ការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ចុះរឹតបន្តឹងអនុវត្តន៍ច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក និងធ្វើតេស្ដរកសារធាតុញៀនលើអ្នកបើកបររថយន្តធុនធ្ងន់
AKP ព្រះសីហនុ ថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៦--នាព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៦ លោក វរសេនីយ៍ទោ នី ចាន់ណារ៉ា នាយការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋានខេត្តព្រះសីហនុ បានដឹកនាំកម្លាំងការិយាល័យ ចុះរឹតបន្តឹងអនុវត្តន៍ច្បាប់ ស្តីពីចរាចរណ៍ផ្លូវគោក ត្រួតពិនិត្យជាតិស្រវឹង និងធ្វើតេស្ដរកសារធាតុញៀន លើអ្នកបើកបររថយន្តធុនធ្ងន់ លើផ្លូវជាតិលេខ៤ ត្រង់ចន្លោះគីឡូម៉ែត្រ ២២០-២២១ ស្ថិតនៅសង្កាត់ ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

លោកវរសេនីយ៍ទោ នី ចាន់ណារ៉ា នាយការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក បានឱ្យ ដឹងថា ក្នុងការចុះរឹតបន្តឹងច្បាប់ចរាចរណ៍ និងធ្វើតេស្តរកសាធាតុញៀន លើអ្នកបើកបររថយន្តធុនធ្ងន់នៅលើដងផ្លូវក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ ព្រមទាំងបានធ្វើការផ្សព្វផ្សាយ និងអប់រំ ណែនាំដល់អ្នកបើកបរយានយន្តគ្រប់ប្រភេទឱ្យចូលរួមគោរពច្បាប់ ស្ដីពី ចរាចរណ៍ផ្លូវគោក -បើកបរគោរពល្បឿនកំណត់ -មិនវ៉ាជែងក្នុងស្ថានភាពគ្រោះថ្នាក់ -គោរពផ្លាកសញ្ញាភ្លើងសញ្ញាចរាចរណ៍ -គោរពសិទ្ធិអាទិភាព -ត្រូវចេះយោគយល់ អធ្យាស្រ័យអនុគ្រោះ -កុំបើកបរក្នុងឥទ្ធិពលនៃគ្រឿងស្រវឹង និងសារធាតុញៀនជាដាច់ខាត ដើម្បីចៀសផុតពីករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងដោយយថាហេតុ។

លោកនាយការិយាល័យចរាចរណ៍ផ្លូវគោកបានបញ្ជាក់ថា មន្ត្រីជំនាញការិយាល័យចរាចរណ៍ផ្លូវគោកខេត្ត បានចុះធ្វើការផ្សព្វផ្សាយ អប់រំ ស្តីពីសុវត្ថិភាពចរាចរណ៍ដល់អ្នកបើកបររថយន្តធុនតូច ធុនធំ សិស្សានុសិស្ស ប្រជាពលរដ្ឋឱ្យមានការយល់ដឹង និងចូលរួមគោរពច្បាប់ចរាចរណ៍ ដើម្បីកាត់បន្ថយគ្រោះថ្នាក់បណ្តាលឱ្យមានមនុស្សស្លាប់ របួសពិការភាព និងធ្វើឱ្យខូចខាត ទ្រព្យសម្បត្តិឯកជន និងទ្រព្យសម្បត្តរដ្ឋ។ ព្រោះគ្រោះថ្នាក់ចារាចរណ៍ គឺជាឃាតករលាក់មុខ ប្រសិនបើយើងមានការធ្វេសប្រហេសតែបន្តិច គ្រោះថ្នាក់ចរាចរណ៍វានឹងអាចកើតមានឡើងភ្លាម ដូច្នេះយើងត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា៕


ដោយ ងូ សុមុនី





