សម្ដេចធិបតី ផ្ដល់ជម្រើសឱ្យ លោក អ៊ុំ សំអាន ផ្តល់ចម្លើយត្រង់ៗ ក្នុងពេលឆាប់ៗ ដើម្បីជួយបញ្ចប់មន្ទិលរបស់ប្រជាពលរដ្ឋពាក់ព័ន្ធនឹងព្រំដែនចន្លោះបង្គោលលេខ ៥២-៥៩
AKP ភ្នំពេញ ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៦--«ក្នុងរយៈពេលមួយសប្តាហ៍នេះ ខ្ញុំជាប់បំពេញទស្សនកិច្ចផ្លូវការទៅកាន់ប្រទេសបីនៅអាស៊ីកណ្ដាល រួមមានសាធារណរដ្ឋអាស៊ែបៃហ្សង់ សាធារណរដ្ឋតួកគីយ៉េ សាធារណរដ្ឋកាហ្សាក់ស្តង់ និងចូលរួមកិច្ចប្រជុំកំពូលលើកទី៧ នៃសន្និសីទស្តីពីអន្តរសកម្មភាព និងវិធានការកសាងទំនុកចិត្តនៅអាស៊ី (CICA)»។ នេះជាការលើកឡើងរបស់ សម្ដេចធិបតី។

តាមរយៈសំណេរបង្ហោះលើបណ្ដាញសង្គម នាព្រឹកថ្ងៃទី១៩ តុលានេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានឱ្យដឹងថា ក្នុងអំឡុងមួយសប្តាហ៍នេះដែរ លោក អ៊ុំ សំអាន បានចេញសារជាបន្តបន្ទាប់ ដែលបានផ្សព្វផ្សាយតាមរយៈបណ្តាញសង្គមផ្ទាល់ខ្លួនរបស់គាត់ និងតាមរយៈការសម្ភាសជាមួយបណ្តាញព័ត៌មានគ្នាគាត់មួយចំនួន ដូចជាអាស៊ីសេរី ។ល។ ពាក់ព័ន្ធនឹងការជជែក ផ្ទៀងផ្ទាត់គ្នាអំពីបព្រំដែនកម្ពុជា-ថៃ នៅចន្លោះបង្គោលសីមាលេខ ៥២ និង ៥៩។ ជារួម ទោះបីជាគាត់និយាយច្រើនក៏ដោយ សាររបស់គាត់គឺនៅដដែលៗ ដោយគាត់បង្ហាញថា ÷
១. គាត់ខ្លាចមិនហ៊ានមកកម្ពុជា ទោះបីជាមានការធានាសុវត្ថិភាពច្បាស់លាស់ក៏ដោយ - គាត់ថាខ្លាចគេចាប់ ខ្លាចគេលបបាញ់ ឬខ្លាចគេវ៉ៃបែកក្បាល ។ល។,
២. គាត់អត់មានមូលដ្ឋានភស្តុតាង ឬឯកសារព្រំដែនច្បាស់លាស់ទេ - គាត់និយាយ (ឬបង្ហើបថា) ភស្តុតាងរបស់គាត់បានមកពីលឺគេថា, លឺតាមពត៌មានដូចជាអាស៊ីសេរី និងចុងក្រោយថាគាត់អត់មានអ្វីច្បាស់លាស់ទេ ទាល់តែបារាំងបានមាន (ឆ្ងល់ដែរថា ពេលដែលគាត់ចោទរាជរដ្ឋាភិបាលថាកាត់ដីអោយថៃ តើផ្អែកលើមូលដ្ឋានអ្វីអ្វីទៅវិញចឹង?), និង
៣. ព្យាយាមគេចវេស តាមរយៈការបង្កើតលក្ខខណ្ឌនានាដើម្បីបង្វែរពីការដែលគាត់ត្រូវចូលមកបង្ហាញភស្តុតាងដែលគាត់ចោទរាជរដ្ឋាភិបាលថាបានកាត់ដីអោយថៃនៅចន្លោះបង្គោលលេខ៥២-៥៩ ទៅជាការទាមទារអោយលើកលែងទោសអោយគាត់ទៅវិញ។
សម្ដេចធិបតី បានគូសបញ្ជាក់ថា «និយាយឱ្យខ្លីទៅ រឿងគាត់ខ្លាចគឺមធ្យម ប៉ុន្តែងំត្រង់ថាគាត់បង្កើតលក្ខខណ្ឌដើម្បីធ្វើជាលេសដោះខ្លួន ហើយថែមទាំងឌឺដងទៀតផង ទោះជាយ៉ាងនេះក្តី ក៏ទ្វារមិនទាន់បិទដែរ»។
ក្នុងគោលបំណងបង្កលក្ខណៈឱ្យក្រុមការងារលោក អ៊ុំ សំអាន មានឱកាសជជែក ផ្ទៀងផ្ទាត់គ្នាជាមួយក្រុមការងារព្រំដែនរបស់រាជរដ្ឋាភិបាល និងបង្ហាញឯកសារនិងភស្តុតាងនានាពាក់ព័ន្ធនឹងបង្គោលព្រំដែនលេខ ៥២-៥៩ ដែលគាត់មានជាពិសេសដើម្បីកុំឱ្យប្រជាជនមានការមន្ទិលសង្ស័យ ព្រោះ លោក អ៊ុំ សំអាន បានចោទរដ្ឋាភិបាលនិងមន្ត្រីព្រំដែនរដ្ឋាភិបាលម្តងហើយម្តងទៀត ថាបានធ្វើឱ្យបាត់ដីនៅតំបន់នោះ សម្ដេច សូមផ្តល់នូវជម្រើសបន្ថែមមួយទៀត ក្នុងករណីដែលលោកខ្លាចមិនហ៊ានមកផ្ទាល់ ÷
