែរ ហើយក៏រួមចំណែកលើកកម្ពស់វត្តមានវប្បធម៌កម្ពុជាលើឆាកអន្តរជាតិ ក៏ដូចជាការទាក់ទាញទេសចរ។
ឯកឧត្ដម វង្សី វិស្សុត បន្តថា ការបញ្ចប់ការសិក្សាសមិទ្ធិលទ្ធភាពនៃគម្រោងនេះ នឹងផ្តល់នូវមូលដ្ឋានសិក្សាដ៏មានតម្លៃសម្រាប់ដំណាក់កាលបន្ទាប់នៃការអភិវឌ្ឍសារមន្ទីរជាតិ។ មហិច្ឆតារបស់រាជរដ្ឋាភិបាលកម្ពុជា គឺអភិវឌ្ឍសារមន្ទីរជាតិឱ្យក្លាយជាស្ថាប័នទំនើបមួយ ដោយធានាបាននូវសុវត្ថិភាព ចីរភាព និងអាចបំពេញមុខងាររបស់ខ្លួនស្របតាមស្តង់ដាវិជ្ជាជីវៈក្នុងសម័យ កាលទំនើប ដើម្បីអាចមានសមត្ថភាពទទួលភ្ញៀវជាតិ និងអន្តរជាតិបានកាន់តែច្រើន និងដើម្បីរួមចំណែកដល់ការជំរុញទេសចរណ៍វប្បធម៌ និងសេដ្ឋកិច្ចច្នៃ ប្រឌិត។ ក្រៅពីនោះ រាជរដ្ឋាភិបាលក៏មានបំណងប្រែក្លាយសារមន្ទីរនេះ ទៅជាវេទិកា សម្រាប់ការស្រាវជ្រាវ ការអប់រំ ការចូលរួមរបស់សាធារណជននិងកិច្ចសន្ទនាវប្បធម៌អន្តរជាតិផងដែរ។
ឯកឧត្ដម វង្សី វិស្សុត ក៏បានវាយតម្លៃខ្ពស់ចំពោះចំណងមិត្តភាពដ៏យូរអង្វែងរវាងកម្ពុជានិងបារាំង ដោយក្នុងនោះ កិច្ចសហប្រតិបត្តិការលើវិស័យវប្បធម៌ និងបេតិកភណ្ឌ គឺជាផ្នែកមួយដ៏សំខាន់ និងមានអត្ថន័យជ្រាលជ្រៅនៃទំនាក់ ទំនងរវាងប្រទេសទាំងពីរ ក្នុងរយៈកាលជាង ១៥០ឆ្នាំ កន្លងមកនេះ។
ឯកឧត្ដមឧបនាយករដ្ឋមន្ត្រីប្រចាំការ បានបន្តថា កម្មវិធីនាថ្ងៃនេះ គឺជាសក្ខីភាព ដែលបង្ហាញពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបា លបារាំង ក្នុងការបន្តជំរុញកិច្ចសហប្រ តិបត្តិការលើវិស័យវប្បធម៌ និងបេតិកភណ្ឌ ដើម្បីបន្តថែរក្សាមរតកជាតិ និងផ្សព្វផ្សាយអារ្យធម៌ខ្មែរឱ្យកាន់តែទូលំទូលាយលើឆាកអន្តរជាតិ។ ទន្ទឹមនេះកម្ពុជានិងបារាំង ក៏បានឯកភាពគ្នាក្នុងការជំរុញកិច្ចសហប្រតិបត្តិការលើការធ្វើទំនើបកម្មបណ្ណសារដ្ឋានជាតិ បណ្ណាល័យជាតិ និងសារមន្ទីរជាតិ ដែលសុទ្ធសឹងជាស្ថាប័នមានតួនាទីគន្លឹះ ក្នុងការថែរក្សានិងលើកតម្កើងអត្តសញ្ញាណជាតិ និងបេតិកភណ្ឌជាតិ។

ឯកឧត្ដមឧបនាយករដ្ឋមន្ត្រីប្រចាំការមានជំនឿយ៉ាងមុតមាំថា កិច្ចសហប្រតិ បត្តិការក្នុងវិស័យវប្បធម៌ និងបេតិក ភណ្ឌរវាងប្រទេសទាំងពីរ នឹងឈានដល់ដំណាក់កាលថ្មីមួយទៀត ក្នុងនៅក្នុងឱកាសនៃដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ឯកឧត្តមប្រធានាធិបតី Emmanuel Macron មកកាន់កម្ពុជា ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីនាពេលខាងមុខនេះ៕
ដោយ៖ ប៊ុនរិទ្ធ





