ក្រុមហ៊ុន TGA របស់រដ្ឋកូវ៉ែត ស្វែងរកឱកាសវិនិយោគនៅប្រទេសកម្ពុជាដោយផ្តោតលើការរុករកប្រេង និងឧស្ម័ន
AKP ភ្នំពេញ ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦--ឯកឧត្តម ឆាយ មករា ឯកអគ្គរាជទូតកម្ពុជាប្រចាំរដ្ឋកូវ៉ែត និងសហការី នាព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦ បានទទួលជួបពិភាក្សាការងារជាមួយលោក Najeeb Al-Menifi នាយកគ្រប់គ្រងនៃក្រុមហ៊ុន Tanmia Global Strategic Development Advisory (TGA) របស់រដ្ឋកូវ៉ែត និងសហការីរបស់លោក នៅស្ថានឯកអគ្គរាជទូតកម្ពុជា នៅទីក្រុងកូវ៉ែត។

ក្នុងឱកាសជំនួបនេះ លោក Najeeb Al-Menifi បានធ្វើបទបង្ហាញពីចំណាប់អារម្មណ៍របស់ក្រុមហ៊ុន TGA ក្នុងការស្វែងរកឱកាសវិនិយោគ និងការអភិវឌ្ឍគម្រោងនៅប្រទេសកម្ពុជា ដោយផ្តោតលើវិស័យការរុករកប្រេង និងឧស្ម័ននៅដែនទឹក និងលើគោគ ការស្តុកទុកប្រេង និងការចម្រាញ់ប្រង ថាមពលកកើតឡើងវិញ (ថាមពលព្រះអាទិត្យ) បច្ចេកវិទ្យាថាមពល (ប្រព័ន្ធស្តុកថាមពល) ឧស្សាហកម្មបៃតង (ឧបករណ៍ថាមពលព្រះអាទិត្យ បច្ចេកវិទ្យាថ្ម-អាគុយ) ការផ្ទុក និងឡូជីស្ទីក (ឃ្លាំងត្រជាក់ ឃ្លាំងស្តុកទំនិញ យានយន្តដឹកជញ្ជូនមានប្រពន្ធទូរទឹកកក) ការបស្សុទ្ធទឹក និងចម្រោះទឹកដោយថាមពលព្រះអាទិត្យ។

ជាការឆ្លើយតប ឯកឧត្តមឯកអគ្គរាជទូត បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះចំណាប់អារម្មណ៍ដែលបានបង្ហាញដោយក្រុមហ៊ុន TGA និងបានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជាបន្តបង្ហាញការស្វាគមន៍ និងការគាំទ្រយ៉ាងខ្លាំងចំពោះរាល់ការវិនិយោគពីបរទេស ដែលចូលរួមចំណែកដល់កំណើន សេដ្ឋកិច្ចមានចីរភាព និងការអភិវឌ្ឍរយៈពេលវែង។ ឯកឧត្តមឯកអគ្គរាជទូត បានបញ្ជាក់ថា ចំណាប់អារម្មណ៍វិនិយោគរបស់ក្រុមហ៊ុន TGA លើវិស័យទាំងនេះ គឺពិតជាឆ្លុះបញ្ចាំងពីភាពស៊ីសង្វាក់គ្នាយ៉ាងសំខាន់ក្នុងវិស័យវិនិយោគអាទិភាព ដើម្បីទាក់ទាញមកកម្ពុជា។ ឯកឧត្តមឯកអគ្គរាជទូតក៏បានជម្រាបក្រុមហ៊ុនអំពីការកំណត់គោលនយោបាយ និងច្បាប់ស្តីពីការវិនិយោគកម្ពុជា ដោយមានវិស័យអាទិភាពសម្រាប់ការវិនិយោគ នីតិវិធីវិនិយោគ គ្រឿងលើកទឹកចិត្តនិងការអនុគ្រោះ ព្រមទាំងការចូលរួមរបស់ វិនិយោគិនអន្តរជាតិ និងដៃគូអភិវឌ្ឍន៍យុទ្ធសាស្ត្រផងដែរ។

តបនឹងសំណើររបស់ឯកឧត្តមឯកអគ្គរាជទូត លោក Najeeb Al-Menifi និងគណៈប្រតិភូរបស់ក្រុមហ៊ុន TGA នឹងពិនិត្យលទ្ធភាពធ្វើទស្សកិច្ចនៅប្រទេសកម្ពុជា ដើម្បីស្វែងយល់បន្ថែមអំពីឱកាស និងដំណើរការវិនិយោគនៅកម្ពុជា។ ឯកឧត្តមឯកអគ្គរាជទូតបានបញ្ជាក់ការត្រៀមខ្លួនយ៉ាងពេញលេញក្នុងការផ្តល់ការសម្របសម្រួលផ្នែកការទូតដែលចាំបាច់របស់ស្ថានទូត ដើម្បីភ្ជាប់ទំនាក់ទំនងរវាងក្រុមហ៊ុន TGA ជាមួយស្ថាប័នរដ្ឋាភិបាលពាក់ព័ន្ធ្៕

ដោយ៖ គង់ សិរីរ័ត្ន





