កីឡាករហែលទឹកពិការ យ៉ាវ វណ្ណៈ ត្រៀមប្រកួត៣វិញ្ញាសា ក្នុងព្រឹត្តិការណ៍កីឡាអាស៊ីប៉ារ៉ាហ្គេម នៅជប៉ុន
AKP ភ្នំពេញ ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦--កីឡាករហែលទឹកជនពិការកម្ពុជា យ៉ាវ វណ្ណ: ប្រភេទពិការ S10 SB9 SM10 កំពុងហ្វឹកហាត់កម្តៅសាច់ដុំ ត្រៀមការប្រកួតក្នុងព្រឹត្តិការណ៍អាស៊ីប៉ារ៉ាហ្គេម លើកទី៥ ទីក្រុងណាកូយ៉ា ប្រទេសជប៉ុន ឆ្នាំ២០២៦ ដឹកនាំដោយគ្រូបង្វឹកជម្រើសជាតិលោក អ៊ូ គង់។

គូសបញ្ជាក់ប្រាប់ទីភ្នាក់ងារសារព័ត៌មានកម្ពុជា AKP ពីប្រទេសជប៉ុន នៅព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦នេះ លោក អ៊ូ គង់ បានឱ្យដឹងថា ក្រោយទទួលបានការវាយតម្លៃប្រភេទពិការរបស់កីឡាករ យ៉ាវ វណ្ណៈ លោកបានដឹកនាំកីឡាករហែលទឹកហ្វឹកហាត់ នៅអាងហែលទឹក Gymnasium Rainbow Pool Archery Arena ប្រទេសជប៉ុន ចាប់ពីថ្ងៃទី១៣-១៨ ខែតុលា ឆ្នាំ២០២៦ ហើយបន្ទាប់ពីនោះនឹងត្រូវចូលរួមប្រកួតលើ៣វិញ្ញាសា រួមមានវិញ្ញាសា Men 50m Freestye កម្រិតពិការភាព S10, វិញ្ញាសា Men 100m Freestyle S10 និងវិញ្ញាសា Men 100m Breasstroke កម្រិតពិការភាព SB9។ កីឡាករ យ៉ាវ វណ្ណៈ នឹងចាប់ផ្តើមប្រកួតចាប់ពីថ្ងៃទី១៩-២២ ខែតុលា។

គួរបញ្ជាក់ថា ប្រតិភូ មន្ត្រី គ្រូបង្វឹក កីឡាករ កីឡាការិនីពិការកម្ពុជាមាន៣១នាក់ ក្នុងនោះកីឡាករ កីឡាការិនី ១៧ នាក់លើ៥ប្រភេទកីឡា ដូចជាបាល់បោះរទេះ វាយកូនឃ្លីលើតុ អត្តពលកម្ម ហែលទឹក និងកីឡាបូស្យា។ អ្វីដែលពិសេសគឺប្រភេទកីឡាបាល់បោះជិះរទេះកម្ពុជា ដែលចូលរួមប្រកួតកីឡាអាស៊ីប៉ារ៉ហ្គេម នៅប្រទេសជប៉ុន ឆ្នាំ២០២៦នេះ គឺជាបេក្ខភាពក្រុមដែលបានប្រកួតជាប់វគ្គជម្រុះ ខណៈ៤ប្រភេទកីឡាទៀតទទួលបានសិទ្ធិអនុគ្រោះ៕

ដោយ ហេង ណាលីន





