សិក្ខាសាលាថ្នាក់តំបន់៖ ផ្ដល់សុពលភាពលើលទ្ធផលនៃការស្រាវជ្រាវស្ដីពីការវិភាគទិដ្ឋភាពគ្រប់ជ្រុងជ្រោយលើកម្មវិធីការផ្ដល់អាហារតាមសាលារៀននៅបណ្ដាប្រទេសសមាជិកអាស៊ាន
AKP ភ្នំពេញ ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៦--ក្រសួងអប់រំ យុវជន និងកីឡានៃព្រះរាជាណាចក្រកម្ពុជា សហការជាមួយកម្មវិធីស្បៀងអាហារពិភពលោក (WFP) និងមជ្ឈមណ្ឌល SEARCA ក្រោមការគាំទ្រថវិកាពីទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) បានរៀបចំសិក្ខាសាលាថ្នាក់តំបន់៖ ផ្ដល់សុពលភាពលើលទ្ធផលនៃការស្រាវជ្រាវស្ដីពីការវិភាគទិដ្ឋភាពគ្រប់ជ្រុងជ្រោយលើកម្មវិធីការផ្ដល់អាហារតាមសាលារៀននៅបណ្ដាប្រទេសសមាជិកអាស៊ាន ដោយមានការចូលរួមដោយផ្ទាល់ និងតាមប្រព័ន្ធអនឡាញពីបណ្តាអ្នកពាក់ព័ន្ធក្នុងកិច្ចការមួយនេះ។

សិក្ខាសាលានេះធ្វើឡើងដើម្បី៖ (១).ផ្ដល់សុពលភាពលើលទ្ធផលនៃការស្រាវជ្រាវ និងអនុសាសន៍ផ្នែកគោលនយោបាយ (២).ចែករំលែកឧត្តមានុវត្តន៍នៃការអនុវត្តកម្មវិធីផ្ដល់អាហារតាមសាលារៀនដោយប្រើប្រាស់កសិផលក្នុងសហគមន៍ (HGSF) (៣).កំណត់បញ្ហាប្រឈមរួម និងឱកាសសម្រាប់បង្កើនកិច្ចសហប្រតិបត្តិការថ្នាក់តំបន់ (៤).រៀបចំអនុសាសន៍ផ្នែកគោលនយោបាយថ្នាក់តំបន់ ដើម្បីពន្លឿនការដាក់បញ្ចូលស្ដង់ដាអាហារូបត្ថម្ភតាមសាលារៀនរបស់អាស៊ានទៅអនុវត្តនៅថ្នាក់ជាតិ និង(៥).គាំទ្រការធ្វើស្ថាបនូបនីយកម្មគំនិតផ្ដួចផ្ដើមស្ដីពីការផ្ដល់អាហារតាមសាលារៀននៅក្នុងលេខាធិ ការដ្ឋានអាស៊ាន។

ថ្លែងបើកសិក្ខាសាលានាថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត អ៊ុង បូរាត រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានគូសបញ្ជាក់ថា បន្ទាប់ពីទទួលបានជោគជ័យនៃកិច្ចប្រជុំកំពូលសម្ព័ន្ធអាហារតាមសាលារៀនអាស៊ីអាគ្នេយ៍លើកទី១នៅខេត្តសៀមរាបកាលពីឆ្នាំ២០២៤ ការធ្វើជាម្ចាស់ផ្ទះសិក្ខាសាលានេះឆ្លុះបញ្ចាំងពីការប្ដេជ្ញាចិត្តរបស់កម្ពុជាក្នុងការធានាថា កុមារគ្រប់រូបទទួលបានអាហារតាមសាលារៀនប្រកបដោយសុខភាព និងអាហារូបត្ថម្ភជារៀងរាល់ថ្ងៃត្រឹមឆ្នាំ២០៣០ និងឆ្នាំបន្តបន្ទាប់។ ឯកឧត្តមបានបន្ថែមថា កម្មវិធីផ្ដល់អាហារតាមសាលារៀនមិនត្រឹមតែរួមចំណែកដល់វិស័យអប់រំប៉ុណ្ណោះទេ ប៉ុន្តែក៏ផ្សារភ្ជាប់ការកាត់បន្ថយភាពក្រីក្រ ការលើកកម្ពស់សុខភាព អាហារូបត្ថម្ភ ការអភិវឌ្ឍវិស័យកសិកម្ម សេដ្ឋកិច្ចមូលដ្ឋាន និងកិច្ចគាំពារសង្គម ហើយថាការផ្ដល់អាហារតាមសាលារៀនគឺជាការវិនិយោគដ៏មានប្រសិទ្ធភាពបំផុតលើការអភិវឌ្ឍធនធានមនុស្ស៕

ដោយ ចាន់ សុភឿន (ប្រភព៖ ក្រសួងអប់រំ)





