រដ្ឋបាលខេត្តកណ្តាលរៀបចំបាឋកថាពង្រឹងសមត្ថភាព និងត្រៀមលក្ខណៈឆ្ពោះទៅកាន់ការបោះឆ្នោតឃុំ សង្កាត់ អាណត្តិទី៦
AKP កណ្ដាល ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៦--រដ្ឋបាលខេត្តកណ្តាលបានរៀបចំបាឋកថាពង្រឹងសមត្ថភាព និងត្រៀមលក្ខណៈឆ្ពោះទៅកាន់ការបោះឆ្នោតឃុំ-សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ក្រោអធិបតី ឯកឧត្តមបណ្ឌិត ឈាង វណ្ណារិទ្ធ អគ្គលេខាធិការង និងជាប្រធានក្រុមទីប្រឹក្សារដ្ឋសភា ឯកឧត្តម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្ត និងលោកជំទាវ ស្រ៊ុន ស្រីនាង អភិបាលរងខេត្តកណ្តាល នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៦ ដែលបាឋកថានោះផ្តោតលើ «គោលដៅឆ្ពោះទៅកាន់ការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧» ផ្តោតលើការយល់ដឹងអំពីស្ថានការណ៍ជាតិ តំបន់ និងអន្តរជាតិ និង ការកសាងយុទ្ធសាស្ត្រទំនាក់ទំនង ដើម្បីយកប្រៀបឈ្នះក្នុងការបោះឆ្នោត ដោយមានការចូលរួមពីថ្នាក់ដឹកនាំ មន្ទីរ អង្គភាពពាក់ព័ន្ធ សមាជិកក្រុមប្រឹក្សាក្រុង-ស្រុក អភិបាលក្រុង-ស្រុក សមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ ស្មៀនឃុំ-សង្កាត់ និងអ្នកពាក់ព័ន្ធជាច្រើនរូប។

មានមតិស្វាគមន៍ក្នុងកម្មវិធីនេះ លោកស្រី ស្រ៊ុន ស្រីនាង បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា និងជាប្រធានក្រុមការងារចលនាសម្ព័ន្ធស្ត្រីនៃក្រុមការងារចុះមូលដ្ឋានខេត្តកណ្តាល ដែលបានផ្តួចផ្តើមរៀបចំបាឋកថាដ៏មានសារៈសំខាន់នេះឡើង ដើម្បីរួមចំណែកពង្រឹងសមត្ថភាព ចំណេះដឹង និងការត្រៀមលក្ខណៈសម្បត្តិរបស់ថ្នាក់ដឹកនាំ និងមន្ត្រីនៅមូលដ្ឋាន ឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ។ ការយល់ដឹងស៊ីជម្រៅអំពីសភាពការណ៍ជាតិ តំបន់ និងអន្តរជាតិ គឺជាមូលដ្ឋានដ៏សំខាន់សម្រាប់អ្នកដឹកនាំនៅមូលដ្ឋាន ក្នុងការតម្រង់ទិសការងារ និងរៀបចំផែនការអភិវឌ្ឍន៍ឱ្យឆ្លើយតបបានត្រឹមត្រូវទៅនឹងតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋ។

