សិក្ខាសាលាស្តីពីការអនុវត្តន៍គម្រោង «ការលើកស្ទួយជីវភាពរស់នៅប្រកបដោយបរិយាបន្ន ការការពារប្រព័ន្ធអេកូឡូស៊ី និងការបន្សាំទៅនឹងការប្រែប្រួលអាកាសធាតុនៅកម្ពុជា (PILEAC)»
AKP ភ្នំពេញ ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៦--លោកជំទាវ សុខ វិសាល អនុរដ្ឋលេខាធិការ ក្រសួងអភិវឌ្ឍន៍ជនបទ កាលពីព្រឹកថ្ងៃចន្ទទី១៩ ខែតុលា ឆ្នាំ២០២៦ បានអញ្ជើញចូលរួមក្នុងសិក្ខាសាលាចាប់ផ្តើមអនុវត្តគម្រោង «ការលើកស្ទួយជីវភាពរស់នៅប្រកបដោយបរិយាបន្ន ការការពារប្រព័ន្ធអេកូឡូស៊ី និងការបន្សំទៅនឹងការប្រែប្រួលអាកាសធាតុនៅកម្ពុជា (PILEAC)» ដែលរៀបចំឡើងដោយអង្គការអាក់សិនអេតអន្តរជាតិកម្ពុជា (ActionAid International Cambodia)នៅសណ្ឋាគារ អេនីក ផាលេស (Anik Palace Hotel) ដើម្បីប្រកាសចាប់ផ្តើមអនុវត្តគម្រោង PILEAC ដែលទទួលបានការគាំទ្រហិរញ្ញប្បទានពី ធនាគាររ៉ូយ៉ាល់កាណាដា (Royal Bank of Canada) តាមរយៈអង្គការអាក់សិនអេតអង់គ្លេស (ActionAid UK)។ ដោយមានការអញ្ជើញចូលរួមផងដែរពី តំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរថ្នាក់ក្រោមជាតិ ដៃគូអភិវឌ្ឍន៍ អង្គការដៃគូអនុវត្ត (COFAP, RFCD, KYA) និងតំណាងសហគមន៍គោលដៅ។

សិក្ខាសាលានេះ មានគោលបំណងដើម្បីពង្រឹងការការពារប្រព័ន្ធអេកូឡូស៊ីបឹងទន្លេសាប និងលើកកម្ពស់ភាពធន់របស់សហគមន៍ក្នុងខេត្តកំពង់ធំ និងខេត្តពោធិ៍សាត់ តាមរយៈការពង្រឹងអភិបាលកិច្ចធនធានធម្មជាតិ ការកសាងសមត្ថភាពសហគមន៍ ជាពិសេសស្ត្រី ជនមានពិការភាព និងកសិករ/អ្នកនេសាទខ្នាតតូច ក្នុងការបន្សំទៅនឹងការប្រែប្រួលអាកាសធាតុ និងការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ៕


ដោយ ពេជ្រ សំអឿន(ប្រភព៖ក្រសួងអភិវឌ្ឍន៍ជនបទ)





