កម្លាំងចម្រុះខេត្តកណ្តាលចុះបង្ក្រាបបទល្មើសនេសាទខុសច្បាប់នៅក្រុងសំពៅពូន
AKP កណ្ដាល ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៦--កងកម្លាំងចម្រុះរបស់ស្នងការដ្ឋាននគរបាលខេត្តកណ្តាល សហការជាមួយអាជ្ញាធក្រុងសំពៅពូន និងមន្ត្រីជំនាញពាក់ព័ន្ធ នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៦ បានចុះអនុវត្តវិធានការយ៉ាងតឹងរឹង ដើម្បីបង្ក្រាបបទល្មើសនេសាទខុសច្បាប់ នៅចំណុចភូមិព្រែកជ្រៃ សង្កាត់ព្រែកជ្រៃ ក្រុងសំពៅពូន ខេត្តកណ្តាល ដែលជាអតីតឡូត៍នេសាទលេខ ១០ ។

លោក អេង សុវិចិត្រ អភិបាលក្រុងសំពៅពូន បានឱ្យដឹងថា កម្លាំងស្នងការដ្ឋាននគរបាលខេត្តកណ្ដាល សហការជាមួយកម្លាំងវរៈព្រំដែនគោក ៦០៥ និងកម្លាំងគណៈបញ្ជាការឯកភាពក្រុងសំពៅពូនបានចុះធ្វើការបង្ក្រាបបទល្មើសនេសាទខុសច្បាប់ ដោយក្នុងនោះកម្លាំងសមត្ថកិច្ច និងមន្ត្រីជំនាញ បានធ្វើការបង្ក្រាបបាន លូស្បៃមុងសរុបចំនួន ១៣៧ របាំងព្រួលស្បៃមុងសរុបប្រវែង ៩ ២០០ ម៉ែត្រ បង្គោលតូច ធំសរុបចំនួន ២ ៣៣៣ ដើម និងលែងត្រីចូលបឹងវិញសរុបប្រមាណ ៤៥០ គីឡូក្រាម។

ក្រោយកិច្ចប្រតិបត្តិការនេះ ក្រុមការងារបានធ្វើការកាប់បំផ្លាញចោលនូវឧបករណ៍នេសាទខុសច្បាប់ទាំងនោះនៅនឹងកន្លែងជាក់ស្តែង ព្រមទាំងបានធ្វើការអប់រំ និងណែនាំដល់ប្រជានេសាទរស់នៅភូមិព្រែកជ្រៃ សង្កាត់ព្រែកជ្រៃ ប្រមាណ ៥០នាក់ ឱ្យយល់ដឹងពីច្បាប់ស្តីពីជលផល និងមិនត្រូវប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់ ឬធ្វើការនេសាទក្នុងរដូវហាមឃាត់បន្តទៀតឡើយ ដើម្បីជួយថែរក្សា និងអភិរក្សធនធានជលផលនៅក្នុងមូលដ្ឋានឱ្យបានគង់វង្ស៕

ដោយ ណយ នឿន (ប្រភព៖រដ្ឋបាលខេត្តកណ្តាល)