ជាមួយគ្នានេះ ការក្តាប់បាននូវសុខទុក្ខ កង្វល់ និងសំណូមពររបស់ប្រជាពលរដ្ឋ ក៏ជាកត្តាសំខាន់ក្នុងការបង្កើនប្រសិទ្ធភាពនៃការផ្តល់សេវាសាធារណៈ និងការអភិវឌ្ឍន៍មូលដ្ឋាន។ សមាជិកក្រុមប្រឹក្សាខេត្ត ក្រុង-ស្រុក មេឃុំ ចៅសង្កាត់ មន្ត្រីមូលដ្ឋាន និងយុវជនទាំងអស់ ឱ្យយកចិត្តទុកដាក់ស្តាប់ កត់ត្រាចំណុចសំខាន់ៗ និងចូលរួមលើកជាសំណួរដើម្បីស្វែងយល់ឱ្យបានកាន់តែច្បាស់ ព្រមទាំងយកចំណេះដឹងដែលទទួលបានទៅអនុវត្តជាក់ស្តែងក្នុងការបម្រើប្រជាពលរដ្ឋ និងអភិវឌ្ឍមូលដ្ឋានឱ្យកាន់តែមានប្រសិទ្ធភាព ។
ឯកឧត្តមបណ្ឌិត ឈាង វណ្ណារិទ្ធ បានធ្វើបទបង្ហាញ និងចែករំលែកនូវចំណេះដឹង ព័ត៌មាន និងទស្សនៈសំខាន់ៗពាក់ព័ន្ធនឹងស្ថានការណ៍ជាតិ តំបន់ និងអន្តរជាតិ ព្រមទាំងលើកឡើងពីសារៈសំខាន់នៃការរៀបចំយុទ្ធសាស្ត្រទំនាក់ទំនងឱ្យសមស្របទៅនឹងបរិបទនៃសង្គមទំនើប។ ជាមួយគ្នានេះ ឯកឧត្តមបណ្ឌិត ក៏បានបកស្រាយអំពី ខ្លឹមសារនៃបាឋកថា និងបានផ្តល់ជាធាតុចូលជាច្រើន សម្រាប់អ្នកចូលរួម ក្នុងការយល់ដឹងកាន់តែច្បាស់អំពីការងារនៅមូលដ្ឋាន និងការប្រាស្រ័យទាក់ទងជាមួយប្រជាពលរដ្ឋ។

ឯកឧត្តម នូ សាខន បានលើកឡើងថា រដ្ឋបាលខេត្តកណ្តាល តែងតែយកចិត្តទុកដាក់លើការពង្រឹងសមត្ថភាពមន្ត្រីរាជការ និងថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ដើម្បីបង្កើនចំណេះដឹង ជំនាញ និងសមត្ថភាពឲ្យកាន់តែសមស្របទៅនឹងតម្រូវការការងារ និងការវិវត្តនៃសង្គម។ ឯកឧត្តម បានជំរុញដល់មន្ត្រី និងអ្នកចូលរួមទាំងអស់ ឱ្យយកចំណេះដឹង និងបទពិសោធន៍ដែលទទួលបានពីបាឋកថានេះ ទៅអនុវត្តឱ្យមានប្រសិទ្ធភាពនៅតាមមូលដ្ឋានរបស់ខ្លួន ជាពិសេសការពង្រឹងការផ្តល់សេវាសាធារណៈ ការដោះស្រាយបញ្ហាប្រជាពលរដ្ឋ ការប្រាស្រ័យទាក់ទងប្រកបដោយប្រសិទ្ធភាព និងការចូលរួមក្នុងការអភិវឌ្ឍមូលដ្ឋាន។

ឯកឧត្តម នូ សាខន ក៏បានឱ្យរដ្ឋបាលខេត្តបន្តរៀបចំវគ្គបណ្តុះបណ្តាល សិក្ខាសាលា និងកម្មវិធីចែករំលែកចំណេះដឹងបន្ថែមទៀត ដើម្បីពង្រឹងសមត្ថភាពមន្ត្រីឱ្យបានទាន់សភាពការណ៍ បច្ចុប្បន្នភាព និងការវិវត្តនៃសម័យកាល ព្រមទាំងធានាថា មន្ត្រីនៅគ្រប់កម្រិតអាចបំពេញតួនាទី និងភារកិច្ចរបស់ខ្លួនបានកាន់តែមានប្រសិទ្ធភាព និងការទទួលខុសត្រូវខ្ពស់ ៕
ដោយ ណយ នឿន (ប្រភព៖រដ្ឋបាលខេត្តកណ្តាល)





