ប្រតិភូប៉ារ៉ាឡាំពិកកម្ពុជាចូលរួមពិធីបើកផ្លូវការ ការប្រកួតកីឡាអាស៊ីប៉ារ៉ាហ្គេម នៅជប៉ុន ឆ្នាំ២០២៦
AKP ភ្នំពេញ ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៦--ឯកឧត្តម សំហេង បុរស រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តីទទួលបន្ទុកប្រធានប្រតិភូកីឡាជនពិការកម្ពុជា និងមន្ត្រី គ្រូបង្វឹក កីឡាករ កីឡាការិនីពិការកម្ពុជាបានចូលរួមពិធីបើកជាផ្លូវការ នៅក្នុងការប្រកួតកីឡាអាស៊ីប៉ារ៉ាហ្គេម នៅទីក្រុងណាកូយ៉ា ប្រទេសជប៉ុន ពីថ្ងៃទីថ្ងៃទី១៨-២៤ ខែតុលា ឆ្នាំ២០២៦។

ឯកឧត្តម សំហេង បុរស បានលើកឡើងថា ឯកឧត្តមបានចូលរួមពិធីបើកជាផ្លូវការ នៃព្រឹត្តិការណ៍កីឡាអាស៊ីប៉ារ៉ាហ្គេមនេះ ក្រោមព្រះរាជវត្តមានព្រះអង្គម្ចាស់ Akishino និងព្រះអង្គម្ចាស់ក្សត្រីជប៉ុន ព្រមទាំងមានការចូលរួមពីគណៈប្រតិភូ និងអត្តពលិកទូទាំងទ្វីបអាស៊ី។ ក្នុងឱកាសដ៏វិសេសវិសាលនេះ ឯកឧត្តមប្រធានប្រតិភូប៉ារ៉ាឡាំពិកកម្ពុជាបង្ហាញក្តីមោទនភាពចំពោះប្រតិភូកីឡាកម្ពុជា ដែលបានចូលរួមក្នុងព្រឹត្តិការណ៍កីឡាកម្រិតទ្វីបនេះ និងបង្ហាញពីសមត្ថភាពរបស់អត្តពលិកកម្ពុជានៅលើឆាកអន្តរជាតិ។ ឯកឧត្តមក៏បានអំពាវនាវដល់បងប្អូនជនរួមជាតិចូលរួមគាំទ្រ និងលើកទឹកចិត្តដល់អត្តពលិកកម្ពុជា។

គួរបញ្ជាក់ថា ប្រតិភូ មន្ត្រី គ្រូបង្វឹក កីឡាករ កីឡាការិនីកម្ពុជាសរុប ៣១នាក់ ក្នុងនោះអត្តពលិក ១៧នាក់ លើ៥ប្រភេទកីឡា ដូចជាបាល់បោះរទេះ វាយកូនឃ្លីលើតុ អត្តពលកម្ម ហែលទឹក និងបូស្យា ខណៈក្រុមបាល់បោះជិះរទេះកម្ពុជាជាប់វគ្គជម្រុះ ខណៈ៤ប្រភេទកីឡាទៀតបានសិទ្ធិអនុគ្រោះ៕


ដោយ ហេង ណាលីន




