ឧត្តមសេនីយ៍ទោ សោម ស៊ុន ចុះពិនិត្យការសាងសង់អគារសិក្សាមួយខ្នងចំនួន៦បន្ទប់ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចធិបតី និងលោកជំទាវនៅឃុំខ្លែង ស្រុកសណ្ដាន់
AKP កំពង់ធំ ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦-- ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ និងជាអនុប្រធានក្រុមការងាររបស់រាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកសណ្ដាន់ នាព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦ បានដឹកនាំសហការីទៅពិនិត្យការសាងសង់អគារសិក្សាមួយខ្នងមានចំនួន៦បន្ទប់ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី តាមរយៈឯកឧត្តមនាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកសណ្ដាន់ ខេត្តកំពង់ធំ ដែលកំពុងដំណើរការសាងសង់ជូនសិស្សានុសិស្សនៅសាលាបឋមសិក្សាសាមគ្គីមានជ័យ ស្ថិតនៅក្នុងឃុំក្លែង ស្រុកសណ្តាន់ ខេត្តកំពង់ធំ។

លោក លុច ម៉ៃ ប្រធានក្រុមការងារសាងសង់អគារសិក្សានៃសាលាបឋមសិក្សាភាសាមគ្គីមានជ័យ បានរាយការណ៍បញ្ជាក់ថា អគារសិក្សាមួយខ្នងនេះមានចំនួន៦បន្ទប់ បានចាប់ផ្ដើមដំណើរការសាងសង់ កាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦ ហើយនឹងត្រូវបញ្ចប់ការសាងសង់ នៅដើមខែវិច្ឆិកា ឆ្នាំ២០២៦ ខាងមុខនេះឱ្យទាន់ពេលវេលាដែលសិស្សានុសិស្សចូលរៀនសូត្រក្នុងបវេសនកាលថ្មី ឆ្នាំ២០២៦-២០២៧ខាងមុខនេះ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានបញ្ជាក់ថា អគារសិក្សាថ្មីដែលមានចំនួន៦បន្ទប់នេះ សាងសង់ឡើងតាមសំណូមពររបស់លោកគ្រូអ្នកគ្រូ និងសិស្សានុស្សិស្ស ព្រមទាំងអាជ្ញាធរដែនដីនិងប្រជាពលរដ្ឋ នៅភូមិអង្គរសែនជ័យ ឃុំក្លែងដោយអគារសិក្សាចាស់សាងសង់ឡើង អំពីឈើដំបូលនិងជញ្ជាំងស័ង្កសីហើយអាគារមួយចំនួនទៀតធ្វើអំពីឈើជញ្ជាំងក្តារ មានសភាពពុកផុយខូចខាតទ្រុឌទ្រោមយ៉ាងខ្លាំង ហើយមិនគ្រប់ចំនួនថ្នាក់ដែលក្មួយៗ និងចៅៗត្រូវសិក្សារៀនសូត្រ ហើយកន្លងទៅការរៀនសូត្រត្រូវផ្លាស់ប្ដូរវេនគ្នាតាមថ្នាក់នីមួយៗ។ ដើម្បីដោះស្រាយសំណូមពរនេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ តាមរយៈឯកឧត្តមនាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ បានចាត់ចែងដំណើរការសាងសង់អគារសិក្សាមួយខ្នងនេះជូនដល់ចៅៗ និងក្មួយៗបានសិក្សារៀនសូត្របានសមរម្យ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានបញ្ជាក់បន្ថែមទៀតថា នៅក្នុងបន្ទប់សិក្សានីមួយៗ ឯកឧត្តមនាយឧត្តមសេនីយ៍ ម៉ៅសុផាន់ បានបំពាក់តុ និងកៅអីសម្រាប់សិស្សចំនួន២៤ ឈុតនិងតុកៅអីសម្រាប់លោកគ្រូអ្នកគ្រូចំនួនមួយឈុត ដែលក្នុងមួយបន្ទប់អាចដាក់សិស្សអង្គុយសិក្សាបានចំនួន៤៨នាក់។

លោក លាភ ធីនី នាយកសាលាបឋមសិក្សាសាមគ្គីមានជ័យ បានថ្លែងអំណរគុណដ៏ជ្រាលជ្រៅជាទីបំផុតចំពោះសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី តាមរយៈឯកឧត្តមនាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ ដែលបានសាងសង់អគារសិក្សាថ្មីនេះជូនដល់សិស្សានុសិស្សដែលកំពុងមានការលំបាកខ្វះខាត នៅអាគារ តុសម្រាប់សិក្សារៀនសូត្រនៅពេលនេះ និងសូមគោរពជូនពរសម្ដេច និងលោកជំទាវ ព្រមទាំងឯកឧត្តមនាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ សូមទទួលបាននូវពុទ្ធពរទាំង ៤ប្រការកុំបីឃ្លៀងឃ្លាតឡើយ៕
ដោយ ស៊ុម វណ្ណា





