ជម្រើសជាតិម៉ូតូទឹកកម្ពុជាមកដល់មាតុប្រទេសវិញ ក្រោយដណ្តើមបានមេដាយ៩គ្រឿងពី WGP1 Water Jet World Serie 2026 ជុំទី២ នៅអាមេរិក
AKP កណ្តាល ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៦--
ក្រុមម៉ូតូទឹកជម្រើសជាតិកម្ពុជាដឹកនាំដោយវីរកីឡាករ សាលី អ៊ូមើត បានវិលត្រឡប់មកដល់មាតុប្រទេសវិញហើយ កាលពីរសៀលថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៦ បន្ទាប់ពីដណ្តើមបានមេដាយសរុប៩គ្រឿងប្រកបដោយមោទកភាពជាតិ នៅសហរដ្ឋអាមេរិក ពីថ្ងៃទី០៧-១២ ខែតុលា ក្នុងការប្រកួតកីឡាម៉ូតូទឹក WGP1 Water Jet World Serie 2026 ជុំទី២។

ដំណើរមកដល់អាកាសយានដ្ឋានអន្តរជាតិតេជោទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅពីឯកឧត្តម ណុះ ស្លេះ រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានសហព័ន្ធកីឡាម៉ូតូទឹកកម្ពុជា លោក ហួត សេងទ្រី អនុប្រធានសហព័ន្ធ លោក មាស ម៉ាប់ អគ្គលេខាធិការសហព័ន្ធ ព្រមទាំងតំណាងក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ និងឯកឧត្តម ខូវ ឆាយ អគ្គលេខាធិការ អគ្គលេខាធិការ ក្រុមប្រឹក្សាកីឡាកងយោធពលខេមរភូមិន្ទ និងជានាយកមជ្ឈមណ្ឌលកីឡាកងយោធពលខេមរភូមិន្ទ។
ក្នុងចំណោមមេដាយចំនួន៩គ្រឿងនេះ ក្នុងនោះមានមេដាយមាស៤គ្រឿង មេដាយប្រាក់៣គ្រឿង និងមេដាយសំរឹទ្ធិ២គ្រឿង។ ចំពោះមេដាយមាស៤គ្រឿងដណ្តើមបានដោយកីឡាករ កៃ វ៉ាន់ស៊ីដែន ឈ្នះមេដាយមាស ១គ្រឿង វិញ្ញាសា Amateur Ski 4 Stroke Lites, កីឡាករ សាលី ហ្វីលីន ឈ្នះមេដាយមាស ១គ្រឿង វិញ្ញាសា Amateur Runabout 1100 Limited, កីឡាករ សាលី ហ្វីលីន ឈ្នះមេដាយ មាស ១គ្រឿង វិញ្ញាសា Pro AM Runabout 1100 Stock និងកីឡាករ សាលី អ៊ូមើត ឈ្នះមេដាយ មាស ១គ្រឿង លើវិញ្ញាសា Pro Am Runabout Endurance។

ឯកឧត្តម ណុះ ស្លេះ បានគូសបញ្ជាក់ថា៖ «នេះជាការខិតខំប្រឹងប្រែងរបស់កីឡាករ សាលី អ៊ូមើត ដែលនាំសិស្សប្អូនៗជាច្រើននាក់ចូលរួមប្រកួតនៅទឹកដីសហរដ្ឋអាមេរិក ហើយដណ្តើមបាននូវសមិទ្ធផលដ៏ធំធេងជូនជាតិ។ កីឡាករ សាលី អ៊ូមើត មិនត្រឹមតែជាកីឡាករដ៏ឆ្នើមប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានបង្វឹកកីឡាករប្អូនៗពី២នាក់ដល់៧នាក់ឱ្យក្លាយជាកីឡាករកម្រិតពិភពលោកតែម្តង។ នេះពិតជាសមិទ្ធផលដ៏អស្ចារ្យ ដែលវីរកីឡាករ សាលី អ៊ូមើត មានទេពកោសល្យ និងសមត្ថភាពល្អបែបនេះ។ នៅលើឆាកអន្តរជាតិ កម្ពុជាយើងកាន់តែល្បីល្បាញ តាមរយៈសមិទ្ធផល និងមេដាយ ដែលឯកឧត្តម សាលី អ៊ូមើត បានខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្លា»។

កីឡាករម៉ូតូទឹកកម្ពុជា សាលី អ៊ូមើត បានគូសបញ្ជាក់ពីការឈ្នះមេដាយមាស ដែលជាការបំបែកកំណត់ត្រាថ្មីលើទឹកដីសហរដ្ឋអាមេរិក លើវិញ្ញាសា Pro-Am Runabout Endurance។ រយៈពេល ៤៥ឆ្នាំ ដែលមិនធ្លាប់មានកីឡាករក្នុងទ្វីបអាស៊ីណាម្នាក់ បានឈ្នះលើវិញ្ញាសាមួយនេះទេ។ ជម្រើសជាតិ សាលី អ៊ូមើត ជាកីឡាករអាស៊ីដំបូងគេដែលបានបំណែកកំណត់ត្រានេះក្នុងរយៈពេល ៤៥ឆ្នាំលើវិញ្ញាសានេះ។ កីឡាករ សាលី អ៊ូមើត លើកឡើងបែបនេះថា ៖ »ខ្ញុំជាកីឡាករកូនខ្មែរទី១ និងជាកីឡាករអាស៊ីតែម្នាក់គត់ ដែលដណ្តើមបានមេដាយមាសក្នុងវិញ្ញាសានេះយកមកជូនជាតិមាតុភូមិ»៕
ដោយ ហេង ណាលីន





