បញ្ហាព្រំដែនកម្ពុជា-ថៃ! សម្តេចប្រធានរដ្ឋសភាបញ្ជាក់ប្រាប់ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ថាពីជំហរកម្ពុជាដោះស្រាយបញ្ហាដោយសន្តិវិធី ផ្អែកលើច្បាប់អន្តរ ជាតិ
AKP ភ្នំពេញ ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៦--សម្តេចប្រធានរដ្ឋសភាកម្ពុជាបានគូសបញ្ជាក់ពីជំហរច្បាស់លាស់ប្រាប់ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ប្រចាំកម្ពុជាថា ជំហររបស់កម្ពុជាក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយប្រទេសថៃដោយ សន្តិវិធី ផ្អែកលើច្បាប់អន្តរជាតិ ដោយមិនទទួលយកដាច់ខាតនូវការប្រើប្រាស់កម្លាំងយោធាដើម្បីឈ្លានពាន ឬកែប្រែព្រំដែនឡើយ។

ប្រាប់ក្រុមអ្នកសារព័ត៌មានឯកឧត្តម កែវ ពិសិដ្ឋនាយកខុន្ទកាល័យនិងជាអ្នកនាំ ពាក្យសម្តេចប្រធានរដ្ឋសភាបានឱ្យដឹងថាសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជា ណាចក្រកម្ពុជា នាព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៦ នេះ បានអនុញ្ញាតឱ្យលោកជំទាវ Silke Röfer ឯកអគ្គរដ្ឋទូតតែងតាំងថ្មីនៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានរដ្ឋសភា។

ក្នុងជំនួបនោះ សម្តេចប្រធានរដ្ឋសភា និងលោកជំទាវឯកអគ្គរដ្ឋទូត បានពិភាក្សាលើចំណុចសំខាន់ៗ ជាច្រើន រួមមាន៖សេដ្ឋកិច្ច និងពាណិជ្ជកម្មដោយ សម្តេចប្រធានរដ្ឋសភាបានស្នើឱ្យភាគីអាល្លឺម៉ង់ពិចារណាបង្កើនការវិនិយោគជាពិសេសលើវិស័យសហគ្រាសធុនតូចនិងមធ្យម (SME) និងកសិឧស្សាហកម្ម ដើម្បីកែច្នៃនាំចេញទៅកាន់ទីផ្សារពិភពលោក ដោយសង្កត់ធ្ងន់ថាកម្ពុជាគឺជាច្រកចេញចូលដ៏មានសក្តានុពលក្នុងតំបន់អាស៊ាន និងបណ្តាប្រទេសក្នុងកិច្ចព្រមព្រៀង RCEP។

ចំណែកទំនាក់ទំនងសភា និងបច្ចេកវិទ្យា ភាគីទាំងពីរបានពិភាក្សាផ្លាស់ប្តូរមតិយោបល់គ្នា ដើម្បីរិះរកយន្តការរួមក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការរវាងស្ថាប័ននីតិបញ្ញត្តិ នៃប្រទេសទាំងពីរតាមរយៈការផ្លាស់ប្តូរទស្សនកិច្ចគ្រប់កម្រិតព្រមទាំងពង្រីកកិច្ចសហការលើវិស័យឌីជីថល និងបច្ចេកវិទ្យា។
ឯកឧត្តមអ្នកនាំពាក្យថាសម្រាប់ខួប ៦០ឆ្នាំនៃទំនាក់ទំនងការទូត (១៩៦៧-២០២៧) ក្នុងឱកាសខួបលើកទី៦០ នាឆ្នាំ២០២៧ ខាងមុខ ប្រទេសទាំងពីរគ្រោងរៀបចំព្រឹត្តិការណ៍ជាច្រើន ដើម្បីរឹតចំណងមិត្តភាព និងការតភ្ជាប់រវាងប្រជាជននិងប្រជាជនឱ្យកាន់តែជិតស្និទ្ធ។

សណ្តាប់ធ្នាប់អន្តរជាតិ និងព្រំដែន ថ្នាក់ដឹកនាំទាំងពីរបានសង្កត់ធ្ងន់លើការលើកកម្ពស់ប្រព័ន្ធពហុភាគីនិយមនិងការគោរពច្បាប់អន្តរជាតិ។

ឆ្លៀតក្នុងឱកាសនេះ សម្តេចប្រធានរដ្ឋសភាក៏បានគូសបញ្ជាក់ពីជំហរច្បាស់លាស់របស់កម្ពុជាក្នុងការដោះ ស្រាយបញ្ហាព្រំដែនជាមួយប្រ ទេសថៃដោយសន្តិវិធី ផ្អែកលើច្បាប់អន្តរជាតិ ដោយមិនទទួលយកដាច់ខាតនូវការប្រើប្រាស់កម្លាំងយោធាដើម្បីឈ្លានពាន ឬកែប្រែព្រំដែនឡើយ៕
ដោយ៖ ប៊ុនរិទ្ធ