• លោក អ៊ុំ សំអាន អាចចាត់តាំងតំណាងឬក្រុមតំណាង ដែលអាចជាអ្នកមកពីក្រៅប្រទេសដែលមិនខ្លាចនឹងចូលមកជជែក ផ្ទៀងផ្ទាត់ជាមួយគ្នាតាមការអញ្ជើញរបស់សម្ដេច (សម្ដេច ផ្ដល់ការធានាដូចបានបញ្ជាក់រួចហើយចំពោះពួកគេ) ឬអាចជាអ្នកនៅក្នុងប្រទេសកម្ពុជាស្រាប់ក៏បាន។
• ក្នុងករណីលោក អ៊ុំ សំអាន យល់ព្រមចាត់តាំងតំណាងឬក្រុមតំណាងមកចូលរួម លោកត្រូវគោរពលក្ខខណ្ឌមួយចំនួន ÷
១• លោកត្រូវប្រគល់សិទ្ធិពេញលេញឱ្យ ពួកគេជាតំណាង លោក និងក្រុមលោកក្នុងការជជែក ផ្ទៀងផ្ទាត់ជាមួយក្រុមការងារព្រំដែនរបស់រាជរដ្ឋាភិបាល
២• លោកត្រូវប្រគល់រាល់ឯកសារ ភស្តុតាង និងសាក្សីទាំងអស់ដែលលោកនិងក្រុមលោកមាន ពាក់ព័ន្ធនឹងព្រំដែនកម្ពុជា-ថៃចន្លោះបង្គោលលេខ ៥២-៥៩ ឱ្យទៅក្រុមតំណាង ដើម្បីមានមូលដ្ឋានគ្រប់គ្រាន់ក្នុងការជជែកនិងផ្ទៀងផ្ទាត់ឱ្យបានច្បាស់លាស់។
៣• ត្រូវទទួលស្គាល់ចំពោះរាល់ខ្លឹមសាររបស់តំណាងឬក្រុមតំណាង ដែលលើកមកជជែក ផ្ទៀងផ្ទាត់គ្នា និង
៤• ត្រូវទទួលស្គាល់នូវលទ្ធផលនៃការជជែក ផ្ទៀងផ្ទាត់គ្នា ដែលតំណាងឬក្រុមតំណាងរបស់លោកបានចូលរួម។
បើតាមសម្ដេចធិបតី សម្រាប់រាជរដ្ឋាភិបាល គឺស្វាគមន៍ជម្រើសមួយណាក៏បាន - លោកដឹកនាំមកខ្លួនឯង (ដោយគ្មានលក្ខខណ្ឌដែលលោកបានលើក ដើម្បីដោះខ្លួននោះ ព្រោះសម្ដេចធិបតី ធានាសុវត្ថិភាពលោកនិងក្រុមលោករួចហើយ)ក៏បាន ឬចាត់តាំងតំណាងឬក្រុមតំណាងរបស់លោកមកក៏បាន។ សម្ដេចធិបតីបានបញ្ជាក់ថា «ការធានារបស់ខ្ញុំចំពោះសុវត្ថិភាពសម្រាប់លោក អ៊ុំ សំអាន និងក្រុមការងារ (បើលោកជម្នះការខ្លាចរបស់លោកបាន) ឬសម្រាប់តំណាងនិងក្រុមតំណាងរបស់លោក (ករណីលោកមិនហ៊ានមកផ្ទាល់) គឺមិនប្រែប្រួលទេ»។
សម្ដេចធិបតីសង្ឃឹមថា «លោក អ៊ុំ សំអាន ហ៊ានសម្រេចយកជម្រើសណាមួយ និងផ្តល់ចម្លើយត្រង់ៗ ក្នុងពេលឆាប់ៗ ដើម្បីជួយបញ្ចប់មន្ទិលរបស់ប្រជាពលរដ្ឋពាក់ព័ន្ធនឹងព្រំដែនចន្លោះបង្គោលលេខ ៥២-៥៩។ សង្ឃឹមផងដែរថាលោក អ៊ុំ សំអាន មិនបង្កើតហេតុផល ឬរកលេសផ្សេងៗទៀតដើម្បីគេចមិនចូលរួមដូចកន្លងមកនោះទេ»។
សម្ដេចធិបតីបន្ថែមថា រាជរដ្ឋាភិបាលមានកិច្ចការច្រើនទៀតដើម្បីប្រទេសជាតិនិងប្រជាជន រួមទាំងការងារព្រំដែនជាមួយប្រទេសថៃ ហើយសម្ដេចតែងតែអំពាវនាវឱ្យប្រជាពលរដ្ឋខ្មែរគ្រប់និន្នាការ ផ្តល់ឱកាសឱ្យរាជរដ្ឋាភិបាលធ្វើការដោះស្រាយបញ្ហាជាមួយភាគីថៃដោយការទទួលខុសត្រូវ ជាពិសេសនៅក្នុងដំណាក់កាលដែលបញ្ហាព្រំដែននៅមានភាពស្មុគស្មាញនិងមិនទាន់ដោះស្រាយរួច ជាជាងត្រូវឆ្លើយឆ្លងជាមួយខ្មែរគ្នាឯងដូចជាករណីនេះ ដែលសម្ដេចត្រូវឆ្លើយតប ព្រោះការចោទប្រកាន់មកលើរាជរដ្ឋាភិបាលថាបានកាត់ដីឱ្យថៃនៅចន្លោះបង្គោលព្រំដែនលេខ ៥២-៥៩ វាពិតជាធ្ងន់ធ្ងរពេក ដែលមិនអាចទទួលយកបាន៕
ដោយ៖ គង់ សិរីរ័ត្ន





