លោកជំទាវ ដាំ ដារីនី នាំយកអំណោយសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជូនយោធិនពិការ របួស និងគ្រួសារកងទ័ពនៅមណ្ឌល ៣១៧ តេជោភ្នំឆត្រ
AKP បន្ទាយមានជ័យ ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦-- លោកជំទាវ នាយឧត្តមសេនីយ៍ ដាំ ដារីនី រដ្ឋលេខាធិការក្រសួងការពារជាតិនៅព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦ បានអញ្ជើញចុះសំណេះសំណាល សួរសុខទុក្ខ និងនាំយកអំណោយ ព្រមទាំងថវិកាដ៏ថ្លៃថ្លារបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់យោធិនពិការ យោធិនរងរបួស និងគ្រួសារកងទ័ព នៅមណ្ឌលអភិវឌ្ឍន៍យោធិនពិការ ៣១៧ តេជោភ្នំឆត្រ ដើម្បីបង្ហាញពីការយកចិត្តទុកដាក់ និងការគិតគូរដល់សុខទុក្ខរបស់អតីតយុទ្ធជន និងក្រុមគ្រួសារ ដែលបានលះបង់កម្លាំងកាយចិត្តក្នុងបុព្វហេតុការពារជាតិមាតុភូមិ។

ក្នុងឱកាសសំណេះសំណាលនេះ លោកជំទាវ នាយឧត្តមសេនីយ៍ ដាំ ដារីនី បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ និងក្តីនឹករលឹកដ៏ជ្រាលជ្រៅពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ជូនចំពោះយោធិនពិការ យោធិនរងរបួស និងក្រុមគ្រួសារកងទ័ពទាំងអស់នៅមណ្ឌលអភិវឌ្ឍន៍យោធិនពិការ ៣១៧ តេជោភ្នំឆត្រ។

លោកជំទាវបានបញ្ជាក់ថា ជានិច្ចកាល សម្តេចកិត្តិព្រឹទ្ធបណ្ឌិតតែងតែគិតគូរយកចិត្តទុកដាក់ចំពោះសុខទុក្ខ និងជីវភាពរស់នៅរបស់យោធិនពិការ យោធិនរងរបួស និងគ្រួសារកងទ័ពនៅគ្រប់ទីកន្លែង ដោយមិនទុកឱ្យបងប្អូនដែលបានលះបង់ដើម្បីជាតិមាតុភូមិ និងក្រុមគ្រួសាររបស់ពួកគាត់ប្រឈមនឹងការលំបាកដោយគ្មានការយកចិត្តទុកដាក់នោះឡើយ។

ជាមួយគ្នានេះ លោកជំទាវក៏បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះវីរភាព ស្មារតីអង់អាចក្លាហាន និងការលះបង់របស់យោធិនទាំងអស់ ក្នុងបេសកកម្មការពារបូរណភាពទឹកដី អធិបតេយ្យភាពជាតិ និងសន្តិសុខជូនប្រជាពលរដ្ឋ។ ការលះបង់របស់បងប្អូនគឺជាគំរូដ៏មានតម្លៃនៃស្មារតីស្នេហាជាតិ ហើយការយកចិត្តទុកដាក់ចំពោះសុខុមាលភាព និងជីវភាពរស់នៅរបស់យោធិនពិការ និងរងរបួស គឺជាការបង្ហាញពីសាមគ្គីភាព ការដឹងគុណ និងការមិនបំភ្លេចគុណបំណាច់របស់អ្នកដែលបានបម្រើជាតិមាតុភូមិ។ សកម្មភាពសំណេះសំណាល និងនាំយកអំណោយនៅពេលនេះ ក៏បានបង្ហាញពីស្មារតីមនុស្សធម៌ និងការចែករំលែកក្តីស្រឡាញ់ចំពោះអតីតយុទ្ធជន និងក្រុមគ្រួសារកងទ័ព ដែលជាកម្លាំងចិត្តដ៏សំខាន់ក្នុងការជំរុញឱ្យបងប្អូនបន្តខិតខំប្រឹងប្រែងកសាងជីវភាពរស់នៅ និងរក្សាស្មារតីរឹងមាំក្នុងការរួមចំណែកអភិវឌ្ឍសង្គមជាតិ។

ដោយឡែក ក្នុងឱកាសនោះ លោកជំទាវ នាយឧត្តមសេនីយ៍ ដាំ ដារីនី និងប្រតិភូ ក៏បានអញ្ជើញប្រគេនទេយ្យទានដល់ព្រះសង្ឃចំនួន២វត្ត រួមមាន វត្តធម្មារាមប្រាសាទខ្វាវលិច និងវត្តប្រាសាទសំរោងតេជោសែនជ័យ ដើម្បីរួមចំណែកទ្រទ្រង់វិស័យព្រះពុទ្ធសាសនា និងលើកកម្ពស់សកម្មភាពសប្បុរសធម៌ក្នុងសង្គម។ ទេយ្យទានដែលបានប្រគេនជូនក្នុងមួយវត្តៗ រួមមាន អង្ករចំនួន១០បាវ មី១០កេស ទឹកត្រី១០យួរ ត្រីខមួយកេស ទឹកបរិសុទ្ធ១០កេស សារុង ក្រណាត់ស ភួយ និងមុងចំនួន៥០ ព្រមទាំងបច្ច័យចំនួន១លាន៥សែនរៀល។

ការចុះសួរសុខទុក្ខ និងការប្រគេនទេយ្យទាននេះ បានឆ្លុះបញ្ចាំងពីការរួមបញ្ចូលគ្នារវាងសកម្មភាពមនុស្សធម៌ និងសប្បុរសធម៌សាសនា ក្នុងការជួយសម្រាលការលំបាករបស់យោធិនពិការ យោធិនរងរបួស និងក្រុមគ្រួសារ ព្រមទាំងចូលរួមលើកស្ទួយព្រះពុទ្ធសាសនា ដែលជាមូលដ្ឋានដ៏សំខាន់នៃជំនឿ ប្រពៃណី និងវប្បធម៌របស់ប្រជាជនកម្ពុជា។ សកម្មភាពទាំងនេះក៏ជាសារបង្ហាញពីការយកចិត្តទុកដាក់ចំពោះអ្នកដែលបានលះបង់ដើម្បីជាតិ និងការចែករំលែកធនធានដោយស្មារតីសប្បុរសធម៌ ដើម្បីរួមគ្នាកសាងសង្គមមួយដែលមានភាពកក់ក្តៅ សាមគ្គីភាព និងការយកចិត្តទុកដាក់ចំពោះគ្នាទៅវិញទៅមក៕
ដោយ ឈុន សារ៉ាត





